02/08/2026 - 20:28

ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បរិស្ថាន​ 

ទី​ក្រុង​កឹង​ធើ កំ​ពុង​ពន្លឿន​ការ​ដាក់​ចេញ​ដំ​ណោះ​ស្រាយ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​ការ​ការ​ពា​រប​រិស្ថាន​ ឆ្ពោះ​ទៅ​រក​ទិស​ដៅ​កសាង​ទី​ក្រុង​អេកូឡូ​ស៊ី​ ស៊ី​វិល័យ​និង​ទំ នើប។

បើក​យុទ្ធ​នា​ការ​សម្អាត​អនា​ម័យបរិស្ថាន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

មើល​ចំ​ទៅ​លើ​ចំ​ណុច​ខ្វះ​ខាត​

បន្ទាប់​ពី​រួម​បញ្ចូល​ បរិយាកាស​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​កឹង​ធើ បាន​ពង្រីក​និង​បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ប៉ុន្តែ​ក៏​ដាក់​សម្ពាធ​ចំ​ពោះ​ការ​ងារ​គ្រប់​គ្រង​បរិស្ថាន​។ ទី​ក្រុង​បាន​អនុ​វត្ត​កម្ម​វិធី​និង​ផែន​ការ​ជា​ច្រើន​ ព្រម​ទាំង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ច្បាប់​ស្តី​ពី​ការ​ការ​ពា​រប​រិស្ថាន​ ឆ្នាំ​២០២០ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ សហ​គម​ន៍អា​ជីវ​កម្ម​និង​ប្រ​ជា​ជន​។

លោក​ឡា​ទ្រុង​គី​ នា​យក​រង​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ គុណ​ភាព​បរិស្ថាន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ ជា​សារ​វន្ត​បាន​គ្រប់​គ្រង​យ៉ាង​ល្អ​។ ក៏​ប៉ុន្តែ​ ការ​គ្រប់​គ្រង​និង​ការ​ការ​ពា​រប​រិស្ថាន​របស់​ទី​ក្រុង​ នៅ​តែ​ប្រ​ឈម​នឹង​បញ្ហា​លំ​បាក​មួយ​ចំ​នួន​ ដូច​ជា​ ធន​ធាន​វិនិយោគ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​; យន្ត​ការ​ គោ​លន​យោ​បាយ​ និង​បទ​ប្បញ្ញត្តិ​គ្រប់​គ្រង​បាន​បង្ហាញ​នូវ​ចំ​ណុច​ខ្វះ​ចន្លោះ​មួយ​ចំ​នួន​; ហេ​ដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ការ​ការ​ពា​រប​រិស្ថាន​មិន​ទាន់​ព្រម​ៗគ្នា​; នៅ​តែ​មាន​ស្ថាន​ភា​ពក​ខ្វក់​បរិស្ថាន​មួយ​ចំ​នួន​ ដូច​តាម​ដង​ទន្លេ​ ប្រ​ឡាយ​និង​ព្រែក​។ ទន្ទឹម​នឹង​នោះ​ ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​រួម​នឹង​បា​តុ​ភូត​អា​កាស​ធា​តុ​ខុស​ប្រក្រតី​ បន្ត​បង្ក​ជា​សម្ពាធ​ដល់​ការ​ងារ​ការ​ពា​រប​រិស្ថាន​របស់​ទី​ក្រុង​។

បច្ចុប្បន្ន​ នៅ​ទី​ក្រុង​កឹង​ធើ អត្រា​ប្រ​មូល​និង​កែ​ច្នៃ​សំ​រាម​នៅ​តំ​បន់​ទី​ប្រ​ជុំ​ជន​ សម្រេច​បាន​ ៩៦,៧៦%។ ទី​ក្រុង​កំ​ពុង​ដំ​ណើរ​ការ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​រោង​ចក្រ​កែ​ច្នៃ​ទំនើប​ៗ ដូច​ជា​ រោង​ចក្រ​ផលិត​អគ្គិ​សនី​ពី​សំ​រាម​ EB កឹង​ធើ ដែល​កែ​ច្នៃ​សំ​រាម​ប្រ​មា​ណ​ ៥២៩,៥៧ តោន​ក្នុង​មួយ​ថ្ងៃ​; រោង​ចក្រ​ផលិត​អគ្គិ​សនី​ពី​សំ​រាម​ហូវ​យ៉ាង​ កែ​ច្នៃ​បាន​ ១៦០ តោន​ក្នុង​មួយ​ថ្ងៃ​; រោង​ចក្រ​សុក​ត្រាំង​ ផលិត​ជី​កំ​ប៉ុស មាន​ពលា​នុភាព​ ៣២០ តោន​ក្នុង​មួយ​ថ្ងៃ​ និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សេ​វា​ពាណិជ្ជ​កម្ម​មិញ​ដុង​ ធ្វើ​ការ​ដុត​សំ​រាម​ដោយ​មិន​ប្រើ​ប្រាស់​ថាម​ពល​ឡើង​វិញ​ បាន​ ១៤៨,៣៥ តោន​ក្នុង​មួយ​ថ្ងៃ​។ ទោះ​ជា​យ៉ាង​ណា​ ទី​ក្រុង​នៅ​មា​នទី​លាន​ចាក់​សំ​រាម​ និង​កន្លែង​កប់​កាក​សំ​ណល់​រឹង​ចំ​នួន​ ៤៤ កន្លែង​។ ក្នុង​នោះ​ មាន​ ២៩ កន្លែង​ កំ​ពុង​បន្ត​ទទួល​កាក​សំ​ណល់​រឹង​តាម​គេ​ហ​ដ្ឋាន​ទ្រង់​ទ្រាយ​ឃុំ​-សង្កាត់​ ដែល​មាន​ការក​កស្ទះ​ប្រ​មា​ណ​ ២៧២.៩១៣ តោន​ និង​ទទួល​បន្ថែម​ប្រ​មា​ណ​ ២០៩ តោន​ក្នុង​មួយ​ថ្ងៃ​។ ទី​តាំង​ចាក់​សំ​រាម​ ១៥ កន្លែង​បាន​បញ្ឈប់​ដំ​ណើរ​ការ​ មាន​ការក​កស្ទះ​ជាង​ ២,៨ លាន​តោន​។

ដោយ​សារ​មាន​កន្លែង​ផ្ទេរ​សំ​រាម​តែ​ ២ ប៉ុណ្ណោះ​ដែល​កំ​ពុង​ដំ​ណើរ​ការ​ស្រប​តាម​គម្រោង​ប្លង់​ ទើប​ទី​ក្រុង​ត្រូវ​ប្រើ​ប្រាស់​ទី​តាំង​ប្រ​មូល​សំ​រាម​បណ្តោះ​អា​សន្ន​ចំ​នួន​ ១៥ កន្លែង​ ដែល​ប៉ះ​ពាល់​ដល់​សោ​ភណ​ភាព​ទី​ក្រុង​ និង​អាច​បង្ក​ហា​និភ័យ​កខ្វក់​បរិស្ថាន​។ ទី​ក្រុង​បច្ចុប្បន្ន​មាន​រោង​ចក្រ​ប្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ក្នុង​ទី​ប្រ​ជុំ​ជន​ចំ​នួន​ ២ កំ​ពុង​ដំ​ណើរ​ការ​ដោយ​ពលា​នុភាព​សរុប​ ៥៤.០០០ ម៉ែ​ត្រ​គូ​បក្នុង​មួយ​ថ្ងៃ​មួយ​យប់​។ ទោះ​ជា​យ៉ាង​ណា​ បរិមាណ​ទឹក​កខ្វក់​ដែល​បាន​ប្រ​មូល​និង​ប្រ​ព្រឹត្តិ​កម្ម​តែ​មួយ​កន្លែង​ប្រ​មា​ណ​ ៣២.០០០ ម៉ែ​ត្រ​គូ​បក្នុង​មួយ​ថ្ងៃ​មួយ​យប់​ប៉ុណ្ណោះ​ សម្រេច​អត្រា​ ១៣,២១% ។

ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​

ដើម្បី​ឆ្ពោះ​ដល់​ទី​ក្រុង​បៃតង​ បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ និង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ ទី​ក្រុង​កឹង​ធើ កំ​ពុង​ខិត​ខំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​វិធាន​ការ​ទប់​ស្កាត់​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​ចំ​ណុច​ខ្វះ​ខាត​ក្នុង​ការ​ការ​ពា​រប​រិស្ថាន​។ តាម​រយៈ​នោះ​ ទី​ក្រុង​ផ្តល់​អាទិ​ភាព​ថ្លឹង​ថ្លែង​ប្រ​ភព​ថវិកា​វិនិយោគ​រដ្ឋ​រយៈ​ពេល​មធ្យម​ ដើម្បី​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​សាង​សង់​ បង្កើន​កម្រិត​បណ្ដាញ​កន្លែង​ផ្ទេរ​សំ​រាម​ឱ្យ​មា​នល​ក្ខណៈ​ទំនើប​ និង​បិទ​ជិត​។ ជា​មួយ​គ្នា​នេះ​ ទី​ក្រុង​ក៏​បាន​បែង​ចែក​ថវិកា​សម្រាប់​បង្កើត​គម្រោង​មេ​ ស្តី​ពី​ការ​កែ​លម្អ​ ការ​បិទ​និង​ការ​ស្តា​រប​រិស្ថាន​ឡើង​វិញ​ នៅ​វាល​កប់​សំ​រា​មយូរ​ឆ្នាំ​។ ទន្ទឹម​នឹង​នោះ​ ក៏​ពន្លឿន​ការ​អំ​ពាវ​នាវ​វិនិយោគ​លើ​គម្រោង​រោង​ចក្រ​កែ​ច្នៃ​កាក​សំ​ណល់​រឹង​កឹង​ធើ ២ នៅ​ឃុំ​ទ្រឿង​ស្វឹង​ ដែល​មាន​ពលា​នុភាព​កែ​ច្នៃ​ ៤០០ តោន​ក្នុង​មួយ​ថ្ងៃ​ និង​គម្រោង​រោង​ចក្រ​ផលិត​អគ្គិ​សនី​ពី​កាក​សំ​ណល់​រឹង​ នៅ​ឃុំ​មី​ហឿង ដែល​មាន​ពលា​នុភាព​ ៨០០ តោន​ក្នុង​មួយ​ថ្ងៃ​។

យោង​តាម​លោក​ឡា​ទ្រុង​កី​ ទី​ក្រុង​នឹង​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ស្ថា​ប័ន​ គោ​លន​យោ​បាយ​និង​បទ​ប្បញ្ញត្តិ​ ដើម្បី​លើក​កម្ពស់​សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​; កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​មូល​ដ្ឋាន​ទិន្ន​ន័យ​បរិស្ថាន​ មូល​ដ្ឋាន​ទិន្ន​ន័យ​ប្រ​ភព​បញ្ចេញ​សារ​ធា​តុ​បំ​ពុល​ ពង្រីក​ប្រ​ព័ន្ធ​ត្រួត​ពិ​និត្យ​គុណ​ភាព​បរិស្ថាន​ដោយ​ស្វ័យ​ប្រ​វត្តិ​ តភ្ជាប់​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​បរិស្ថាន​ថ្នាក់​ជាតិ​។ ទី​ក្រុង​ក៏​លើក​ទឹក​ចិត្ត​ដល់​អា​ជីវ​កម្ម​ឱ្យ​វិនិយោគ​លើ​បច្ចេក​វិទ្យា​ប្រ​ព្រឹត្តិ​កម្ម​និង​កែ​ច្នៃ​ឡើង​វិញ​ដ៏​ទំនើប​ ព្រម​ទាំង​អភិវឌ្ឍ​ទម្រង់​ផលិត​ស្អាត​ កសិ​កម្ម​វិល​ជុំ​។

ចំ​ពោះ​វិស័យ​ឯក​ទេស​ ការ​វិនិច្ឆ័យ​កាក​សំ​ណល់​វេជ្ជ​សាស្ត្រ​ លោក​ត្រឹង​វ៉ាំង​យុង​ នា​យក​រង​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ មន្ទីរ​បាន​ពិ​និត្យ​ឡើង​វិញ​និង​បែង​ចែក​មូល​ដ្ឋាន​សុខា​ភិបាល​ជា​ ៣ ក្រុម​។ ក្រុម​ទី​១ មូល​ដ្ឋាន​សុខា​ភិបាល​សម្រេច​តាម​ស្តង់​ដារ​ ហើយ​បន្ត​បាន​ណែ​នាំ​ឱ្យ​រក្សា​គុណ​ភាព​ដដែល​។ ក្រុម​ទី​២ មូល​ដ្ឋាន​សុខា​ភិបាល​ដែល​កំ​ពុង​ប្រ​ឈម​នឹង​ការ​ហួស​ចំ​ណុះ​ តម្រូវ​ឱ្យ​ផ្នែក​ឯ​កជន​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​កែ​ច្នៃ​សំ​រាម​ក្នុង​ឆ្នាំ​ ២០២៦-២០២៧ ផ្នែក​មន្ទីរ​ពេទ្យ​រដ្ឋ​កំ​ពុង​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ថវិកា​ រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​។ សម្រាប់​ក្រុម​ទី​៣ ដែល​មិន​ទាន់​ឆ្លើយ​តប​តាម​តម្រូវ​ការ​ មន្ទីរ​បាន​កំ​ណត់​តំ​បន់​និង​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​គម្រោង​វិនិយោគ​រដ្ឋ​របស់​ផ្នែក​សុខា​ភិបាល​ សម្រាប់​ដំ​ណាក់​កាល​រហូត​ដល់​ឆ្នាំ​ ២០៣០។

លោក​វឿងក្វឹក​ណាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សង្កត់​ធ្ងន់​ ទី​ក្រុង​មិន​យកប​រិស្ថាន​ទៅ​ប្តូរ​ជា​មួយ​កំ​ណើន​សេដ្ឋ​កិច្ច​ឡើយ​។ គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ និង​អង្គ​ភា​ពពាក់​ព័ន្ធ​ ផ្ដុំ​កម្លាំង​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​អន់​ថយ​ មាន​ចំ​ណុច​ខ្វះ​ខាត​ក្នុង​ការ​ងារ​ការ​ពា​រប​រិស្ថាន​។ ទី​ក្រុង​នឹង​ជំ​រុញ​ការ​ធ្វើ​វិមជ្ឈ​ការ​ក្នុង​ការ​គ្រប់​គ្រង​ ដោយ​ភ្ជាប់​ជា​មួយ​ការ​ទទួល​ខុស​ត្រូវ​ឱ្យ​រដ្ឋ​អំ​ណាច​ថ្នាក់​ឃុំ​ចូល​រួម​ដោយ​ផ្ទាល់​ ក្នុង​ការ​តាម​ដាន​និង​ការ​ទទួល​ខុស​ត្រូវ​ ចំ​ពោះ​ការ​ងារ​ការ​ពា​រប​រិស្ថាន​នៅ​លើ​ភូមិ​ឋាន​; ពង្រីក​តួ​នា​ទី​របស់​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​មហា​ជន​នា​នា​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ស៊ី​ជម្រៅ​ទាំង​ការ​យល់​ដឹង​ និង​សកម្ម​ភាព​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ការ​ពា​រប​រិស្ថាន​៕ 

ធូទ្រិញ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ