ស្ថិតនៅកណ្តាលតំបន់ជនបទឃុំសុងឡុក ខេត្តវិញឡុង រូបភាពព្រះតេជព្រះគុណថាច់ហ៊ុង (កើតឆ្នាំ១៩៧៣) ព្រះចៅអធិការវត្តពោធិវង្សារាម (ចុងទ័ព) មិនត្រឹមតែផ្សារភ្ជាប់ជាមួយវត្តអារាមដ៏ស្ងប់ស្ងាត់ប៉ុណ្ណោះទេ ថែមទាំងបានមាមីងពុទ្ធបរិស័ទស្គាល់ថាជាគំរូឆ្នើមអំពីស្មារតី "ល្អសង្គម ល្អសាសនា" ទៀតផង។ ប៉ុន្មានឆ្នាំកន្លង ព្រះតេជព្រះគុណតែងអស់ពីព្រះទ័យគិតគូរការងារសាសនាផង ឆ្លៀតពេលសម្រាប់វិស័យអប់រំ ណែនាំប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចនិងអនុវត្តគ្រប់សកម្មភាពសុខុមាលភាពសង្គមផង។

ព្រះតេជព្រះគុណថាច់ហ៊ុង ដោះដូរបច្ចេកទេសដាំក្រូចឆ្មារគ្មានគ្រាប់ ជាមួយគណៈកម្មការវត្ត និងសមាជិកសាខាសមាគមវិជ្ជាជីវៈដាំក្រូចឆ្មារគ្មានគ្រាប់ឃុំសុងឡុក។
ដោយមានទស្សនៈថា "បើចង់រក្សាអត្តសញ្ញាណជាតិ ត្រូវតែចាប់ផ្ដើមពីការអភិរក្សអក្សរនិងភាសា" រៀងរាល់ឆ្នាំ វត្តពោធិវង្សារាម ចាត់តាំងបើកថ្នាក់បង្រៀនអក្សរខ្មែរនិងបាលី សម្រាប់សមណសិស្សនិងកូនចៅជនរួមជាតិខ្មែរក្នុងនិងក្រៅខេត្ត។ ពិសេស នារដូវវិស្សមកាល វត្តបើកបង្រៀនអក្សរខ្មែរ១០បន្ទប់ បង្ហាត់បង្រៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥ បង្កលក្ខណៈដើម្បីប្អូនៗហ្វឹកហាត់ភាសាកំណើត និងរក្សាអត្តសញ្ញាណជាតិ។ ទន្ទឹមនឹងនោះ វត្តថែមទាំងបើកថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិចំនួន២ថ្នាក់ (រួមមានបាលីទី១ និងបាលីទី៣) ព្រមទាំងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី១បានមួយថ្នាក់។ បច្ចុប្បន្ន វត្តមានសមណសិស្សនិងសិស្សានុសិស្សមករៀនចំនួន២០០អង្គនិងរូប។
មិនត្រឹមតែយកព្រះទ័យទុកដាក់លើវិស័យអប់រំប៉ុណ្ណោះទេ ព្រះតេជព្រះគុណថាច់ហ៊ុងថែមទាំងគិតគូរអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគទៀតផង។ កាលពីមុននេះ ដីរបស់វត្តសំខាន់គឺផលិតស្រូវ ប៉ុន្តែប្រសិទ្ធភាពមិនសូវបានខ្ពស់។ ដោយយល់ឃើញថាក្រូចឆ្មារគ្មានគ្រាប់ សមស្របនឹងលក្ខណៈតំបន់ដីនិងមានច្រកចេញលំនឹង ព្រះអង្គមោះមុតផ្លាស់ប្តូរ ផ្ទៃដីមួយចំណែកបង្វែរមកដាំក្រូចឆ្មារគ្មានគ្រាប់វិញ។ បច្ចុប្បន្នវត្តកំពុងដាំក្រូចថ្លុងសម្បកខៀវប្រមាណ ១៥ កុង និងដាំថ្មីក្រូចឆ្មារគ្មានគ្រាប់ ៣ កុងបន្ថែមទៀត។ ទម្រង់បានអនុវត្តតាមរយៈការចងសម្ព័ន្ធជាមួយសាខាសមាគមវិជ្ជាជីវៈដាំក្រូចឆ្មារគ្មានគ្រាប់ឃុំសុងឡុក ម្ល៉ោះហើយផលិតផលមានច្រកចេញលំនឹង។

ព្រះតេជព្រះគុណថាច់ហ៊ុង ដោះដូរជាមួយលោកស៊ើង ហាយផុង ប្រធានសាខាសមាគមវិជ្ជាជីវៈដាំក្រូចឆ្មារគ្មានគ្រាប់ឃុំសុងឡុក
លោកស៊ើងហាយផុង ប្រធានសាខាសមាគមដាំក្រូចឆ្មារគ្មានគ្រាប់ឃុំសុងឡុក ឱ្យដឹង៖ ព្រះតេជព្រះគុណ ថាច់ហ៊ុង ជាព្រះសង្ឃដំបូងគេលើភូមិឋានដែលហ៊ានអនុវត្តទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់ និងទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចវិជ្ជមាន។ លើសពីនេះ "សាខាសមាគមបានចងសម្ព័ន្ធប្រមូលទិញផលិតផលទាំងអស់។ ព្រមទាំងចាត់វិស្វករមកណែនាំចាប់ពីដំណាក់កាលដាក់ជី ការពារសត្វល្អិតចង្រៃ រហូតដល់ការប្រើប្រាស់ថ្នាំការពាររុក្ខជាតិឱ្យត្រូវតាមបែបបទ ដើម្បីផលិតផលឆ្លើយតបតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ តម្លៃទិញតែងខ្ពស់ជាងទីផ្សារប្រមាណ ៥.០០០ ដុង/គីឡូក្រាម ជួយឱ្យអ្នកដាំស្ងប់ចិត្តផលិត" លោកស៊ើងហាយផុង ឱ្យដឹងដូច្នេះ។
តាមថេរដីកាព្រះតេជព្រះគុណថាច់ហ៊ុង ការឆ្លៀតប្រើប្រាស់មូលនិធិដីរបស់វត្តដើម្បីអភិវឌ្ឍសេដ្ឋកិច្ច មិនមែនដើម្បីគោលបំណងប្រាក់ចំណេញទេ ប៉ុន្តែជាវិធីធ្វើជាគំរូដើម្បីមាមីងពុទ្ធបរិស័ទហ៊ានផ្លាស់ប្តូរមុខដំណាំ ទាញយកផលពីផ្ទៃដីដែលមានស្រាប់ ប្រកបដោយប្រសិទ្ធភាព សន្សឹមៗបង្កើនប្រាក់ចំណូល។ លើសពីនេះ "មាមីងជាច្រើនមានដី ប៉ុន្តែនៅបារម្ភមិនដឹងថាត្រូវដាំដំណាំអ្វីដើម្បីនាំមកប្រសិទ្ធភាព។ នៅពេលឃើញទម្រង់របស់វត្តអភិវឌ្ឍបានល្អ ប្រជាជនជាច្រើនហ៊ានមករៀនសូត្រនិងធ្វើតាម"។
ប្រភពចំណូលពីចម្ការឈើហូបផ្លែ មិនត្រឹមតែបម្រើឱ្យសកម្មភាពផ្សេងៗរបស់វត្តប៉ុណ្ណោះទេ ថែមទាំងបានប្រើប្រាស់ដើម្បីគិតគូរការសិក្សារបស់សមណសិស្ស រួមចំណែកបន្ថយការលំបាកក្នុងដំណើរការបណ្តុះបណ្តាលទៀតផង។ លោកថាច់ថាញ់ អនុប្រធានគណៈកម្មការវត្តពោធិវង្សារាម ឱ្យដឹង៖ "ព្រះតេជព្រះគុណថាច់ហ៊ុង តែងអស់ពីព្រះទ័យដើម្បីវត្តអារាម និងពុទ្ធបរិស័ទ។ មិនត្រឹមតែយកព្រះទ័យទុកដាក់លើការសិក្សាធម៌អាថ៌របស់ព្រះសង្ឃប៉ុណ្ណោះទេ ជារឿយៗព្រះអង្គថែមទាំងលើកទឹកចិត្តមាមីងឱ្យអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពទៀតផង។ រយៈពេលខាងមុខ ព្រះអង្គមានគម្រោងនឹងដកប្រាក់ចំណូលមួយផ្នែកពីចម្ការ ដើម្បីសាងសង់ផ្ទះមហាសាមគ្គី ជួយដល់គ្រួសារដែលមានជីវភាពខ្វះខាតលើភូមិឋាន"។
ការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងរវាងសាសនា ការអភិរក្សអក្សរខ្មែរ អភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរជីវភាពសហគមន៍ បានរួមចំណែករីកសាយភាយរូបភាពដ៏ប្រពៃរបស់ព្រះសង្ឃក្នុងយុគសម័យថ្មី។ ព្រះតេជព្រះគុណថាច់ហ៊ុង មិនត្រឹមតែជាទីបង្អែកស្មារតីរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាគំរូឆ្នើមអំពីស្មារតីទទួលខុសត្រូវចំពោះសហគមន៍ រួមចំណែកកសាងភូមិស្រុករីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវតាមគោលលំនាំ "ល្អសង្គម ល្អសាសនា"៕
ទីទុយ - លីសៀ