និស្សិតខ្មែរទាំងឡាយនៅខេត្តនានានៃតំបន់វាលរាបទន្លេគឺវឡុង មកទីក្រុងកឹងធើ រៀនសូត្រប្អូនណាមានទេពកោសល្យខាងសិល្បៈតែងមកចូលរួមក្រុមសិល្បៈនិស្សិត ដើម្បីហ្វឹកហាត់ និងសំដែងកំដរនៅវត្តពិទូឃោសរង្សី។ ក្រុមសិល្បៈនេះទទួលបានការឧបត្ថម្ភពីសំណាក់ គណៈកម្មការនិងសប្បុរសជនវត្តពិទូឃោសរង្សី។
ក្រុមសិល្បៈនិស្សិតសម្តែងទទួលអំណរបុណ្យចូលឆ្នាំថ្មី
ព្រះតេជព្រះគុណលីហុង ព្រះចៅអធិការវត្តពិទូឃោសរង្សី មានព្រះថេរដីកាៈ" ក្រុមសិល្បៈនិស្សិតបានបង្កើតកាលពីឆ្នាំ១៩៩៦ ដើម្បីសំដែងកំដរក្នុងឱកាសបុណ្យទានក្នុងវត្ត។ ពីមុនវត្តតែងទៅអញ្ជើញក្រុមសិល្បៈពីកន្លែងដទៃមកសម្តែងកំដរ ប៉ុន្តែមានពេលខ្លះអញ្ជើញមិនបាន ហេតុនោះនិស្សិតស្នាក់នៅក្នុងវត្តក៏បានបង្កើតក្រុមសិល្បៈ និងហាត់ច្រៀងរាំ។ សន្សឹមៗក្រុមមិនត្រឹមតែអាចសំដែងកំដរនៅក្នុងវត្តប៉ុណ្ណោះទេ តែនៅទាំងបានទៅសំដែងកំដរនៅកន្លែងដទៃទៀត" ។
ដំបូងសមាជិកទាំងឡាយរបស់ក្រុម គឺជាយុវនិស្សិតដែលចេះច្រៀងរាំ និងតម្លើងជាកម្មវិធីមួយសម្រាប់សំដែង។ ដំបូងការសម្តែងសំខាន់ គឺកំដរក្នុងវត្តជួនកាលដោះដូរជាមួយនឹងវត្តជិតខាង។ សន្សឹមៗក្រុមកាន់តែបានទស្សនិកជនស្គាល់ច្រើនឡើងៗ និងបានអញ្ជើញទៅសម្តែងក្នុងពិធីជួបជុំដោះដូរវប្បធម៌របស់បណ្តាស្ថាប័នអង្គការមហាជនភូមិភាគ។ បណ្តាកម្មវិធីរបាំដិតដាមដោយលក្ខណៈវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរដែលទស្សនិកជនចូលចិត្ត។ ទាំងជនជាតិកិញ និងជនជាតិចិនក៏អញ្ជើញទៅសម្តែងដោះដូរ នាឱកាសបុណ្យទានពិធីជួបជុំជារឿយៗដែរ។
ប៉ុន្មានឆ្នាំជិតៗនេះ សមាជិករបស់ក្រុមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង រីឯកម្មវិធីក៏កាន់តែសុក្រឹតជាងនិងមានកម្មវិធីថ្មីបន្ថែមជារៀងរាល់ឆ្នាំ។ អាស្រ័យហេតុនោះពេលមើលក្រុមសំដែងម្តងៗ មាមីងមិនធុញទ្រាន់ពីព្រោះកម្មវិធីតែងផ្លាស់ថ្មីជានិច្ច។ ទន្ទឹមនឹងពេលនោះ សាខាសមាគមនិស្សិតខ្មែរនៃសកលវិទ្យាល័យកឹងធើ បង្កើតក្រុមសិល្បៈ យុវតី ប៉ុន្តែជួបការលំបាកខាងទីកន្លែងហាត់សមក៏ដូចជាសម្លៀកបំពាក់និងឧបករណ៍។ ដោយបានការយល់ព្រមពីសំណាក់ព្រះចៅអធិការ និងគណៈកម្មការវត្តពិទូឃោសរង្សី ក្រុមសិល្បៈយុវតីក៏បានហាត់សម និងចូលរួមសំដែងជាមួយនឹងក្រុមសិល្បៈនិស្សិតនៅក្នុងវត្តតាំងពីពេលនោះមក។ បច្ចុប្បន្ន ក្រុមសិល្បៈវត្តពិទូឃោសរង្សី រួមមានក្រុមសិល្បៈខ្មែរ ក្រុមម៉ុងសាយរបស់ជនជាតិចិននិងក្រុមសំដែងជាពួករបស់ពុទ្ធបរិស័ទជនជាតិកិញ។
ភាពជោគជ័យរបស់ក្រុមសិល្បៈនិស្សិត គឺផ្អែកលើសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទដែលបានគាំទ្រក្រុមចាប់ពីបង្កើតមក។ វត្តពិទូឃោសរង្សី ទើបទិញសម្ភារៈរបាំ ឧបករណ៍ថ្មីគិតជាតម្លៃជាង៥០លានដុងសម្រាប់ក្រុម។ អាស្រ័យដោយសមាជិកក្រុមសុទ្ធតែជានិស្សិត ម៉្លោះហើយប្អូនៗ បម្រើក្រុមបានត្រឹមតែពី២-៣ឆ្នាំក្រោយពីបណ្តុះបណ្តាល។ ហេតុដូចនេះ ក្រុមតែងពង្រីកសមាជិកថ្មីបន្ថែមជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងការខ្វះបុគ្គលិកក្រោយពីប្អូនៗប្រឡងបញ្ចប់។ បណ្តុះបណ្តាលនិស្សិតថ្មី ម្នាក់អាចឈរសម្តែងលើឆាកបានត្រូវប្រើពេលមួយឆ្នាំ បម្រើក្នុងក្រុម បានត្រឹមតែ២ឆ្នាំដល់ឆ្នាំទី៣ប្អូនៗប្រមូលផ្តុំក្នុងការសិក្សា ហេតុនោះមិនសូវមានពេលហាត់សម។ កាលពីមុន ក្រុមតែងជួបប្រទះស្ថានភាពខ្វះសមាជិក មានកម្មវិធីជាច្រើនគ្មានអ្នកសម្តែង។ លីមិញត្វឹង ជាសមាជិកមួយរូបរបស់ក្រុម ឲ្យដឹងៈ" ទោះបីសមាជិកចាស់ថយចុះជារៀងរាល់ឆ្នាំ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសមាជិកថ្មីមកចូលរួមច្រើន ហេតុនោះ បុគ្គលិកនាបច្ចុប្បន្នសម្បូរណាស់។ ម្យ៉ាងវិញទៀត មិត្តរាមច្បងដែលប្រឡងបញ្ចប់ ប៉ុន្តែនៅបំពេញការងារនៅក្រុងកឹងធើក៏ពាំនាំនូវបទពិសោធរបស់ខ្លួនបង្ហាញដល់ប្អូនៗជំនាន់ក្រោយ ព្រមទាំងចូលរួមរៀបចំកម្មវិធីថ្មីទៀតផង" ៕
ថាច់ថាញ់ភូ-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។