ភូមិថើយថាញ់ ឃុំថើយដុង ស្រុកកើ-ដ ក្រុងកឹងធើ ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ ប៉ុន្តែបច្ចុប្បន្ន ទូទាំងភូមិមានគ្រួសារក្រីក្រតែ៤គ្រួសារប៉ុណ្ណោះ។ គ្រួសារជាច្រើនបានចាកផុតពីភាពក្រីក្រ អាស្រ័យគោលនយោបាយឧបត្ថម្ភដោយឡែករបស់រដ្ឋ បានពង្រីកប្រសិទ្ធភាព។
គេហដ្ឋានថ្មីរបស់គ្រួសារបងស្រីថាច់ធីថៀង។
កាលនោះដងផ្លូវចូលកាន់ភូមិថើយថាញ់ បែកភក់ជ្រាំ ឥឡូវបានជំនួសដោយផ្លូវបេតុងរាបរលូន។ នៅសងខាងផ្លូវ មានផ្ទះឥដ្ឋថ្មីជាច្រើនរបស់មាមីងខ្មែរទើបសង់រួចស្រេច។ បងយ័ញធឿងតិន ប្រធានភូមិថើយថាញ់ ឲ្យដឹង៖ “សព្វថ្ងៃ គ្រួសារដែលមានដីផលិតកម្មសុទ្ធតែរកស៊ីមានបានលំនឹង អាស្រ័យមានប្រព័ន្ធផ្លូវគមនាគមន៍របស់ឃុំបានកសាងសម្រេចបទដ្ឋានជនបទថ្មី។ រថយន្តដឹកទំនិញចូលទិញកសិផលដល់ជម្រាក់ស្រែតែម្ដង។ ច្រើនឆ្នាំកន្លង តម្លៃទៀបបារាំងនិងស្វាយក៏បានលំនឹងបង្គួរនាំមកប្រាក់ចំណូលលំនឹងជូនមាមីង។ ចំណែកគ្រួសារក្រីក្រដែលគ្មានដីផលិតកម្មគឺបានបង្កលក្ខណៈចូលរៀនរបរ។ អាស្រ័យទៅតាមតម្រូវការរបស់មាមីងដែលចង់រៀនរបរកសិកម្មឬជាងសំណង់”។ គ្រួសារពូថាច់សាញ់ គ្មានដីផលិតកម្ម ម្ល៉ោះហើយគ្រួសារពូចូលរៀនថ្នាក់ដាំដុះមូលដ្ឋាន រួចបានឧទ្ទេសនាមចូលធ្វើការនៅសហករណ៍សេវាកសិកម្មដុងស្វឹង។ ពូនិងកូនពីរនាក់ ទទួលបន្ទុកថែទាំ ដាក់ជី បាញ់ថ្នាំ និងជួយប្រមូលផលទៀបបារាំង។ មកទល់ពេលនេះ ជីវភាពគ្រួសារពូបានលំនឹងជាបណ្ដើរៗ។ ទន្ទឹមនឹងនោះ ឃុំថើយដុង ថែមទាំងសហការរៀបចំបើកថ្នាក់បណ្តុះបណ្តាលរបរជាងសំណង់ និងបើកបររថយន្តដឹកទំនិញប្រភេទតូចដល់យុវជនជាជនរួមជាតិខ្មែរ។ ជំហានដំបូង សិក្ខាកាមទាំងនេះ សុទ្ធតែមានការងារធ្វើ ក្រោយពីបានបណ្តុះបណ្ដាល។ បងស្រីថាច់ធីថៀង ទើបសង់បានផ្ទះថ្មី ឲ្យដឹងដោយក្ដីរីករាយ៖ “គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភប្រាក់៤០លានដុងសម្រាប់សង់ផ្ទះ។ កូនៗរបស់ខ្ញុំជាកម្មករនៅខេត្តប៊ិញយឿង ក៏បានខ្ចីប្រាក់ខែមុនពីរបីខែមករួមបន្ថែម ដើម្បីសង់ផ្ទះបានសមរម្យ។ ខ្ញុំទើបតែលក់ទា ដើម្បីទិញគ្រឿងសង្ហារិមដាក់ក្នុងផ្ទះ។ ឆ្នាំកន្លងហើយ មាមីងខ្មែរនៅថើយថាញ់សង់ផ្ទះថ្មីដូចខ្ញុំច្រើនណាស់ ផ្ទះណាក៏សង់បានសមរម្យ”។
លោកឡេភឿកឌឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយដុង បញ្ជាក់ឲ្យដឹង៖ “ទន្ទឹមនឹងគោលការណ៍ គោលនយោបាយឧបត្ថម្ភដោយឡែកសម្រាប់ជនរួមជាតិខ្មែរ ឃុំថែមទាំងផ្សាព្វផ្សាយនូវទម្រង់រូបភាព ផលិតកម្មជាច្រើនទៀតដល់មុខសញ្ញានីមួយៗទៀងផង។ ដូចជាទម្រង់រូបភាពចិញ្ចឹមទាសាច់ ចិញ្ចឹមត្រីផ្ទក់ក្នុងវាំងសំណាញ់ ជូនគ្រួសារមួយចំនួនរស់នៅជាប់មាត់ព្រែក ក្រុមសហការផ្គត់ផ្គង់សេវាកសិកម្មជូនគ្រួសារគ្មានដីផលិតកម្មចូលរួម។ មាមីងខ្មែរនៅភូមិថើយថាញ់ តែងឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក ម្ល៉ោះហើយពលករស្ថិតក្នុងវ័យពលកម្មជាង៩០% សុទ្ធតែមានការងារធ្វើ។ ឆ្នាំ២០១៨ ឃុំនឹងសកម្មឧបត្ថម្ភគ្រួសារក្រីក្រទាំង៤នេះ ពង្រីកសេដ្ឋកិច្ចជួយមាមីងចាក់ផុតពីភាពក្រីក្រដោយចីរភាព”៕
ថាច់ថាញ់ភូ-វិមាន