15/03/2016 - 09:19

អូរឡឹម ឈានចូលរដូវទឹកត្នោត

ឆ្នាំ​នេះ​ឆាប់​អស់​ភ្លៀង ហេតុ​នោះ​មា​មីង​នៅ​ឃុំ​អូរ​ឡឹម ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​ បាន​ប្រ​មូល​ផល​ដំ​ណាំ​មុន​តេត​ង្វៀន​ដាង​ដើម្បី​បម្រុង​ប្រ​មូល​ផល​ត្នោត​វិញ​។ នេះ​ជា​សកម្ម​ភាព​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​បន្ថែម ក្រោយ​ពេល​ទំ​នេរ​ពី​ស្រែ​ចម្ការ​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​សេដ្ឋ​កិច្ច​ជូន​មា​មីង​នៅ​ភូមិ​ភាគ​។

ឡ​រម្ងាស់​ទឹក​ត្នោត​សិប្ប​កម្ម​របស់​គ្រួ​សារ​បង​ស្រី​នាង​ញូ។ 

ឃុំ​អូរ​ឡឹម និង​ឃុំ​នា​នា​នៅ​ជុំ​វិញ​ភ្នំ​តូ កំ​ពុង​ស្ថិត​ក្នុង​រដូវ​ប្រ​មូល​ផល​ត្នោត​។ ភាគ​ច្រើន​គ្រួ​សារ​ណា​ក៏​ដាំ​ដើម​ត្នោត​មួយ​ចំនួន​នៅ​តាម​ភ្លឺ​ស្រែ​ដែរ ហើយ​រដូវ​ប្រាំង​ គឺ​ជា​ដំ​ណាក់​កាល​ដើម​ត្នោត​ផ្តល់​ផ្លែ​និង​ទឹក​ច្រើន​បំ​ផុត​។ ប​រិ​មាណ​ស្ករ​ក្នុង​ទឹក​ត្នោត​រដូវ​ប្រាំង​ ច្រើន​ណាស់​បើ​យក​ចុះ​ផឹក​ភ្លាម រស​ជាតិ​ឆ្ងាញ់​ជាង​រដូវ​ភ្លៀង​។ បង​ចៅ​ណាង នៅ​ភូ​មិភឿក​ឡុក ឃុំ​អូរ​ឡឹម ឲ្យ​ដឹង៖ "ខ្ញុំ​មាន​វ័យ​ចំ​ណាស់​ហើយ រដូវ​ប្រាំង​មិន​អាច​ទៅ​ពល​កម្ម​ឆ្ងាយ​ដូច​យុវ​វ័យ​បាន​។ ដោយ​គ្រួ​សារ​ខ្ញុំ​មាន​ដើម​ត្នោត​មួយ​ចំនួន​ និង​ជួល​អ្នក​ផង​បន្ថែម​មួយ​ចំនួន​ដើម​ទៀត ប្តី​ប្រ​ពន្ធ​ខ្ញុំ​យក​ទឹក​ត្នោត​ដើម្បី រម្ងស់​ស្ករ"​។ ជា​រៀង​រាល់​ថ្ងៃ បង​ណាង​ប្រ​មូល​ផល​ទឹក​ត្នោត​ចំនួ​ន​២០​ដើម រួច​យក​មក​រម្ងស់​ស្ករ​បាន​ពី​១៥​ដល់​២០​គី​ឡូ​ក្រាម​។ បច្ចុប្បន្ន ស្ករ​​លក់​​ឲ្យ​ឈ្មួញ​តម្លៃ​ប្រ​មាណ​១៥​ពាន់​ដុង​/គី​ឡូ​ក្រាម​ ក្នុង​មួយ​ថ្ងៃ​បង​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ពី​៤០០-​៥០០​ពាន់​ដុង​។ ដោយ​សារ​គ្រួ​សារ​ មាន​ឈើ​ស្ងួត​ជា​ច្រើន​ ហេតុ​នោះ​បង​ណាង​មិន​បង់​ប្រាក់​ទិញ​ឧស​រម្ងាស់​​ស្ករ​ឡើយ​ចំ​ណែក​ឆ្នាំង​រម្ងាស់​ស្ករ​បាន​ទិញ​តាំង​ពីរ​ដូវ​មុន​ៗ​មក​ម៉្លេះ ហេតុ​នោះ​ទឹក​ប្រាក់​ដែល​បាន​ដូច​ពោល​ខាង​លើ ​គឺ​ជា​ប្រាក់​ចំ​ណេញ​របស់​គ្រួ​សារ​បង​។ ថ្វី​ត្បិត​ដូច្នេះ​ក្តី ​ របរ​យក​ទឹក​ត្នោត​នឿយ​ហត់​និង​ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ បង​ណាង​លា​បាទ​ដៃ​ឃើញ​សុទ្ធ​តែ​ស្នាម​របួស​​មុត​បន្លា​ធាង​ត្នោត​។ ជា​រៀង​រាល់​ថ្ងៃ បង​ឡើង​យក​ទឹក​ត្នោត និង​បេះ​ផ្លែ​​ដោយ​ដើម​ឫស្សី​មួយ​ដើម​និង​ខ្សែ​ព្រ័ត្រ​មួយ​ខ្សែ​ប៉ុណ្ណោះ គ្មាន​ឧ​ប​ករណ៍​ការ​ពារ​អ្វី​ទាំង​អស់​។ 

ពេល​ចូល​ទៅ​សួរ​គ្រួ​សារ​បង​ស្រី​នាង​ញូ​នៅ​ភូមិ​ភឿក​ឡុក បង​ស្រី​ឲ្យ​ដឹង​ដោយ​​ក្តី​រីក​រាយ​៖"​ឆ្នាំ​នេះ​ទឹក​ត្នោត​មាន​បរិ​មាណ​ស្ករ​ច្រើន តម្លៃ​ក៏​លំ​នឹង​ បាន​ជា​ប្រាក់​ចំ​ណូល​គ្រួ​សារ​ខ្ញុំ​បាន​កែល​ម្អ​មួយ​ចំ​ណែក​។ ប្តី​ខ្ញុំ​ទ​ទួល​បន្ទុក​យក​ទឹក​ត្នោត ខ្ញុំ​ដើរ​រក​ឧស ចំ​ណែក​ម្តាយ​ខ្ញុំ​នៅ​ផ្ទះ​រម្ងាស់​ស្ករ​។ ឆ្នាំ​ដល់​នេះ​កូន​ពៅ​ខ្ញុំ​រៀន​ថ្នាក់​ទី១ ហេតុ​នោះ ទឹក​ប្រាក់​ដែល​រក​បាន​ពី​រដូវ​រម្ងាស់​ស្ករ​នេះ ​សម្រាប់​ទិញ​សម្លៀក​បំពាក់​និង​សិក្ខូ​បករណ៍"​។  គ្រួ​សារ​គ្មាន​ដើម​ត្នោត ប៉ុ​ន្តែ​បង​ស្រី​នាង​ញ៉ាង​ នៅ​ភូមិ​ជា​មួ​យ​នឹង​បង​ស្រី​នាង​ញូ អាច​រក​ប្រាក់​ចំ​ណូល​បន្ថែម​ពី​ការ​លក់​ទឹក​ត្នោត​។ ទឹក​ត្នោត​ត្រ​ជាក់​មួយ​កែវ​លក់​តម្លៃ​៣.០០០ដុង តែង​បាន​ភ្ញៀវ​ទេស​ចរ​និង​ប្រ​ជា​ជន​ភូមិ​ភាគ​ចូល​ចិត្ត​។ បង​ស្រី​ញ៉ាង លក់​តែ​ពេល​រ​សៀល​ គឺ​អាច​រក​ប្រាក់​គ្រប់​ទិញ​​ម្ហូប​អា​ហារ​សម្រាប់​សមា​ជិក​គ្រួ​សារ​។

ដើម​ត្នោត គឺ​ជាភោ​​គ​ផល​ធម្ម​ជាតិ​អំ​ណោយ​ផល​ដល់​មា​មីង​នៅ​អូរ​ឡឹម ប្រ​ភេទ​ដំ​ណាំ​នេះ តែង​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ដល់​គ្រួ​សារ​ជា​ច្រើន​ជា​រៀង​រាល់​ថ្ងៃ។​ បច្ចុប្បន្ន មាន​គ្រួ​សារ​ជា​ច្រើន​នៅ​អូរ​ឡឹម​មាន​ស្មារ​តី​អភិ​រក្ស និង​ដាំ​ដើម​ត្នោត​ថ្មី​។ ពី​ព្រោះ​ដើម​ត្នោត​ជា​ប្រ​ភេទ​ដំ​ណាំ​យូរ​ឆ្នាំ​ប្រ មាណ​ជា​៣០​ឆ្នាំ ទើប​អាច​ប្រ​មូល​ផល ហេតុ​នោះ​មា​មីង​តែង​និ​យាយ​ថា ដាំ​ទុ​​ក​ឲ្យ​កូន​ចៅ៕​

ថាច់​ថាញ់​ភូ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ចៅ​ណាង