បុណ្យអកអំបុកឬថ្វាយព្រះច័ន្ទ ជាបុណ្យប្រពៃណីធំមួយក្នុងបណ្តាបុណ្យទាំងបីប្រចាំឆ្នាំរបស់ជនរួមជាតិខ្មែរ ក្នុងនោះមានបុណ្យសែនដូនតា និងបុណ្យចូលឆ្នាំថ្មីជាដេីម។ បុណ្យនេះ បានប្រារព្ធឡើងនៅវេលាយប់ថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ។
បុណ្យនេះប្រារព្ធឡេីងក្នងអត្ថន័យពីរយ៉ាង៖
ទី១៖ តាមទស្សនៈរបស់បុរាណាចារ្យខ្មែរ ព្រះច័ន្ទជាម្ចាស់ឬជាតំណាងធាតុទឹកនិងធាតុដី គ្រប់គ្រងរដូវផលក្នុងឆ្នាំ ម៉្លោះហើយបណ្តាដំណាំទាំងឡាយមានដូច ស្រូវ ចេក អំពៅ ដំឡូង ដូង ត្រាវ រុន ម្នាស់ ក្រូច ។ល។ សុទ្ធតែជាផលដំណាំ ដែលប្រជាកសិករខ្មែរបានដាំដុះលើទឹកនិងដីេនះ ហេតុនេះហើយនៅពេលចុងរដូវកាលផលិតគេត្រូវតែយកកសិផលនៃដំណាំទាំងនោះទៅសែនថ្វាយដល់ព្រះច័ន្ទ ដើម្បីជាកិច្ចតបស្នងសងគុណ។
ទី២៖ តាមទ្រឹស្តីពុទ្ធសាសនាបានពោលថា ពិធីថ្វាយព្រះច័ន្ទឬអកអំបុក មានកំណើតផ្តើមពីរឿងរ៉ាវមួយនៃព្រះពោធិសត្វយោងយកកំណើតជាសត្វទន្សាយ ឈ្មោះសោមបណ្ឌិត កំពុងបំពេញទានបរមត្ថបរមី ចង់បរិច្ចាគជីវិត។ ខណៈនោះ ព្រះឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាឥន្ទព្រាហ្មណ៍ចាស់ម្នាក់ ខ្លួនស្គាំងស្គម អត់អាហារដើរចូលមកជិតទន្សាយ រួចត្អូញត្អែរប្រាប់ទន្សាយថាខ្លួនឃ្លានណាស់ ចង់បរិភោគសាច់ទន្សាយទន្សាយក៏ជ្រះថ្លាប្រាប់ទៅឥន្ទព្រាហ្មណ៍ថា ចូលទៅរកឧសយកមកបង្កាត់ភ្លើងចុះ។ ទន្សាយសោមបណ្ឌិតបានរលាស់ខ្លួន៣ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅដើម្បីចម្អិនសាច់ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ព្រះឥន្ទក៏ជ្រះថ្លាក្នុងការដែលទន្សាយស៊ូប្តូរជីវិតក្នុងទានបរមត្ថបារមីនោះ ភ្លើងដែលព្រះឥន្ទនិម្មិតនោះក៏រលត់ ព្រះឥន្ទក៏គោរពនមស្សការ ហើយបានឈោងទៅយកថ្មមនោសិលា ចារជារូបទន្សាយនៅលេីផៃ្ទព្រះច័ន្ទ ហើយប្រតិស្ថានឲ្យតាំងនៅជាដរាបដល់អស់ភទ្ទកប្បនេះ ។
រីឯសម្ភារសម្រាប់រៀបចំតុបតែង និងគ្រឿងសក្ការៈមានដូច ៖ យកឈើ ឬ ប្ញស្សី៣ដើមពីរដើមដោតសងខាងតុឬគ្រែធ្វើជាសរសរបង្គោលមួយដើមចងទទឹងភ្ជាប់ទៅនឹងសរសរបង្គោលទាំងពីរនោះ; យកធាងចេកពីរធាងចៀរស្លឹកចេញទុកតែចុងធាង ចិតគល់ធាងបត់ ធ្វើក្បាលសេះ រួចយកទៅចងព្យួរនៅនឹងឈើទទឹងនោះម្ខាងមួយ; យកម្លូរ២៤ស្លឹក រមូរចង ជាពីរខ្សែ ក្នុងមួយខ្សែៗមាន១២រមូរួចយកទៅចងបន្តោកចុះនៅនឹងឈើទទឹងនោះ ម្ខាងមួយខ្សែ ; ផ្លែស្លា៧ផ្លែ ចិតសំបកម្ខាងបន្តិចធ្វើជាស្លាបកន្លង់រួចចងជាខ្សែ ចងបន្តោកនៅនឹងឈើទទឹងនោះ និងទៀន៣ដើម ទៅបិតនៅលើឈើទទឹងនោះត្រង់ចំកណ្តាល។ គេយកតុ ឬ គ្រែមករៀបតម្កល់គ្រឿងដង្វាយមានដូច៖ អំបុក ចេក ដូង ដំឡូង ត្រាវ រុន អំពៅ និងផ្លែឈើផ្សេងៗ ជាផល្លានុផលដែលគេបានដាំដុះលើផែនដី និងទៀន ធូប ភ្ញីផ្កា។ លុះព្រះច័ន្ទរះពេញវង់បញ្ចេញកាំរស្មីភ្លឺស្រឡះហើយព្រឹទ្ធាចារ្យក្នុងគ្រួសារក៏កោះហៅកូនចៅទាំងអស់គ្នា ក្នុងគ្រួសារចូលមកអុជទៀន ធូប ជាប្រទីបជ្វាលាថ្វាយព្រះច័ន្ទមានបួងសួងសូមឲ្យបានសេចក្តីសុខចម្រើនគ្រប់ប្រការ ដំណាំដាំដុះ ស្រែចម្ការក្នុងឆ្នាំថ្មីឲ្យបានកើតកាលវាលគុម្ព។ លុះរួចពីពិធីថ្វាយព្រះច័ន្ទ ចប់សព្វគ្រប់ហើយ ព្រឹទ្ធាចារ្យក៏ក្រោកឡើងឈរចាប់យកអំបុក ចេក ដូង ដំឡូងត្រាវ ។ល។ មួយមុខបន្តិចៗដាក់ក្នុងទូកដៃ រួចហៅក្មេងមកបង្អកចូលក្នុងមាត់វា ព្រមទាំងយកដៃម្ខាងគក់ខ្នងបន្តិចៗ ហើយសួរថាចៅចង់បានអ្វី? កាលណាក្មេងឆ្លើយរួច ព្រឹទ្ធាចារ្យត្រូវពន្យល់ឬប្រាប់ថាៈបើចៅចង់បានដូច្នោះ ចូរចៅខិតខំប្រឹងប្រែងចៅ នឹងបានសម្រេចដូចបំណងប្រាថ្នាពុំខានឡើយ។
ផ្តើមពីអត្ថន័យដូចបានពោលខាងលើ ជារៀងរាល់ឆ្នាំ ជនរួមជាតិខ្មែរតែងរៀបចំពិធីថ្វាយព្រះច័ន្ទបណ្តែតប្រទីប បង្ហោះគោម ពិធីប្រណាំងទូក-ង ក្នុងគោលបំណងសម្តែងនូវកាយវាចា ចិត្តចំពោះព្រះច័ន្ទដែលជាម្ចាស់ទឹក ម្ចាស់ដី ដែលយើងទាំងអស់គ្នាបានដាំដុះ ភ្ជួររាស់ កាប់គាស់ ជីកកកាយនៅលើទឹកដីនេះ និងសូមព្រះច័ន្ទជាម្ចាស់ទឹកម្ចាស់ដី លោះលាត្រាប្រណី អភ័យនូវទោសានុទោសដើម្បីសេចក្តីសុខចម្រើនដល់យើងទាំងអស់គ្នា៕
អត្ថបទនិងរូបថតៈ វិភា
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។