បងស្រីរីមធីហឿង ជាកម្មាភិបាលទទួលបន្ទុកការងារចំនួនប្រជាជន របស់ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង តែងសកម្មនឹងការងារ រួមចំណែកធ្វើឲ្យការងារចំនួនប្រជាជន- ផែនការគ្រួសារ លើភូមិសាស្រ្ត សម្រេចបានលទ្ធផលល្អ។
បងស្រីហឿង ផ្សព្វផ្សាយការងារចំនួនប្រជាជនជូនប្រជាជននៅដំណាក់សុខាភិបាលឃុំ។
ឆ្នាំ២០០៩ បងស្រីហឿង ប្រឡងបញ្ចប់ផ្នែកមធ្យមសិក្សាសម្ភព រួចមកបំពេញការងារនៅដំណាក់សុខាភិបាលឃុំអាងហ៊ីប ទទួលនាទីជាកម្មាភិបាលចំនួនប្រជាជន។ ដោយសារបំពេញការងារ ខុសពីមុខវិជ្ជាជីវៈ ហេតុនោះ ដំបូងបងស្រីហឿងហាក់មានភាពអល់អែក ប៉ុន្តែដោយការស៊ូទ្រាំលំបាកស្វែងយល់ សាកសួរពីកម្មាភិបាលរៀមច្បងនិងសិក្សាស្រាវជ្រាវតាមរយៈឯកសារព្រមជាមួយនោះបានចូលរួមថ្នាក់ហ្វឹកហាត់ អាស្រ័យដោយមជ្ឈមណ្ឌលចំនួនប្រជាជន-ផែនការគ្រួសាររៀបចំឡើង ម៉្លោះហើយបងស្រីក្តោបក្តាប់បានការងារជាបណ្តើរៗ។ បងស្រីហឿង ឲ្យដឹង៖ "ឃុំមានជនរួមជាតិខ្មែររស់នៅជិត៧០% កម្រិតវិជ្ជាមិនស្មើគ្នា ការចលនាមាមីងអនុវត្តផែនការគ្រួសារនៅជួបការលំបាកច្រើន។ ព្រោះ ហេតុនោះ នៅពេលទទួលភារកិច្ច ខ្ញុំចាំបាច់ត្រូវទាក់ទងជាមួយនឹងមាមីងដោយផ្ទាល់ជារឿយៗ ដើម្បីបញ្ចុះបញ្ចូល។ ទន្ទឹមនឹងនោះ កសាងកងជួរសហការីនៅភូមិភាគ ដើម្បីងាយស្រួលក្នុងការផ្សព្វផ្សាយ"។ បច្ចុប្បន្ន ឃុំមានសហការី១៨នាក់ ជារៀងរាល់ខែ បងស្រីហឿងតែងធ្វើល្អនូវការត្រួតពិនិត្យ អង្កេតក្តោបក្តាប់ព័ត៌មាន ធ្វើរបាយការណ៍និងធ្វើស្ថិតិទូទាំងឃុំ ចំនួនស្រ្តីស្ថិតក្នុងអាយុសម្រាលកូន(ពីអាយុ១៥ដល់៤៩ឆ្នាំ) ដើម្បីបែងប្រភេទក្រុមមុខសញ្ញានិងគ្រួសារនីមួយៗ។ តាមប្រ សាសន៍របស់បងស្រីហឿង ដើម្បីប្រជាជនអនុវត្តបានល្អនូវផែនការគ្រួសារ ក្នុងតួនាទីជាកម្មាភិបាលទទួលបន្ទុកចាំបាច់ត្រូវតែធ្វើគំរូ ក្តាប់ច្បាស់ភូមិសាស្រ្តគ្រប់គ្រង ស្វែងយល់ស្ថានភាពគ្រួសារនីមួយៗ ដើម្បីមានវិធីផ្សព្វផ្សាយសមស្រប។ ព្រោះហេតុនោះ បងស្រីតែងរួមជាមួយ នឹងសហការីចំនួនប្រជាជនចុះទៅដល់គ្រួសារនីមួយៗ ចលនាដោយឧភយភាសាវៀត-ខ្មែរ វែកញែក លើកឧទាហរណ៍ជាក់ស្តែងក្នុងជីវភាព ដើម្បីប្រៀបធៀបបញ្ជាក់។ ផ្តើមពីនោះ មាមីងយល់និងស្ម័គ្រចិត្តចូលរួមអនុវត្តផែនការគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន និងចេះរបៀបថែទាំសុខភាពបន្តពូជ។
បងស្រីហឿង ឲ្យដឹងបន្ថែម៖ "ខ្ញុំអាណោចចិត្តបំផុតចំពោះស្ថានភាពគ្រួសារកើតកូនច្រើន ជីវភាពលំបាក ប៉ុន្តែមិនព្រមអនុវត្តផែនការគ្រួសារ។ ព្រោះហេតុនោះ ខ្ញុំតែងតែចុះមកគ្រួសារទាំងនេះជាញឹកញាប់ ដើម្បីជួយពន្យល់ពួកគាត់ឲ្យយល់ច្បាស់និងជ្រើសយកវិធានការបញ្ជៀសគភ៌ទំនើបមានប្រសិទ្ធភាព"។ ដោយអស់ពីចិត្តចំពោះការងារខ្នះខ្នែង ក្នុងការចលនាបងស្រីហឿងបានជួយស្ត្រីខ្មែរជាច្រើននៅឃុំអាងហ៊ីប យល់ដឹងខាងផែនការគ្រួសារ។ បងស្រីត្រេវធីគឹមឡាញ់ នៅភូមិកំពង់ត្រប ឲ្យដឹង៖ "ដោយសារមិនសូវយល់ពីផែនការគ្រួសារ ខ្លាចរងផលប៉ះពាល់ដល់សុខភាព ព្រោះហេតុនោះ ទោះបីអាយុទើបតែ៣០ឆ្នាំ ប៉ុន្តែខ្ញុំមានកូនដល់ទៅ៤នាក់។ ដោយសារបានបងស្រីហឿងមកដល់ផ្ទះវែក ញែកពន្យល់ បង្ហាញច្បាស់ពីផលប៉ះពាល់នៃការកើតកូនច្រើន ហេតុនោះប្តីប្រពន្ធខ្ញុំបានយល់ច្បាស់និងសម្រេចចិត្តជ្រើសវិធានការបញ្ឈប់កំណើត" ៕
យ្វីអាញ់-វិមាន