វត្តខ្មែរភាគច្រើននៅតំបន់បៃណូយ (ខេត្តអាងយ៉ាង) សុទ្ធតែមានស្រះតម្កល់ទឹកពី១ដល់២កន្លែង សម្រាប់ព្រះសង្ឃស្រង់ទឹក ប្រើប្រាស់រាល់ថ្ងៃ មិនតែប៉ុណ្ណោះ ខណៈពេលភូមិស្រុកប្រារព្ធបុណ្យទានផ្សេងៗ ពុទ្ធបរិស័ទជិតឆ្ងាយក៏អាចចូលរួមប្រើប្រាស់ផងដែរ។ ឆ្លងតាមរយៈនោះ បង្កបាននូវទិដ្ឋភាពត្រជាក់ត្រជំផង និងរួមចំណែកដោះស្រាយស្ថានភាពខ្វះទឹកនៅខែប្រាំង។
ស្រះទឹកវត្តប្រឡាយមាស(ឃុំណូយវ៉យ)។
យោងសម្ដីរបស់គណៈកម្មការវត្ត និងពុទ្ធបរិស័ទវ័យចំណាស់មួយចំនួន ស្រះទឹករបស់វត្តតែងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពសហគមន៍ ត្បិតអីការប្រារព្ធពិធីបុណ្យផ្សេងៗ ពុទ្ធបរិស័ទភាគច្រើនមកជួបជុំនៅវត្ត។ យោងថេរដីការបស់ព្រះតេជព្រះគុណ ចៅសើុងហ៊ី ព្រះចៅអធិការវត្តសាឡូង ឃុំលឿងភី ស្រុកទ្រីតូង ៖ ខណៈពេលជីវភាពមានការលើកកម្ពស់ តម្រូវការប្រើប្រាស់ក៏មានភាពជឿនលឿន ស្រះទឹករបស់វត្តបានប្រែក្លាយទៅជារមណីយដ្ឋាន ហើយមានស្រះខ្លះទៀតរីងរាក់ដោយសារមិនសូវប្រើប្រាស់។ មានវត្តភាគច្រើនបានបន្តការជីកស្ដារឡើងវិញ ពង្រីកនូវតម្លៃប្រើប្រាស់ក្នុងពេលចាំបាច់ ដើម្បីកាត់បន្ថយសម្ពាធពីស្ថានីយផ្គត់ផ្គង់ទឹក។
ច្រើនឆ្នាំមកនេះ ស្រះតម្កល់ទឹកនៅវត្តនានា មានដូចវត្តក្រាំងក្រូច (ឃុំចូវឡាំង) វត្តសាឡូង (ឃុំលឿងភី) វត្តពង្រនិងវត្តទំពក់ (ឃុំអាងកឺ) វត្តប្រឡាយមាស (ឃុំណូយវ៉យ)។ល។ តែងបានសហគមន៍យកចិត្តទុកដាក់។ ជាពិសេស ស្រះទឹកវត្តក្រាំងក្រូច អាចផ្គត់ផ្គង់ទឹកជូនទាំងគ្រួសារមាមីងជនជាតិកិញ និងគ្រួសារជនជាតិខ្មែរនៅមណ្ឌលរ៉ឡែង មុាំង រ៉ទៀតផង។ព្រះតេជព្រះគុណចៅវ៉ាន់ ព្រះចៅអធិការវត្តក្រាំងក្រូច មានព្រះថេរដីកា៖ "អាស្រ័យផ្ទៃស្រះធំ តម្កល់ទឹកបានច្រើន ម្ល៉ោះហើយពុទ្ធ បរិស័ទអាចដឹកជញ្ជូនទៅប្រើប្រាស់តាមចិត្ត។ ថ្វីបើមានទឹកម៉ាស៊ីនក៏ពិតមែន ប៉ុន្តែវត្តបន្តការថែរក្សានិងដាំឈូកចម្រោះទឹក។ រដូវប្រាំងក្ដៅហួតហែង ទឹកម៉ាស៊ីនរងការដាច់រយៈពុទ្ធបរិស័ទក៏មានទឹកប្រើប្រាស់"។
ព្រមជាមួយនឹងការឧបត្ថម្ភរបស់មជ្ឈិមសមាគមកសិករ ស្រះទឹកវត្តពង្រ (ភូមិវិញថឿង ឃុំអាងកឺ ស្រុកទិញបៀង) ត្រូវបានជីកស្ដារ ហើយបានបង្កឲ្យមានបរិមាណទឹកក្រោមដីអាចផ្គត់ផ្គង់ជាង១.៥០០ម៣ ។ យោងព្រះថេរដីការបស់ព្រះតេជព្រះគុណ ចៅខន ព្រះចៅអធិការវត្តពង្រ៖ ការវិនិយោគទុន កែលម្អស្រះស្ដុកទឹកកាន់តែច្រើន គ្រប់ប្រើប្រាស់ខួបប្រាំងវស្សា ជនរួមជាតិខ្មែររីករាយគ្មានអ្វីប្រៀបផ្ទឹម។ ព្រោះហេតុដូច្នោះ ទន្ទឹមនឹងស្ថានីយផ្គត់ផ្គង់ទឹកស្អាតដែលរដ្ឋវិនិយោគទុនកសាងតាមកម្មវិធី១៣៤ មានប្រជាជនជាង១.៧០០នាក់នៅចំណុះជើងវត្តពង្របានប្រើប្រាស់ទឹកស្អាត កាត់បន្ថយចំនួនមនុស្សទៅរែកឬដឹកជញ្ជូនដោយឡានដូចពីមុនទៀត។
ដើមឆ្នាំ២០១៣ ឆ្លងតាមរយៈគំនិតវាងវៃរបស់ព្រះឧបជ្ឈាយ៍ ចៅកាក់ ព្រះចៅអធិការវត្តប្រឡាយមាស(ឃុំណូយវ៉យ ស្រុកទិញបៀង)ដំណើរការជីកស្ដារពង្រីកផ្ទៃស្រះជាង៥.២០០ម២ និងជម្រៅជាង៣ម៉ែត្រ។ សំណង់តម្លៃជាង២ពាន់លានដុង ធ្វើសម្រេចក្នុងរដូវប្រាំង ហើយឈាន ដល់រដូវវស្សាឆ្នាំនោះដែរក៏ធ្វើការស្ដុកទឹកសាកល្បង។ ព្រះឧបជ្ឈាយ៍ ចៅកាក់ យល់ឃើញ៖ "ភូមិមីអា មានទឹកម៉ាស៊ីនរួចហើយ ឥឡូវថែម ទាំងមានស្រះរបស់វត្ត ពុទ្ធបរិស័ទជាង១.០០០នាក់រស់នៅក្នុងតំបន់ គ្មាននៅបារម្ភអំពីកង្វះទឹកប្រើប្រាស់ទៀត"៕
ផាងត្រុងអឹង- សេរី