ពីមុនការប្រណាំងទូក-ង ក្នុងឱកាសបុណ្យអកអំបុកគឺជាវិញ្ញាសាកីឡាសម្រាប់តែបុរសប៉ុណ្ណោះ ប៉ុន្តែច្រើនឆ្នាំមកនេះ វិញ្ញាសាកីឡាមួយនេះ ត្រូវបានបងប្អូននារីនៅខេត្តសុកត្រាំងចូលរួមប្រកួតប្រណាំងដូចជាបុរសដែរ។
ទូក-ងនារីប្រកួតប្រណាំងយ៉ាងស្វាហាប់។
លោកថាច់គីមសេន អតីតប្រធានគណៈជនជាតិ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ឲ្យដឹង៖ “ការប្រណាំងទូក-ងនារី ត្រូវបានរៀបចំឡើងនៅឆ្នាំ២០០៣។ កាលនោះ គណៈរៀបចំពានរង្វាន់ រួមជាមួយនឹងព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តនានាដែលមានទូក-ង នៅក្នុងខេត្ត បានឯកច្ឆ័ន្ទ រៀបចំរង្វាន់ប្រណាំងទូក-ងនារីលើកដំបូង។ ឆ្នាំនោះ មានភូមិភាគចំនួន២ចូលរួម គឺទីរួមខេត្តសុកត្រាំង (ក្រុងសុកត្រាំង) និងស្រុកឡុងភូដោយមានទូកចូលរួមប្រកួតប្រណាំងចំនួន៤ទូក។ ចាប់តាំងពីនោះមកការប្រណាំងទូក-ងនារីត្រូវបានចាត់តាំងឡេីងប្រកួតនៅក្នុងឱកាសបុណ្យអកអំបុកជារៀងរាល់ឆ្នាំ”។
អ្នកមីងថាច់ធីក្វៀងជាអ្នកផ្លុំកញ្ចែទូក-ងនារីវត្តទឹកប្រៃ ទីប្រជុំជនឡុងភូ (ស្រុកឡុងភូ) បានចូលរួមប្រកួតប្រណាំង តាំងពីវត្តបង្កើតទូក-ងនារី កាលឆ្នាំ២០០៣មកម៉្លេះ; អ្នកមីងឲ្យដឹង៖“បុរសអាចចូលរួមប្រកួតប្រណាំងបាន ចំណែកនារីយើងខ្ញុំ ក៏អាចចូលរួមប្រកួតបានដូចជាបុរសដែរ។ ត្រូវតែមានបុរស នារី ទើបបង្កឲ្យបរិយាកាស ពិធីបុណ្យរឹតតែមានភាពសប្បាយរីករាយ អូ៊អរកុះករនិងពុះពោរផងទៀត”។ ចំណែកបងស្រីត្រឹងធីម៉ី ប្រធានក្រុមទូក-ងវត្តទំនប់ ឃុំអាងនិញ (ស្រុកចូវថាញ់) ឲ្យដឹង៖ “ដំបូងខ្ញុំក៏បារម្ភដែរ ពីព្រោះបងប្អូននារីធ្លាប់តែប្រណាំងទូកនាគ រីឯទូក-ងវែងជាងទូកនាគពីរបីដង ហេតុនោះ ទាមទារផ្លុំកញ្ចែត្រូវមានចង្វាក់ទៅតាមដំណាក់កាលនីមួយៗ ដើម្បីជាសញ្ញាដល់សមាជិកក្នុងក្រុមអុំព្រមៗគ្នា។ បច្ចុប្បន្ន យើងខ្ញុំកំពុងហាត់សមយ៉ាងស្វិតស្វាញ ដើម្បីចូលរួមពិធីបុណ្យក្នុងពេលខាងមុខ យើងខ្ញុំប្ដេជ្ញាដណ្ដើមយកស្នាដៃខ្ពស់ក្នុងការប្រកួត”។
ដល់រដូវប្រកួតដណ្ដើមពានរង្វាន់ម្ដងៗ បងប្អូននារីអ្នកណាក៏មានចិត្តរំភើប ទន្ទឹងរង់ចាំគ្រប់ពេលវេលាមិនចាញ់បុរសឡើយ។ មានគ្រួសារខ្លះ មានបងប្អូនស្រីៗចូលរួមពីរបីនាក់បញ្ចេញកម្លាំងរួមគ្នាហាត់សម បបួលគ្នាទៅប្រកួតប្រណាំង ដើម្បីកិត្តិយសភូមិភាគ វត្តអារាម។ ព្រោះហេតុនោះ ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងខេត្តសុកត្រាំង លើកទីIII - តំបន់វាលរាបទន្លេគឺវឡុង ឆ្នាំ២០១៧ ដោយមានការចូលរួមរបស់ទូក-ងនារី ពិតជានឹងរួមចំណែកទាក់ទាញអារម្មណ៍និងមានភាពរស់រវើកជាងទៀត៕
ត្រឿងផល-វិមាន