បន្តពីប្រសិទ្ធភាពនៃសេចក្តីសម្រេចលេខ ១៧/២០១៩/NQ-HĐND ក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ បានចែងសេចក្តីសម្រេចលេខ ៤៩/២០២៥/NQ-HĐND (ហៅកាត់ថា សេចក្តីសម្រេចលេខ៤៩) ស្តីពីគោលនយោបាយឧបត្ថម្ភផ្ទាល់ដល់អ្នកបង្រៀនអក្សរខ្មែរ និងអក្សរហ្វា ។ គោលនយោបាយថ្មីនេះកំពុងនាំមកនូវក្តីរីករាយ និងជំនួយបន្ថែមកម្លាំងចលករដើម្បីភាសា និងអក្សរសាស្រ្ត បានបន្តវេនដល់ជំនាន់ក្រោយ។


សិស្សានុសិស្សជាច្រើន មករៀនអក្សរខ្មែរជារៀងរាល់រដូវវិស្សមកាល។
សេចក្តីសម្រេចលេខ ៤៩ ឆ្ពោះដល់គោលដៅកសាងប្រភពធនធានចីរកាល សម្រាប់ការងារអភិរក្សភាសា និងអក្សរសាស្រ្ត របស់ជនជាតិភាគតិចនៅលើភូមិឋានទីក្រុង។ ចំណុចលេចធ្លោនៃគោលនយោបាយនេះ គឺវិសាលភាពទទួលផលយ៉ាងទូលំទូលាយ ចាប់តាំងពីវត្តអារាម អាគារវប្បធម៌ភូមិ មណ្ឌល រហូតដល់ទីតាំងសាលា និងសាលាក្រៅរដ្ឋ - កន្លែងកំពុងរក្សាថ្នាក់បង្រៀនភាសាខ្មែរ និងភាសាហ្វា។ ជាមួយនឹងកម្រិតឧបត្ថម្ភ ៥០.០០០ ដុង/ម៉ោងបង្រៀន បានអនុវត្តជាបន្តបន្ទាប់ក្នុងដំណាក់កាល ២០២៦ - ២០៣០។ សេចក្តីសម្រេចលេខ ៤៩ មិនត្រឹមតែអះអាងពីគោលការណ៍ដ៏ម៉ឺងម៉ាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជំនួយកម្លាំងយ៉ាងជាក់ស្តែង និងទាន់ពេលវេលារបស់ទីក្រុង ចំពោះអ្នកដែលកំពុងបង្រៀនភាសា និងអក្សរសាស្រ្តជនជាតិដោយផ្ទាល់។
លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បានឱ្យដឹង៖ “ដើម្បីបន្តឧបត្ថម្ភដល់ក្រុមអ្នកបង្រៀនភាសាជនជាតិភាគតិច អនុវត្តល្អនូវគោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋស្តីពីការអភិរក្សភាសាជនជាតិនៅលើភូមិឋាន មន្ទីរជនជាតិ និងសាសនាបានម្ចាស់ការសហការជាមួយបណ្តាមន្ទីរ ផ្នែក ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជន ដាក់ជូនក្រុមប្រឹក្សាប្រជាជនទីក្រុង ចែងសេចក្តីសម្រេចលេខ ៤៩/NQ-HĐND នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីសម្រេចនេះបានកំណត់គោលនយោបាយឧបត្ថម្ភដល់អ្នកបង្រៀនភាសាខ្មែរ និងភាសាហ្វាក្នុងដំណាក់កាល ២០២៦ - ២០៣០។ ចំណុចលេចធ្លោនៃសេចក្តីសម្រេចនេះ គឺការពង្រីកវិសាលភាពកែសម្រួល។ តាមនោះ បានកំណត់គោលនយោបាយពិសេសឧបត្ថម្ភដល់អ្នកបង្រៀនភាសាខ្មែរក្នុងឱកាសវិស្សមកាលនៅតាមវត្តអារាម សាលាទាន អាគារវប្បធម៌ ទីតាំងសាលា; ព្រមទាំងឧបត្ថម្ភដល់អ្នកបង្រៀនភាសាហ្វានៅតាមវត្ត សមាគម និងសាលាក្រៅរដ្ឋនៅលើភូមិឋានទីក្រុងកឹងធើ”។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង អត្ថិភាពនៃថ្នាក់រៀនទាំងនេះ សំខាន់គឺផ្អែកទៅលើទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃនិងលោកអាចារ្យ។ ដូច្នេះ នៅពេលដែលសេចក្តីសម្រេចលេខ ៤៩ បានអនុវត្តជាក់ស្តែងដោយកម្រិតឧបត្ថម្ភជាក់ស្តែង សម្រាប់ម៉ោងបង្រៀននីមួយៗ ក្តីរីករាយរបស់ពួកគាត់មិនត្រឹមតែឈប់នៅត្រង់តម្លៃសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺជាការទទួលស្គាល់យ៉ាងស័ក្តិសមរបស់ររដ្ឋអំណាចចំពោះការលះបង់ដោយស្ងៀមស្ងាត់ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌។ សម្រាប់អ្នកអភិរក្ស ការយកចិត្តទុកដាក់ទាន់ពេលនេះ គឺជាបង្អែកដ៏រឹងមាំ ជំនួយបន្ថែមកម្លាំងចលករដើម្បីឱ្យពួកគាត់រក្សាខ្ជាប់នូវដំណើរការផ្ទេរជូនភាសា និងអក្សរសាស្រ្តដល់ជំនាន់ក្រោយ។

ថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តជ្រោយទឹមចាស់ សង្កាត់មីស្វៀងទីក្រុងកឹងធើ។
ព្រះតេជព្រះគុណ ថាច់ ស៊ីវហេង វត្តជ្រោយទឹមចាស់ សង្កាត់មីស្វៀងទីក្រុងកឹងធើ បានមានថេរដីកា៖ “នៅពេលដែលសេចក្តីសម្រេចលេខ ៤៩ បានចែងជាផ្លូវការ កំណត់ការឧបត្ថម្ភថវិកាដល់អ្នកបង្រៀនអក្សរខ្មែរដោយផ្ទាល់នៅតាមវត្តអារាម អាត្មាភាពមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។ ការយកចិត្តទុកដាក់ទាន់ពេលនេះ បានជំនួយបន្ថែមកម្លាំងចលករយ៉ាងធំធេងដល់អ្នកដែលឈរបង្រៀនផ្ទាល់។ អាស្រ័យហេតុនេះ ព្រះសង្ឃកាន់តែមានទំនុកចិត្តក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ ជាពិសេសគឺការអភិរក្សភាសា និងអក្សរសាស្រ្តប្រពៃណីរបស់ជនជាតិខ្លួន”។
អាចអះអាងបានថា គោលនយោបាយឧបត្ថម្ភតាមសេចក្តីសម្រេចលេខ ៤៩ គឺជាសក្ខីភាពបញ្ជាក់ពីគោលការណ៍មហាសាមគ្គីជនជាតិយ៉ាងម៉ឺងម៉ាត់របស់បក្ខភាគ និងរដ្ឋអំណាចទីក្រុងកឹងធើ។ នេះមិនត្រឹមតែជាការជំនួយកម្លាំងផ្នែកសម្ភារៈបានទាន់ពេលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពកម្លាំងចលករជាក់ស្តែង បង្កមូលដ្ឋានដើម្បីឱ្យព្រះសង្ឃ លោកអាចារ្យ និងលោកគ្រូ អ្នកគ្រូមានទំនុកចិត្តបន្ថែមក្នុងការបង្រៀន និងអភិរក្សភាសាជនជាតិភាគតិច៕
វុឌ្ឍា-វ៉ាន់តឹន