ស្ថិតនៅចុងប៉ូលខាងត្បូងនៃមាតុភូមិ ខេត្តកាម៉ាវបានធម្មជាតិប្រទាននូវប្រព័ន្ធបរិស្ថានព្រៃឈើនិងសមុទ្រដ៏វិសេសវិសាល រួមជាមួយអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់សហគមន៍ជនជាតិទាំងបី គឺកិញ-ខ្មែរ- ហ្វា។ ការរួមបញ្ចូលគ្នានៃសម្រស់ធម្មជាតិនិងតម្លៃវប្បធម៌ កំពុងបើកឱកាសអភិវឌ្ឍន៍ទេសចរណ៍តាមទិសដៅចីរភាព ព្រមទាំងក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញចំពោះភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។
.jpg)
សមណសិស្សសិក្សាថ្នាក់ពុទ្ធិកវិទ្យាល័យឆ្នាំទី២ នៅវត្តផ្នោរកំបុត។
ថ្មីៗនេះ ក្រុមហ៊ុនអាជីវកម្មទេសចរណ៍មកពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បានចុះពិនិត្យអង្កេត និងស្រាវជ្រាវនៅខេត្តកាម៉ាវ ហើយមានមនោសញ្ចេតនា និងចំណាប់អារម្មណ៍យ៉ាងល្អប្រសើរ។ លោកឡេថាញ់ផុង អនុប្រធានប្រចាំការនៃសមាគមទេសចរណ៍តំបន់វាលរាបទន្លេគឺវឡុង ឱ្យដឹង៖ “ដំណើរពិនិត្យអង្កេតបង្ហាញថា ខេត្តកាម៉ាវមានផលិតផលនិងសេវាកម្មទេសចរណ៍លេចធ្លោពីរប្រភេទ គឺទេសចរណ៍វប្បធម៌និងទេសចរណ៍បៃតង។ នៅពេលមកដល់មណ្ឌលផ្ទះអ្នកប្រុសបាកលីវ ភ្ញៀវទេសចរទាំងឡាយពិតជាជក់ចិត្តចំពោះភាពរុងរឿង និងក្បាច់រចនាស្ថាបត្យកម្មបារាំងបុរាណមានអាយុកាលជាងមួយសតវត្ស។ នៅមណ្ឌលអនុស្សាវរីយ៍សិល្បៈដើង កាតៃតឺណាមបូ និងតន្ត្រីករ កៅវ៉ាំងឡូវ ក៏បានបើកបង្ហាញនូវគំនិតច្នៃប្រតិដ្ឋជាច្រើនដើម្បីទាញយកផលទេសចរណ៍។ រីឯវត្តខ្មែរ (វត្តព្រែកជ្រៅ) វិញមានស្ថាបត្យកម្មដិតដាមដោយវប្បធម៌របស់ជនជាតិខ្មែរណាមបូ រួមជាមួយសូរសំឡេងភ្លេងពិណពាទ្យ និងរបាំអប្សរា រាំវង់ជាដើម បានបន្សល់នូវចំណាប់អារម្មណ៍ដ៏វិសេសវិសាលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ”។
នៅពេលទៅដល់មណ្ឌលទេសចរណ៍ជ្រោយកាម៉ាវ ក្រុមហ៊ុនអាជីវកម្មទេសចរណ៍ទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍បៃតង ដោយផ្អែកលើឧត្តមភាពធម្មជាតិដ៏សម្បូរបែប និងប្លែកភ្នែក ពិសេសគឺរមណីដ្ឋានទេសចរណ៍សហគមន៍ដែលមានផលិតផលបំពាក់រសជាតិព្រៃឈើ និងសមុទ្រ។ លោកស្រី Carmelita G. Bunao ប្រធានសមាគម ទេសចរណ៍ឯករាជ្យហ្វីលីពីន មានប្រសាសន៍៖ “ខេត្តកាម៉ាវមានឧត្តមភាពពីរយ៉ាង ទីមួយគឺទេសចរណ៍ម្ហូបអាហារ ដែលត្រូវបានគេប្រសិទ្ធនាមថាជាទីក្រុងធំនៃបង្គានិងក្តាម ដោយមានគ្រឿងសមុទ្រ ឆ្ងាញ់ពិសា។ ទីពីរ យើងខ្ញុំអាចចាត់តាំងទេសចរណ៍បែបសន្និសីទ តភ្ជាប់ជាមួយបណ្ដាអាជីវកម្មនិងអង្គភាពហ្វីលីពីន មកកាន់ទីនេះដើម្បីពិនិត្យអង្កេត ស្វែងយល់អំពីបច្ចេកទេសវារីវប្បកម្ម ជាពិសេសគឺការចិញ្ចឹមបង្គានិងក្តាម”។ ចំណែកលោកស្រី Nurul Najihah Mohamad Nor នាយិកាផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃក្រុមហ៊ុន Legend Vacations Snd Bhd (ម៉ាឡេស៊ី) ឱ្យដឹង៖ “គ្រប់យ៉ាងគឺល្អប្រសើរទាំងអស់ ខ្ញុំមានអារម្មណ៍ល្អណាស់ពេលមកដល់កាម៉ាវ។ ទីនេះ មានទេសភាពស្រស់ត្រកាល បៃតង និងមានវប្បធម៌ដ៏ពិសេសយ៉ាងសម្បូរបែប។ នេះជាលើកដំបូងបង្អស់សម្រាប់ខ្ញុំបានមកដល់ទីនេះ ហើយច្បាស់ណាស់ថានឹងនាំភ្ញៀវទេសចរម៉ាឡេស៊ីជាច្រើននាក់មកកម្សាន្តនៅទីនេះ”។
ជាមួយនឹងសក្តានុពលធម្មជាតិដ៏ស្រស់បំព្រង រួមនឹងឃ្លាំងសម្បត្តិវប្បធម៌សម្បូរបែប ក៏ដូចជាទឹកចិត្តរាក់ទាក់ និងស្មោះត្រង់របស់ប្រជាជន ខេត្តកាម៉ាវ កំពុងតែបញ្ជាក់ពីឋានៈរបស់កាម៉ាវនៅលើផែនទីទេសចរណ៍វៀតណាមជាបណ្តើរៗ។ ជាក់ស្តែង នៅពេលដែលសក្តានុភាពទាំងឡាយបានបន្តទាញយកផលមានប្រសិទ្ធភាព ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន ទឹកដីចុងប៉ូលខាងត្បូងបង្អស់នេះ នឹងបង្កើតបានជាវត្ថុធាតុដ៏ល្អដើម្បីឱ្យក្រុមហ៊ុនទេសចរណ៍ទាំងឡាយបង្កើតបន្ថែម ជើងទេសចរណ៍ និងតម្រាយផ្លូវថ្មីៗ ហើយសន្យាថា កាម៉ាវនឹងក្លាយជាទីតាំងដ៏ទាក់ទាញ បន្សល់នូវចំណាប់អារម្មណ៍ដ៏ល្អក្នុងទឹកចិត្តភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសជាពុំខាន៕
យ្វីអាញ -ថាច់ធី