ដោយសារតែស្រឡាញ់ចូលចិត្តតន្ត្រី ពិសេសគឺឧបករណ៍ភ្លេងប្រពៃណីខ្មែរ ហេតុនោះលោកផួរសួង បានស្តារក្រុមភ្លេងប្រពៃណីឡើងវិញ នៅភូមិបាត់តាគី សង្កាត់៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង។តាមប្រសាសន៍របស់លោកផួរសួង ពីមុនភូមិបាត់តាគីធ្លាប់មានក្រុម ភ្លេងប្រពៃណីប្រគំកំដរក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនរួមជាតិខ្មែរ ។ ពេលតន្រ្តីករមានវ័យកាន់តែចាស់ៗទៅ ក្រុមភ្លេងនោះក៏ត្រូវរំសាយ។ លុះដល់ឆ្នាំ២០០៩ លោកផួរសួង បានទៅដល់ឃុំតាយវុាំង ស្រុកត្រឹងដេ និងឃុំថាមដូង ស្រុកមីស្វៀង ដើម្បីស្វែងរកតន្ត្រីករល្បីឈ្មោះមកបង្រៀនដើម្បីបង្កើតក្រុមភ្លេងឡើងវិញ។ ផ្តើមពីនោះ ឲ្យតែដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ សិល្បករទាំងនេះតែងនាំគ្នាមកប្រគំភ្លេង។ លោកផួរសួង ឲ្យដឹង៖ "ទោះបីមួយសប្តាហ៍ហាត់២ពេល ដោយរបៀបប្រគំបណ្តើរ បង្ហាញគ្នាទៅវិញទៅមកបណ្តើរ ហេតុនោះក្រោយពេលហាត់ជិត២ឆ្នាំ ក្រុមភ្លេងប្រគំបានស្ទាត់ជំនាញ ដើម្បីលេងកំដរពិធីអាពាហ៍ពិពាហ៍"។ ដោយឃើញក្រុមភ្លេងប្រគំបានស្ទាត់ជំនាញ ព្រះចៅអធិការវត្តមហាទប់ បានឧបត្ថម្ភឧបករណ៍ភ្លេងប្រពៃណីមួយវង់ និងអញ្ជើញក្រុមភ្លេងចូលវត្តប្រគំកំដរឲ្យភ្ញៀវទេសចរស្តាប់កម្សាន្ត។
លោកផួរសួង
លោកផួរសួង សំណេះសំណាល៖ "តាំងពីតូច ខ្ញុំតែងទៅតាមអ្នកភ្លេង ក្នុងភូមិរៀនកូតទ្រ លុះដល់ធំឡើងពេលទៅរៀនផ្នែកខាងវេជ្ជសាស្រ្ត និងបំពេញការងារនៅវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ខ្ញុំនៅតែជក់ចិត្តនឹងភ្លេងប្រពៃណី។ កាលនោះ ខ្ញុំរៀនប្រគំភ្លេងបានប្រមាណ៦បទ។ ពេលបានព្រះចៅអធិការវត្តមហាទប់ ឧបត្ថម្ភឧបករណ៍ភ្លេងមួយវង់សម្រាប់ភូមិបាត់តាគី ខ្ញុំគិតថា ខ្ញុំគប្បីជួយបង្កើតក្រុមភ្លេងឡើងវិញ ដើម្បីអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីខ្មែរ"។ ផ្តើមពីគំនិតនោះ បានជំ រុញឲ្យលោកខិតខំស្វែងរកតន្រី្តករធ្លាប់ល្បីឈ្មោះកាលពីមុន ដើម្បីនាំគ្នាមកបង្កើតក្រុមភ្លេងប្រពៃណីឡើងវិញ និងបង្រៀនបន្តដល់យុវវ័យ។ បច្ចុប្បន្ន លោកផួរសួង លេងបានស្ទាត់ជំនាញនូវបទភ្លេងសម្រាប់កំដរ ក្នុងពិធីអាពាហ៍ពិពាហ៍។ លោកផួរសួង មិនត្រឹមតែចេះកូតទ្រប៉ុណ្ណោះទេ តែលោកនៅទាំងចេះលេងឧបករណ៍ភ្លេងដទៃទៀត មានដូច៖ ឃឹម ចាប៉ីដងវែងនិងស្គរជាដើម។
បច្ចុប្បន្ន លោកផួរសួង បង្កើតក្រុមភ្លេងបាន២ក្រុម ដោយមានសមាជិក១៦នាក់ ផ្តូរវេនគ្នាប្រគំកំដរនៅក្នុងវត្ត ដើម្បីឆ្លើយតបនឹងតម្រូវការស្តាប់បទភ្លេងប្រពៃណីដ៏អស្ចារ្យរបស់ជនជាតិ។ ក្រុមភ្លេងទាំងពីរក្រុមនេះមិនត្រឹមតែល្បីឈ្មោះនៅក្នុងខេត្តសុកត្រាំងប៉ុណ្ណោះទេ នៅទាំងល្បី ឈ្មោះទៅតំបន់ឆ្ងាយៗទៀតផង៕
លីធាន-វិមាន