ផ្នែកសុខាភិបាលខេត្តបាកលីវកំពុងផ្សព្វផ្សាយវិធានការនានា សំដៅ បង្កើនការងារបង្ការជំងឺឲ្យកុមារក្នុងលក្ខណៈធាតុអាកាសប្រសព្វរដូវ ពិ សេសគឺជំងឺរលាកសួត រាករូស ពងដៃជើងមាត់ គ្រុនឈាម។ល។
កុមារកើតរោគពងដៃជើងមាត់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាលខេត្តបាកលីវ ។
ព្រមជាមួយនោះ មជ្ឈមណ្ឌលនៃសុខាភិបាលបង្ការខេត្តបានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ ស្ថាប័នអង្គការមហាជនជំរុញខ្លាំងក្លានូវការងារផ្សព្វផ្សាយ ផ្ដល់អនុសាសន៍ដល់ប្រជាជន អាណាព្យាបាល គប្បីយកចិត្តទុកដាក់ថែទាំសុខភាពកុមារ បង្កើនការត្រួតពិនិត្យតាមដានការប្រែប្រួលនៃប្រភពជំងឺ ចំនួនអ្នកកើតជំងឺថ្មីនិងសម្បុកមេរោគ។ បាញ់ថ្នាំកំចាត់មេរោគក្នុងបរិស្ថាន។ បន្តការហ្វឹកហាត់ ណែនាំកម្មាភិបាលសុខាភិបាល ប្រជាជន អំពីវិធីព្យាបាលបង្ការរោគ។ ធានាមានគ្រប់ចំនួនថ្នាំ បរិក្ខារពេទ្យ បន្ទប់សម្រាប់ព្យាបាលជំងឺ។ល។
តាមការកត់ចំណាំរបស់ផ្នែកសុខាភិបាល ចាប់ពីនេះរហូតដល់ចុងឆ្នាំធាតុអាកាសក្នុងភូមិសាស្រ្ត មានភាពប្រែប្រួលខុសប្រក្រតី បង្កជាផលប៉ះពាល់មិនល្អដល់សុខភាពកុមារ។ អាស្រ័យហេតុនោះ អាណាព្យាបាល គប្បីយកចិត្តទុកដាក់សំខាន់ដល់ការអនុវត្តន៍ត្រឹមត្រូវនូវការណែនាំរបស់ផ្នែកជំនាញ។ មិនគប្បីសម្រេចចិត្តទិញថ្នាំព្យាបាលរោគឲ្យកុមារខណៈពេលមានជំងឺ គប្បីយកកុមារទៅពិនិត្យនៅមណ្ឌលសុខាភិបាលដែលនៅជិតបំផុត ដើម្បីមានវិធានការព្យាបាលជំងឺឲ្យកុមារបានសមស្រប ។
ក្នុងប៉ុន្មានថ្ងៃកន្លង ដោយសារឥទ្ធិពលនៃធាតុអាកាសនាពេលប្រសព្វរដូវ បង្កឲ្យមានការប្រែប្រួលយ៉ាងច្រើន ដូចជាភ្លៀង ក្តៅខុសប្រក្រតី បង្កឲ្យសំណើមកើនខ្ពស់ជាលក្ខណៈងាយស្រួលសម្រាប់ប្រភេទវីរុស បង្កជំងឺលើកុមារ។ កុមារមានអាយុតិចកាលណា គឺការប្រែប្រួលនៃជំងឺកាន់តែឆាប់ ដោយសារសមត្ថភាពទប់ទល់ក្នុងរាងកាយកុមារនៅខ្សោយ។
តាមការកត់សម្គាល់របស់ផ្នែកព្យាបាលកុមារនៃមន្ទីរពហុព្យាបាលខេត្តបាកលីវ ប៉ុន្មានថ្ងៃកន្លង កុមារសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺរលាកសួត រាករូស ពងដៃជើងមាត់ គ្រុនឈាម មានចំនួនកើនឡើងខ្ពស់ ជួនកាលមានថ្ងៃខ្លះមានអ្នកជំងឺជាង១០០នាក់ មកពិនិត្យព្យាបាល។
ចំនួនករណីកើតរោគលើកុមារកើនខ្ពស់ បង្កឲ្យមានស្ថានភាពហួសចំណុះនៃផ្នែកខ្លះរបស់មន្ទីរពេទ្យមណ្ឌលសុខាភិបាលមួយចំនួនសំខាន់គឺមន្ទីរពេទ្យថ្នាក់លើ។ គិតដោយឡែកត្រឹមតែរយៈពេល២ខែជិត នេះ នៅមន្ទីរពហុព្យាបាលខេត្តបាកលីវ បានទទួលកុមារកើតជំងឺរលាកសួតរាប់រយករណី សំខាន់គឺកុមារក្រោមអាយុ៥ឆ្នាំ។ ចំណែកខាងជំងឺគ្រុនឈាមមានអ្នកជំងឺជាង៥០០ករណី កើនជាង៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ប៉ុន្តែប្រការគួរបារម្ភ គឺលើភូមិសាស្រ្ត កើតមានសម្បុករោគគ្រុនឈាមទាំងតូចធំជាង៨០ សម្បុកនៅពាសពេញ បង្កជាភាពលំបាកក្នុងការងារបង្ការបង្រ្កាប៕
ហ្វិញសឺ(TTXVN) -ថាច់សេរី