08/04/2015 - 09:59

ពិធីពូនភ្នំខ្សាច់

ពិ​​ធី​ពូន​ភ្នំ​ខ្សាច់ គឺ​ជា​ពិ​ធី​មួយ​ផ្សា​ភ្ជាប់​ជា​មួយ​ទ្រឹស្តី​ពុទ្ធ​សា​ស​នា ត្រូវ​បាន​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​រៀប​ចំ​ផ្គួប​ផ្សំ​ជា​មួយ​នឹង​ពិ​ធី​បុណ្យ​ធំ​ៗ ដូច​ជាៈ បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា បុណ្យ​ភ្ជុំ​បិណ្ឌ បុណ្យ​ឆាក​មហា​បង្សុ​កូល​ជា​ដើម​។ ប៉ុន្តែ​ប្រ​ព្រឹត្តឡើង​ជា​ហូរ​ហែ​រ​នោះ គឺ​ក្នុង​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​​ណី​​ជាតិ​​។

ពូន​ភ្នំ​ខ្សាច់​​ក្នុង​ឱ​កាស​បុណ្យ​ចូល​ ឆ្នាំ​ថ្មី​។

ពូន​ភ្នំ​ខ្សាច់ (វា​លុក​ចេតិយ​)ជន​រួម​ជាតិ​ខ្មែរ តែង​សំ​គាល់​ថា​ពិ​ធី​ពូន​ភ្នំ គេ​ធ្វើ​ឡើង​គឺ​ដើម្បី​តំ​ណាង​ឲ្យ​ចូឡាម​ណី​ចេតិ​យ ជា​ទី​ដែល​ពួក​ទេព្ដា​សាង​បញ្ចុះ​ព្រះ​មោ​លី (ព្រះ​កេ​សា​ធាតុ) និង​ព្រះ​ទា​ឋា​ធាតុ (ព្រះ​ចង្កូម កែវ​) របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​នៅ​ឯ​ឋាន​ត្រៃ​ត្រិង្ស ហើយ​អ្នក​ដែល​បាន​កសាង​វា​លុក​ចេតិយ​នោះ​ នឹង​ទទួល​បាន​ផ​លា​និសង្ស​ក្រៃ​លែង​។ ម​ហា​សំ​ការ​សូត្រ​បាន​បញ្ជាក់​អំ​ពី​អា​និសង្ស​នៃ​ការ​ពូន​ភ្នំ​ខ្សាច់​នោះ​ថា "​ពេល​សង្ក្រាន្ត​ឆ្នាំថ្មី​ចូល​មក​ដល់ ព្រះ​បាទ​ប​សេន​ទិ​កោ​សល បាន​ចូល​ទៅ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា មុន​ពេល​ព្រះ​អង្គ​ទ្រង់​បរិនិព្វាន​ទៅ​បើ​ដល់​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី​ម្ដង​ៗ តើខ្ញុំ​ព្រះ​អង្គ​គួរ​បំ​ពេញ​បុញ្ញ​កម្ម​អ្វី​ខ្លះ​?"។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា "ប​ពិត្រ​ម​ហា​រាជ​! បើ​អ្នក​ចង់​បាន​កុ​សល​ផល​បុណ្យ​ច្រើន​ ចូរ​អ្នក​ធ្វើ​បុណ្យ​ស្រង់​ព្រះ​និង​សាង​វា​លុក​ចេតិយ​ទៅ​។  

ផ្តើម​ពី​នោះ ឲ្យ​តែ​ដល់​បុណ្យ​ចូល​ឆ្នាំ ជន​រួម​ជាតិ​ខ្មែរ​តែង​ប្រា​រព្ធ​ពិ​ធី​ពូន​ភ្នំ​ខ្សាច់ ដោយ​មាន​ប្រ​វត្តិ​ទាក់​ទង​ទៅ​នឹង​ទេវ​បុត្រ​មួយ​អង្គ នាម​​អន្នំ លោកង្សិនី ដែល​ដំ​បូង​ឡើយ​មាន​កំ​ណើត​កើត​ជាតិ​ជា​ព្រាន​ព្រៃ​ម្នាក់​ដែល​តែង​តែដើរ​បរ​បាញ់​សត្វ មក​ធ្វើ​ជា​ម្ហូបអា​ហារ និង​សម្រាប់​ចិញ្ចឹម​ជី​វិត​។ លុះ​ដល់​ស្លាប់​ទៅ យម​បាល​ក៏​យក​ព្រលឹង​ទេវ​បុត្រ​មក​ឲ្យ​យម​រាជ​កាត់​ទោស​។ លុះ​ពិ​និត្យ​ឃើញ​ទៅ​ថា ទេវ​បុត្រ​មាន​ទោស​ច្រើន​អនេក យម​រាជ​ក៏​បង្គាប់​ឲ្យ​យម​បាល​ទាំង​ពីរ​ដាក់​ទណ្ឌក​ម្ម​ចំពោះ​ទេវ​បុត្រ​។ ពេល​យម​បាល​យក​ទេវ​បុត្រ​ទៅបោះ​ចូល​ខ្ទះ​ខ្លាញ់ និង​ចូល​ក្នុង​ភ្លើង​ច្រើន​លើក​ច្រើន​សារ តែមិន​មាន​កើត​ក្តី​ឈឺ​ចាប់​ដល់​ទេវ​បុត្រ​ឡើយ ព្រោះ​តែ​មាន​បារ​មី​ជួយ​ទ្រ​ទ្រង់​ទេវ​បុត្រ​ជា​​និច្ច​។ ពេល​នោះ​យម​បាល​បាន​យក​ទេវ​បុត្រ​មក​កាត់​សេចក្តី​ម្តង​ទៀត តែ​នៅ​ពេល​យម​រាជ​សួរ​ចម្លើយ​ទៅ​កាន់​ទេវ​បុត្រ​ថា តើចៅ​ព្រាន​ព្រៃ​ឯង​បាន​ធ្វើ​បុណ្យ​អ្វី​បាន​ជា​យើង​ប្រើឲ្យ​ដាក់​ទណ្ឌ​កម្ម តែង​តែ​មាន​បារ​មី​មក​ជួយ​។ ទេវ​បុត្រ​បាន​ឆ្លើយ​តប​ថា ខ្លួន​មិន​បាន​ធ្វើ​បុណ្យ​អ្វី​ទេ គឺ​មាន​តែ​របរ​ដើរ​បរ​បាញ់​សត្វ​ចិញ្ចឹម​ជី​វិត​តែ​ប៉ុណ្ណោះ​។ យម​រាជ​សួរ​ចុះ​សួរ​ឡើង​ទេវ​បុត្រ​នៅ​តែ​ឆ្លើយ ពាក្យ​នោះ​ដ​ដែល​ទើប​ឲ្យ​យម​បាល​ទាំង​ពីរ​យក​ចៅ​ព្រាន​ព្រៃ​ទៅ​បោះ ក្នុង​ភ្នក់​ភ្លើង​ម្តង​ទៀត ដើម្បី​ឲ្យ​យម​រាជ​មើល​ឃើញ​ផ្ទាល់​នឹង​ភ្នែក​។ ពេល​រៀប​នឹង​បោះ ទេវ​បុត្រ​ស្រាប់​តែ​នឹក​ឃើញ​នៅ​ពេល​បាន​ឃើញ​អណ្តាត​ភ្លើង ហើយ​ប្រាប់​ទៅ​យម​រាជ​ថា ខ្លួន​ធ្លាប់​ធ្វើ​បុណ្យ​ដាក់​បាត្រ​ដល់​ព្រះ ភិក្ខុ​មួយ​អង្គ​ផង​ដែរ​។ លុះ​យម​រាជ​មើល​ទៅ​ឃើញ​ថា ថ្វី​ត្បិត​តែ​ចៅ​ព្រាន​ព្រៃ​បាន​ប្រ​ព្រឹត្ត​អំ​ពើ​អា​ក្រក់​ច្រើន តែ​មាន​ចិត្ត​បរិសុទ្ធ​នៅ​ពេល​ដាក់​បាត្រ ដល់​ព្រះ​ភិក្ខុ​យមរាជ​ក៏​អនុ​ញ្ញាត​ឲ្យ​ទេវ​បុត្រ​ទៅ​សោយ​សុខ​នៅ​ស្ថាន សួគ៌​ចំ​នួន​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​កំ​ណត់​នឹង​យក​ខ្លួន​មក​ទទួល​ទោស​នៅ​ឋាន​នរក​នេះ​វិញ​។ ពេល​បាន​ទៅ​សោយ​សុខ​នៅ​ឯ​ឋាន​សួគ៌ ទេវ​បុត្រ​មាន​ទេព​ធី​តា​សុ​វណ្ណ​ឱ​រៃ៉ ជា​ទេ​ពី​មាន​រូប​សម្បត្តិ​ឆោម​លោម​ប្រា​ជ្ញា ឈ្លាស​វៃ​។ ថ្ងៃ​មួយ​នោះ  ឃើញ​ទេវ​បុត្រ​កើតសេច​ក្តី​ទុក្ខ​ទោ​ម​ន​ស្សពន់​ពេក នាង​សុ​វណ្ណ​ឱ​រៃ​ឃើញ​ដូច្នេះ​ក៏​ចូល​ទៅ​សួរ អន្នំ​លោកង្សិ​នី​ ទេវ​បុត្រ​ក៏​រ៉ាយ​រាប់​ប្រាប់​អំ​ពី​រឿង​រ៉ាវ ដែល​ខ្លួន​ត្រូវ​ទៅ​ទទួល​ទណ្ឌ​កម្ម​នៅ​ឋាន​នរក​វិញ​។  នាង​សុវណ្ណ​ឱ​រៃ៉ លួង​លោម​ថា បើ​ដូច្នោះ សូម​ព្រះ​អង្គ​កុំ​កើត​ទុក្ខ​ទោម​នស្ស​ឡើយ សូម​ព្រះអង្គ​សាង​វាលុក​ចេតិយ រួច​ធ្វើ​បុណ្យ​ឆ្លង​ទៀង ជា​រួច​ដោះ​ចាក​កម្ម​ពៀរ​ជាមិន​ខាន​។ អន្នំ​លោកង្សិ​នី​ទេវ​បុត្រ​បាន​ឮ ដូច្នោះ​ក៏​សោ​មនស្ស ទើប​ចាត់​ការ​សាង​វាលុកចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង​៧​ថ្ងៃ​នោះ​។ លុះ​ដល់​ថ្ងៃ​កំ​ណត់​យម​បាល​ទាំង​ពីរ បាន​មក​ទទួល​ទេវ​បុត្រ​ឲ្យ​ត្រ​ឡប់​ទៅ​ទទួល​ទណ្ឌ​កម្ម​វិញ តែ​នាង​ទេព​ធី តា​សុ​វណ្ណ​ឱ​រៃ​៉មិន​ព្រ​ម​ប្រ​គល់​ទេ​វ​បុត្រ​ឲ្យ​ទៅ​យម​បាល​ទាំង​ពី​រ​នោះ​ទេ​។ ទេព​ធី​តាទ្រ​ង់បាន​ប្រាប់​យម​បាល​ទាំង​ពីរ​ថា ស្វា​មី​របស់​ខ្លួន​បាន​ធ្វើ​បុណ្យ​ពូន​ភ្នំ​ខ្សាច់ ផ្តាច់​កម្ម​ពៀរ​អស់​ហើយ  បើ​យម​រាជ​ទាំង​ពីរ​មិន​ទៅ​វិញ​ទេ នៅ​តែ​ត្រូវ​ការ​យក​ខ្លួន​គាត់​ទៅ​ធ្វើ​ទោស​ចូរ​អ្នក​ទាំង​ពីរ​រាប់​គ្រាប់​ខ្សា​ច់​នោះ​ឲ្យ​អស់​ទៅ​ទើប​ខ្ញុំ​យល់​ព្រម​។ យម​រាជទាំង​ពីរ​មិន​បង្អង់ ក៏​ចាប់​ផ្តើម​រាប់​គ្រាប់​ដី​ខ្សាច់​ទាំង​នោះ​។ លុះ​ដល់រាប់​ចុះ​រាប់​ឡើង​ភ្លេច​ក៏​សុខ​ចិត្ត​ចុះ​ចាញ់ ហើយ​នាំ​គ្នា​ទៅ​វិញ​ដោយ​ខ្លួន​ទ​ទេ។ ចាប់​ពី​ពេល​នោះ​មក ទេវ​បុត្រ​និង​ទេព​ធី​តា​សុ​វណ្ណ​ឱ​រៃ៉ ក៏​រស់​នៅ​សោយ​សុខ​ជា​មួយ​គ្នា​ជា​រៀង​រ​ហូត​មក​។

 ឯ​ពិ​ធី​ពូន​ភ្នំ​ខ្សាច់ គឺ​គេយក​ខ្សាច់​សុទ្ធមកចាក់​នៅ​កណ្តាល​ទី​ធ្លា​ដែល​គេ​បាន​កំ​ណត់ រួច​ពូន​ឲ្យ​ចេញ​ទៅ​ជា​រាង​ចេតិយ បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គេ​សន្មត​ហៅ​ថា "វា​លុក​ចេតិយ​" ។ មុន​ពេល​ពូន គេ​ត្រូវ​រៀប​ចំ សម្ភារៈ​មួយ​ចំ​នួន ដូច​ជា​ ធូប​ ទៀន​ ទឹក​អប់​ ផ្កា អង្ករ​ ស្រូវ​ ល្ង​ជា​ដើម​។ ការ​ពូន​ភ្នំ​នេះ​ទៀត​សោត គេ​ពូន​មិន​មាន​កំណត់​ថាត្រូវ​មាន​ខ្នាត​តូច​ខ្ពស់ ទាប​ប៉ុណ្ណា​ឬ​ប៉ុន្មាន​នោះ​ទេ គឺ​ប្រ​ព្រឹត្ត​ទៅ​តាម​ការ​ពេញ​ចិត្ត​របស់​អ្នក​ស្អាង​។ តាម​ទំ​នៀម​ទម្លាប់​ពី​ដូន​តា គេ​អាច​ពូន​ជា​ភ្នំ​៣ ភ្នំ​៥ ភ្នំ​៧ ភ្នំ​៩ ច្រើន​ជាង​នេះ​ក៏​សឹង​មាន​នៅ​ជុំ​វិញ​ភ្នំ​គេ​មាន​ធ្វើ​រាជ​វ័តិ តុប​តែង​ លំ​អ​ស្លឹក​ដូង ស្លឹក​ទន្សែ​ជា​បួន​ជ្រុង មាន​ទ្វារ​ចេញ​ចូល​តាម​ទិស​ធំ​ទាំង​៤​។ នៅ​ជុំ​វិញ​រាជ​វ័ត គេ​មាន​រៀប​រាន​ទេវ​តានៅ​លើរាន ទេវ​តា​គេ​រៀប​ស្លា​ធម៌​មួយ​គូ បាយ​សី​មួយ​គូ ទៀន​៥ ធូប​៥ ផ្កា​ភ្ញី​និង​អុជ​ទៀន​ធូប​ថ្វាយ។ ពេល​ពូន រួច​ស្រេច​​លោក​អា​ចារ្យ ឬព្រះ​សង្ឃ​ត្រូវ​សូត្រ​ធម៌​បំ​បួស​អធិដ្ឋាន​ភ្នំ​ខ្សាច់​នោះ ឲ្យ​ក្លាយ​ជា​ចូឡាម​ណីចេតិយ​។ ក្រោយ​ពី​ចប់​កម្ម​វិ​ធី​សព្វ​គ្រប់​ហើយ​អ្នក​ដែល​មាន​បំ​ណង​ទៅ​ធ្វើ​បុណ្យ​អា​ចចូលទៅធ្វើបុណ្យ​បាន តាម​ប្រ​ពៃ​ណី​ដោយ​យក​ដី​ខ្សាច់​ដាក់​ក្នុង​ចាន​ឬ​ផ្តិល​ពូន​សុំ​សេច​ក្តី​សុខ និងឧទ្ទិស​ផល​ដល់​ញាតិ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​បរម​លោក​ខាង​មុខ​ជា​ដើម​។ នៅ​ពេល​​បញ្ចប់​កម្ម​វិ​ធី​បុណ្យ លោក​អា​ចារ្យ​ត្រូវ​សូត្រ​ផ្សឹក ភ្នំ​ខ្សាច់​នោះ​ឲ្យ​ទៅ​ជា​ដី​ធម្ម​តា​វិញ​។

ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំ​គាល់​ថា​នឹង​បាន​ជា​ផលានិសង្ស វិ​សេស​វិ​សាល​ណាស់​ម​ហា​សំ​ការ​សូត្រ​ក៏​បាន​បញ្ជាក់​ថា "នរៈនា​រី​ណា ដែល​បាន​សាង​វា​លុក​ចេ​តិយ ហើយ​បាន​យក​នូវបាយទឹក សំ​ពត់​ផ្កា គ្រឿង​ក្រ​អូប គ្រឿងលាប​ជា​ដើម បូជា​ព្រះ​ចេតិ​យ​នោះ ដោយ​សទ្ធា​ជ្រះ​ថ្លា នរៈ​នា​រី​នោះ រមែង​បាន​ទទួល​នូវ​ផលា​និសង្ស​ច្រើន រ​មែង​ទៅកើត​ក្នុង​ត្រ​កូល​ពីរ គឺ​ខត្តិយត្រ​កូល​និង​ព្រាហ្មណ៍​ត្រ​កូល មិន​ទៅកើត​ក្នុង​ត្រកូល​ថោក​ទាប​ឡើយ​។ ឧប​មា​ថា បើ​លោក​អ្នក​បាន​ពូន​ភ្នំ​ខ្សាច់​ស្មើ​មួយ កំ​ប៉ុង​អង្ករ​ដើម្បី​ជា​គ្រឿង​តំ​ណាង​ឲ្យ​ព្រះ​ចូឡាមណី​ចេតិយ​នៅ​ឋាន​ត្រៃ​ត្រិង្សនោះ ផល​បុណ្យ​កុសល​របស់​លោក​អ្នក និង​មាន​ច្រើន​រាប់​មិន​អស់ ដូច​អង្ករ​ឬខ្សាច់​ទាំង​នោះ​ផង​ដែរ​។ ដោយ​មាន​ជំ​នឿនេះ​ហើយ បាន​ជា​ជន​រួម​ជាតិ​ខ្មែរ​មាន​ទម្លាប់​ពូន​ភ្នំ​ខ្សាច់​ ជា​ហូរ​ហែរ​ហូត​មក​ទល់​នឹងបច្ចុប្បន្ន ៕

 

ស្រាវជ្រាវ៖ វ៉ាន់តឹន

 

ចែករំលែកអត្ថបទ