ថ្វីបើឈានចូលអាយុ៨១ឆ្នាំក្តី ប៉ុន្តែសិប្បករលីសេម នៅភូមិចុងចាក ឃុំលីវទូ ស្រុកត្រឹងឌេ ខេត្តសុកត្រាំង នៅតែមានទឹកដម សំនៀងពីរោះ អមដោយសម្លេងចាប៉ីដងវែងដ៏រណ្តំ។ ក្នុងការចូលរួមប្រឡងក្នុងពិធីសមោសរចម្រៀងប្រជាប្រិយវៀតណាមថ្នាក់តំបន់និងទូទាំងប្រទេសឆ្នាំ២០១៣ លោកលីសេម មានកិត្តិយស ទទួលបានរង្វាន់ឆ្នើមជាមួយនឹងបទចម្រៀង មានចំណងជើងថា " បំពេរ"។ល។
សិប្បករលីសេមនឹងកូនប្រុសកំពុងប្រគំភ្លេង
ទោះបីវ័យកាន់តែចាស់ក៏ពិតមែន ប៉ុន្តែសិប្បករលីសេមនៅតែមានសុខ ភាពមាំមួននិងស្មារតីចងចាំល្អណាស់។ ពេលឮលោកលីសេមទទួលបានរង្វាន់ឆ្នើម នាំមកនូវកិត្តិយសជូនភូមិចុងចាកទាំងមូល យើងខ្ញុំមានការកោតសរសើរគាត់យ៉ាងខ្លាំង។ លោកលីសេមមានប្រសាសន៍៖" ចាប៉ីដងវែងនេះបានរក្សាជាបន្ត៣ជំនាន់មកហើយ មិនដឹងចាប៉ីធ្វើអំពីឈើអ្វី បានជារឹងមាំហើយដេញឮសូរពីរោះយ៉ាងហ្នឹង។ ព្រោះហេតុដូច្នោះ បានជាក្រោយពីពេលដើរទៅណាមកណាហត់នឿយ ខ្ញុំតែងតែចាប់ចាប៉ីឡើងដេញបណ្តើរ ច្រៀងបណ្តើរមួយសន្ទុះ ការហត់នឿយ ទាំងអំបាលម៉ានហាក់ដូចជារសាយបាត់ទៅអស់"។
តាមការរ៉ាយរ៉ាប់របស់សិប្បករលីសេម ឪពុកគាត់ក៏ជាអ្នកចម្រៀងចាប៉ីដ៏ល្បីនៅតំបន់លីវទូ ផងដែរ ព្រោះហេតុនោះបានជាកាលពីនៅវ័យ កុមារលោកលីសេមត្រូវបានឪពុកបង្ហាត់ឲ្យចេះចម្រៀងចាប៉ី។ កាលអាយុ១៦ឆ្នាំ លោកលីសេម បានក្លាយជាអ្នកចម្រៀងចាប៉ីដ៏ចំណាន់នៅភូមិស្រុកនេះ។ មិនត្រឹមតែចេះចម្រៀងចាប៉ីប៉ុណ្ណោះទេ លោកលីសេមនៅ ទាំងចេះលេងឧបករណ៍ភ្លេងផ្សេងៗជាច្រើន។ ពេលឪពុកស្លាប់ទៅ លោកលីសេម បានស្នងឪពុកធ្វើជាប្រធានក្រុមតន្រ្តីនៅភូមិចុងចាក ចេញទៅសម្តែងបម្រើមាមីងសឹងគ្រប់ទិសទី។ លោកលីសេមនឹកឃើញឡើងវិញ៖" កាលពីខ្ញុំនៅធ្វើជាប្រធានក្រុមតន្រ្តី ផ្ទះខ្ញុំដរ៉ាបណាក៏ជា កន្លែងប្រមូលផ្តុំតន្រ្តីករដ៏ល្បីៗជាច្រើននៅក្នុងភូមិស្រុក។ ឆ្នាំ១៩៧៧ ពេលមានគ្រប់ដៃភ្លេងនិងអ្នកសំដែងហើយ ខ្ញុំបានជំហរបង្កើតក្រុម សិល្បៈមហាជនខ្មែរមានឈ្មោះថា" ព្រែកចាកកណ្តាល" រួមមានសមា ជិក៧៥រូប អាស្រ័យខ្ញុំធ្វើជាប្រធានក្រុម តែងតែទៅសំដែងបម្រើការជូន មាមីងសឹងគ្រប់ទិសទីក្នុងខេត្ត។ ពេលរដូវប្រាំងក្រុមសិល្បៈយើងខ្ញុំ ចេញទៅសម្តែង ចំណែករដូវវស្សា ក្រោយទំនេរពីពលកម្មយើងខ្ញុំក៏រួមគ្នាហាត់សិល្បៈ។ ទាំងនោះគឺជាអនុស្សាវរីយ៍ដ៏រីករាយបំផុត កាលពីខ្ញុំ នៅក្មេងវ័យ"។ ក្តីរីករាយនោះ មិនយូរប៉ុន្មានផង គឺដល់ឆ្នាំ១៩៨២ក្រុម សិល្បៈរបស់លោកលីសេមរងការរំសាយ ត្បិតអីជីវភាពគ្រួសាររបស់សមាជិកទាំងឡាយជួបការលំបាក អ្នកណាក៏ដោយតែងតែខំគិតគូរជីវភាពគ្រួសាររៀងៗខ្លួន។
ថ្វីបើក្រុមសិល្បៈគ្មាននៅទៀតក្តី ប៉ុន្តែចាប់តាំងពីនោះរហូតដល់សព្វថ្ងៃ ឧបករណ៍ភ្លេងផ្សេងៗ ជាពិសេសចាប៉ីដងវែងត្រូវបានលោកលីសេម ថែរក្សាហ្មត់ចត់ជានិច្ច។ លោកលីសេម ឲ្យដឹងបន្ថែម៖" ចំពោះឧបករណ៍ តន្រ្តីប្រពៃណី គឺងាយប្រគំចំណែកចម្រៀងចាប៉ីវិញ ទើបជាការលំបាក ។ ត្បិតអីចាប៉ីដងវែងមានខ្សែត្រឹមតែពីរប៉ុណ្ណោះ ច្រៀងបណ្តើរដេញបណ្តើរ។ អ្នកចម្រៀងចាប៉ីទាមទារត្រូវចេះមេកំណាព្យឲ្យបានច្រើន ដើម្បីច្រៀងទៅចាប់ចុងចួន បើមិនដូច្នោះទេ មិនអាចច្រៀងចាប៉ីបានឡើង។ ជាពិសេស អ្នកចេះចម្រៀងចាប៉ីត្រូវមានការយល់ដឹងអំពីសង្គម ឲ្យបានទូលំទូលាយទើបបាន។ សព្វថ្ងៃ ចម្រៀងចាប៉ីភាគច្រើនមិនសូវ ឃើញសម្តែងក្នុងពិធីមហោស្រពទេ ហើយក្មេងៗជំនាន់ក្រោយភាគ ច្រើនគ្មាននរណាចេះចម្រៀងចាប៉ីនេះដែរ ម្ល៉ោះហើយខ្ញុំបារម្ភថាទម្រង់ សិល្បៈនេះតទៅអនាគតច្បាស់ជារងការសាបរលាបជាពុំខាន "។ ការព្រួយបារម្ភរបស់លោកលីសេម អំពីការបាត់បង់ចម្រៀងចាប៉ី គឺមិនខុសទេ។ ត្បិតអីសព្វថ្ងៃនេះ នៅខេត្តសុកត្រាំងកម្រមានអ្នកចេះចម្រៀងចាប៉ី ជំនាញដូចជារូបលោកលីសេមនេះណាស់។ សិល្បករឡឹមវិញភឿង អនុប្រធានមន្ទីរវប្បធម៌កីឡានិងទេសចរ ឲ្យដឹង៖សព្វថ្ងៃនេះ នៅតំបន់ណាមបូអ្នកចេះចម្រៀងចាប៉ី គឺតិចតួចណាស់ ចំពោះក្មេងៗជំនាន់ ក្រោយក៏តិចមានអ្នកណាចេះ។
សិប្បករលីសេមសំណេះសំណាល៖សព្វថ្ងៃនេះ ខ្ញុំមានអ្នកស្នងបន្តគឺ កូនប្រុសខ្ញុំលីសម្បត្តិ។ ដល់បុណ្យអកអំបុកឆ្នាំនេះ ខ្ញុំនឹងឲ្យកូនខ្ញុំទៅចុះឈ្មោះចូលរួមប្រឡងសិល្បៈថ្នាក់ខេត្ត។ ខ្ញុំសង្ឃឹមថា ឆ្លងរយៈការប្រឡង គណៈកម្មការរៀបចំនឹងរក្សាទុកនូវថាស់សេឌីសម្រាប់ក្មេងជំនាន់ក្រោយមើលនិងកត់ចំណាំអំពីចម្រៀងចាប៉ី។ ឆ្លងតាមរយៈនោះ ដើម្បី ជំរុញទឹកចិត្តស្នេហាសិល្បៈបវេណីរបស់ជំនាន់ក្រោយ រួមគ្នាថែរក្សានូវ ទម្រង់សិល្បៈចម្រៀងចាប៉ីដែលជាកេរមត៌កវប្បធម៌ដ៏ពិសេសរបស់ជនជាតិខ្មែរ"៕
លីធាន-សេរី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។