ក្រោយពីបញ្ចប់កាតព្វកិច្ចយោធាវិលត្រឡប់មកស្រុកកំណើត បងថាច់អ៊ុក កើតឆ្នាំ ១៩៩៥ នៅអនុសង្កាត់ ១៥ សង្កាត់ត្រាវិញ ខេត្តវិញឡុង បានផ្តើមអាជីពពីគោមេ ២ ក្បាល។ អាស្រ័យខិតខំប្រឹងប្រែង ហើយចេះគួបផ្សំនឹងទម្រង់ផលិតផ្សេងៗទៀត មកដល់ពេលនេះ គ្រួសារបងមានប្រភពចំណូលលំនឹង និងលើកកម្ពស់គុណភាពការរស់នៅជាសន្សឹមៗ។
ឆ្នាំ ២០១៦ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា បងថាច់អ៊ុក បានវិលមកស្រុកកំណើត ដោយប្តេជ្ញាចិត្តថានឹងផ្តើមអាជីពលើដីរបស់គ្រួសារ។ ប៉ុន្មានឆ្នាំដំបូង អាស្រ័យស្ថានភាពសេដ្ឋកិច្ចលំបាក គាត់បានធ្វើការងារជាច្រើនដើម្បីមានបទពិសោធន៍ និងដើមទុនផលិត។ ពេលរៀបការរួច គាត់ជ្រើសរើសអភិវឌ្ឍសេដ្ឋកិច្ចដោយចិញ្ចឹមគោមេ កសាងទម្រង់សមស្របជាមួយនឹងលក្ខណៈគ្រួសារ។

បងថាច់អ៊ុក កំពុងថែទាំគោ។
ផ្តើមពីគោ២ក្បាលដំបូង ឥឡូវបងថាច់អ៊ុក បានពង្រីកគោឡើងដល់ ៩ ក្បាល ក្នុងនោះមានគោមេ ៧ ក្បាល និងគោកូន ២ ក្បាល បម្រុងលក់។ ភាពម្ចាស់ការប្រភពចំណី ថែទាំត្រឹមត្រូវតាមបច្ចេកទេស និងបង្ការជំងឺតាមកាលកំណត់ ជួយឱ្យគោឆាប់ធំ មាំមួន កើតកូនទៀងទាត់ បង្កគ្រឹះធារដើម្បីគ្រួសារពង្រីកទម្រង់ បង្កើនប្រាក់ចំណូល។ តាមប្រសាសន៍របស់បងថាច់អ៊ុក ចិញ្ចឹមគោគឺជាទម្រង់សមស្របជាមួយនឹងលក្ខណៈគ្រួសារ ពីព្រោះអាចឆ្លៀតប្រើប្រាស់អនុផលពីកសិកម្ម និងដីដែលមានស្រាប់ ដើម្បីបន្ថយលើការចំណាយ។ លើផ្ទៃដីស្រែប្រមាណ ១០ កុង ក្រៅពីផលិតស្រូវ ហើយយកចំបើង គាត់ក៏បានដាំស្មៅធ្វើជាចំណីឱ្យគោទៀតផង។ ទន្ទឹមនឹងនោះ គ្រួសារនៅទាំងចិញ្ចឹមជ្រូក គួបផ្សំជាមួយនឹងបិតស្រា ដោយឆ្លៀតយកកាកបាយស្រាធ្វើជាចំណីឱ្យសត្វចិញ្ចឹម រួមចំណែកប្រិតសំចៃការចំណាយក្នុងការផលិតគួរឱ្យកត់សម្គាល់។ "ការធ្វើស្រែចម្ការត្រូវចេះគួបផ្សំជាមួយនឹងទម្រង់ជាច្រើនទៀត ចំណាយកម្លាំងរកផលចំណេញ។ អាស្រ័យឆ្លៀតប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ ហេតុនោះការចំណាយថយចុះ ហើយប្រសិទ្ធភាពសេដ្ឋកិច្ចកើនខ្ពស់ជាង" បងថាច់អ៊ុក បានឱ្យដឹងដូច្នេះ។
ជារៀងរាល់ឆ្នាំ គ្រួសារបងអ៊ុកលក់កូនគោពី ២ ដល់ ៣ ក្បាល ដោយតម្លៃប្រមាណ ១៨ លានដុងក្នុងមួយក្បាល អាស្រ័យទៅតាមតម្រូវការរបស់ទីផ្សារ។ រួមជាមួយនឹងប្រាក់ចំណូលពីការផលិតស្រូវ ចិញ្ចឹមជ្រូក និងការផលិតផ្សេងៗទៀត ក្រោយពីទូទាត់រួចស្រេច នៅចំណេញបានជាង ៧០ លានដុងជារៀងរាល់ឆ្នាំ។ មានប្រភពចំណូលលំនឹង ជួយគ្រួសារគាត់កែលម្អជីវភាពជាសន្សឹមៗ និងវិនិយោគពង្រីកការផលិត។ តាមប្រសាសន៍របស់បងថាច់អ៊ុក ពេលវេលានៅក្នុងកងទ័ពបានលត់ដំវិន័យក្រឹត្យក្រម លត់ដំស្មារតីទ្រាំលំបាក និងឆន្ទៈឈានឡើងជម្នះការលំបាក។ នេះក៏ជាចំណេះដឹងដ៏សំខាន់ផងដែរសម្រាប់គាត់អនុវត្តទៅក្នុងបទពិសោធន៍ការផលិតជាក់ស្តែង កសាងទម្រង់សេដ្ឋកិច្ចគ្រួសារមានប្រសិទ្ធភាពបន្តិចម្តងៗ។
ម្យ៉ាងវិញទៀត មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ បងថាច់អ៊ុក នៅទាំងចូលរួមសកម្មភាពនៅភូមិភាគទៀតផង។ ក្រោយពីបញ្ចប់កាតព្វកិច្ចយោធា គាត់បន្តចូលរួមវគ្គបណ្តុះបណ្តាលនាយទាហានបម្រុងអស់រយៈពេល ៦ ខែនៅយោធភូមិភាគ ៩។ បច្ចុប្បន្ន គាត់ជាកងសេនាជនរបស់អនុសង្កាត់ ១៥ តែងត្រៀមខ្លួនចូលរួមក្នុងភារកិច្ចពេលភូមិភាគត្រូវការ។
លោកស្រី ឃូវធីហុងញ៉ឹង លេខាសាខាបក្សអនុសង្កាត់ ១៥ ឱ្យដឹង៖ "បងថាច់អ៊ុក គឺជាបក្ខជនមានឆន្ទៈឈានឡើង តែងខ្នះខ្នែងពលកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារមានប្រសិទ្ធភាព។ គាត់មិនត្រឹមតែខ្នះខ្នែងរកស៊ីប៉ុណ្ណោះទេ នៅទាំងសកម្មចូលរួមចលនា និងសកម្មភាពរបស់អនុសង្កាត់ ជាគំរូសម្រេចរាល់ភារកិច្ចដែលបានប្រគល់ជូនទៀតផង។ ស្មារតីទទួលខុសត្រូវ និងភាពរវៀសរវៃរបស់បងគឺជាគំរូដើម្បីសម្ព័ន្ធយុវជន យុវជន និងប្រជាជនភូមិភាគរៀនសូត្រតាម"។
ផ្តើមពីគោ ២ ក្បាលដំបូង មកដល់ពេលនេះបងថាច់អ៊ុក បានបង្កើតទម្រង់ផលិតចម្រុះសមស្របជាមួយនឹងលក្ខណៈគ្រួសារ។ រឿងរ៉ាវផ្តើមអាជីពរបស់ទាហានវ័យក្មេងរូបនេះមិនត្រឹមតែបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ឧត្តមភាពដែលមានស្រាប់ និងធ្វើពិពិធកម្មការរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះទេ ថែមទាំងសាយភាយនូវស្មារតីជម្នះលំបាក ហ៊ានគិត ហ៊ានធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទទៀតផង។ នេះក៏ជាភស្តុតាងបញ្ជាក់ឱ្យឃើញថា បើចេះជ្រើសរើសទម្រង់សមស្រប ខ្នះខ្នែងពលកម្ម និងព្យាយាមស្វែងរកទិសដៅ កសិករពិតជាអាចកសាងជីវភាពលំនឹងនៅស្រុកកំណើតខ្លួន៕
ទីទុយ - វិមាន