មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/07/2026 - 06:44

រក្សា​ព្រលឹង​វប្ប​ធម៌​ខ្មែរ​តាម​រយៈ​របរ​ចម្លាក់​ 

ក្នុង​ជីវ​ភាព​សព្វ​ថ្ងៃ នៅ​តែ​មាន​អ្នក​ដែល​ខិត​ខំ​ប្រឹង​ប្រែង​រក្សា​របរ​ប្រ​ពៃ​ណី​ដោយ​ជក់​ចិត្ត​និង​ខំ​ប្រឹង​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត។ នៅ​ភូមិ​បឹង​ឡុង ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ បង​លី​ភឿង ជា​ជន​ជាតិ​ខ្មែរ បាន​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​ចម្លាក់​ព្រះ​ពុទ្ធ​រូប​ស៊ី​ម៉ង់ត៍​និង​ក្បាច់​រចនា​ខ្មែរ​ជាង ២០ ឆ្នាំ​មក​ហើយ។ មិន​ត្រឹម​តែ​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ មូល​ដ្ឋាន​របស់​បង​ថែម​ទាំង​បាន​បង្ក​ការ​ងារ​ធ្វើ​លំ​នឹង​ជូន​ដល់​ពល​ករ​ក្នុង​ភូមិ​ភាគ​ជា​ច្រើន​នាក់​ទៀត​ផង។

បង​លី​ភឿង កំ​ពុង​ណែ​នាំ​កូន​ជាង​ពី​របៀប​ចាក់​ពុម្ព​ក្បាច់​ខ្មែរ។

កើត​នៅ​ឆ្នាំ ១៩៧៧ នៅ​ភូមិ​បឹង​ឡុង អា​យុ ១៤ ឆ្នាំ បង​បាន​ចូល​វត្ត​បួស​រៀន​តាម​ប្រ​ពៃ​ណី​របស់​ជន​ជាតិ។ ក្នុង​អំ​ឡុង​ពេល​នោះ ក្រៅ​ពី​ការ​រៀន​ធម៌​វិន័យ បង​នៅ​ទាំង​ស្វែង​យល់​និង​រៀន​សូត្រ ពី​របរ​ចម្លាក់​ព្រះ​ពុទ្ធ​រូប​ពី​ស៊ី​ម៉ង់ត៍ និង​ក្បាច់​រចនា​លម្អ វត្ត​អា​រាម​ខ្មែរ។ ពេល​វេលា​និង​ស្នាក់​នៅ​វត្ត​បួស​រៀន​នេះ​ហើយ បាន​ជួយ​ឱ្យ​បង​ស្រ​ឡាញ់​និង​ជក់​អា​រម្មណ៍ ជា​មួយ​របរ​ប្រ​ពៃ​ណី​នេះ​ជា​បណ្តើរៗ។ បង​លី​ភឿង ចែក​រំលែក៖ “កាល​ទើប​តែ​ចូល​បួស​រៀន​ក្នុង​វត្ត ខ្ញុំ​ក៏​មិន​ទាន់​បាន​រៀន​របរ​នេះ​ទេ គឺ​រៀន​តែ​ធម៌​វិន័យ​ប៉ុណ្ណោះ។ លុះ​បួស​បាន ៤ - ៥ ឆ្នាំ ចំ​ពេល​នៅ​ក្នុង​វត្ត​ដែល​ខ្ញុំ​បួស​រៀន​នោះ មាន​ជាង​ចូល​មក​សាង​សង់​សំ​ណង់ ពេល​នោះ​ខ្ញុំ​អា​យុ​ជាង ២០ ឆ្នាំ​ហើយ ក៏​ទៅ​ជួយ​ការ​ងារ​ពួក​គាត់ ហើយ​ក៏​ចាប់​ផ្តើម​ចូល​ចិត្ត រួច​រៀន​ធ្វើ រៀន​ឆ្លាក់... យូរៗ​ទៅ​ក៏​ចេះ​របរ​នេះ​តែ​ម្តង”។

បន្ទាប់​ពី​លា​ចា​កសិក្ខា​បទ​មក បង​លី​ភឿង មាន​គ្រួ​សារ​ដោយ​ឡែក​ហើយ​សម្រេច​ចិត្ត​បើ​ករ​បរ​រក​ស៊ី​នៅ​ស្រុក​កំ​ណើត។ ផ្តើម​ពី​ជាង​ពីរ​បី​នាក់​ដំ​បូង មក​ទល់​ពេល នេះ​មូល​ដ្ឋាន​របស់​បង​បាន​ក្លាយ​ជា​អា​សយ​ដ្ឋាន​បាន ស្គាល់​ដឹង​ឮ​ច្រើន​ពី​វត្ត​អា​រាម​នា​នា​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត និង​អញ្ជើញ​ទៅ​សូន​ព្រះ​ពុទ្ធ​បដិ​មា ចម្លាក់​និង​ក្បាច់​រចនា​ខ្មែរ។ រាល់​សំ​ណង់​នី​មួយៗ​មិន​ត្រឹម​តែ​ទាម​ទារ​នូវ​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ការ​យល់​ដឹង​ស៊ី​ជម្រៅ​អំ​ពី​វប្ប​ធម៌ និង​ជំ​នឿ​សាស​នា​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង។ បង​ភឿង ឱ្យ​ដឹង​បន្ថែម៖ “ខ្ញុំ​ធ្វើ​ការ​ទាំង​នៅ​ផ្ទះ និង​នៅ​វត្ត​ផ្ទាល់​តែ​ម្តង ប៉ុន្តែ​នៅ​កន្លែង​របស់​ខ្ញុំ​គឺ​ធ្វើ​តិច​ជាង​ភាគ​ច្រើន​គឺ​ធ្វើ​នៅ​តាម​វត្ត ដូច​ជា​ការ​ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា ក្បូរ​ក្បាច់ សត្វ​នាគ សត្វ​តោ... អ្វីៗ​ដែល​ទាក់​ទង​នឹង​ព្រះ​ពុទ្ធ​សាស​នា គឺ​ខ្ញុំ​អាច​ធ្វើ​បាន​ទាំង​អស់”។

ចំ​ពោះ​បង​លី​ភឿង ការ​ប្រ​កប​របរ​នេះ​មិន​ត្រឹម​តែ​ដើម្បី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​វិធី​មួយ​រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​ផង​ដែរ។ មិន​ត្រឹម​តែ​បង្ក​បាន​នូវ​កេរ្តិ៍​ឈ្មោះ​ក្នុង​របរ​នេះ​ប៉ុណ្ណោះ​ទេ មូល​ដ្ឋាន​របស់​បង​ថែម​ទាំង​នាំ​មក​នូវ​ប្រ​ ភព​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​ទៀត​ផង។ ជា​មធ្យម ក្នុង​មួយ​ខែ មូល​ដ្ឋាន​នេះ​របស់​បង​រក​បាន​ចំ​ណូល​ប្រ​មាណ ១០០ លាន​ដុង​ក្រោយ​ពី​ផាត់​ទាត់​រួច​នៅ​ចំ​ណេញ​ប្រ​ហែល ៣០ លាន​ដុង។ ទន្ទឹម​នឹង​នោះ ក៏​បាន​បង្ក​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពល​ករ​រាប់​សិប​នាក់ ដោយ​ទទួល​បាន​ប្រាក់​ចំ​ណូល​ចាប់​ពី ៣០០ ដល់ ៥០០ ពាន់​ដុង​ក្នុង​មួយ​ថ្ងៃ។ ក្នុង​រដូវ​មមា​ញឹក មាន​ពល​ករ​ប្រ​ហែល ៣០ នាក់​ចូល​រួម​ធ្វើ​ការ​ជា​មួយ​គ្នា។ បង​ប្អូន​ជា​ច្រើន​កាល​ពី​មុន​មិន​មាន​មុខ​របរ​ច្បាស់​លាស់ ឥ​ឡូវ​នេះ​មាន​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ។ លោក​យ៉ីប​ក្វាង​ញ៉ឹង ដែល​បាន​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​របស់​បង​លី​ភឿង​ជាង ១០ ឆ្នាំ​មក​ហើយ ចែក​រំលែក៖ “កាល​ពី​មុន​ ខ្ញុំ​ធ្វើ​ស្រែ​ចម្ការ​របស់​គ្រួ​សារ និង​រក​ការ​ងារ​បន្ទាប់​បន្សំ​បន្ថែម​បន្តិច​បន្តួច ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់​និង​មិន​ស្ថិត​ស្ថេរ​ឡើយ។ ចាប់​តាំង​ពី​បាន​បង​ភឿង​បើក​មូល​ដ្ឋាន​នេះ​មក ខ្ញុំ​ក៏​បាន​សុំ​ចូល​ធ្វើ​ការ​ រហូត​មក​ដល់​ពេល​នេះ​គឺ​ជាង ១០ ឆ្នាំ​ហើយ។ កាល​ចូល​ធ្វើ​ការ​ដំ​បូង បង​ភឿង​បាន​ណែ​នាំ​និង​បង្រៀន ឥ​ឡូវ​នេះ​ខ្ញុំ​ជំ​នាញ​ប្រ​ហែល ៥០% នៃ​របរ​នេះ​ហើយ។ ខ្ញុំ​ក៏​ស្រ​ឡាញ់​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ខ្លួន​ដែរ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​មាន​ចំ​ណូល​ចិត្ត​ខ្លាំង លើ​របរ​នេះ”។

ចំ​ពោះ​ការ​រីក​ចម្រើន​យ៉ាង​រហ័ស​នៃ​ជីវ​ភាព​នា​សម័យ​ទំ​នើប មុខ​របរ​សិប្ប​កម្ម​ប្រ​ពៃ​ណី កំ​ពុង​តែ​ប្រ​ឈម​មុខ​ចំ​ពោះ​ការ​លំ​បាក​និង​ការ​សា​បរ​លាប។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​ក្តី​ស្រ​ឡាញ់​ពេញ​ចិត្ត​ចំ​ពោះ​វប្ប​ធម៌​ជន​ជាតិ បង​លី​ភឿង នៅ​តែ​ព្យា​យាម​ផ្ចិត​ផ្ចង់​រាល់​ថ្ងៃ​លើ​រាល់​វណ្ណ​កម្ម​ឆ្លាក់ បណ្តុះ​បណ្តាល​មុខ​របរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ និង​រួម​ចំ​ណែក​រក្សា​នូវ​លក្ខណៈ​វប្ប​ធម៌​ជន​ជាតិ​ខ្មែរ។

អាច​និយាយ​បាន​ថា ក្បូរ​ក្បាច់​រចនា​ខ្មែរ​ដែល​បង្កើត​ឡើង​ដោយ​ប៉ិន​ប្រ​សប់​របស់​ជាង​ចម្លាក់ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សម្រស់​វត្ត​អា​រាម​នា​នា​កាន់​តែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​បន្ត​វេន​នូវ​ប្រ​ពៃ​ណី​វប្ប​ធម៌ ដែល​បាន​ថែ​រក្សា​ឆ្លង​កាត់​ជា​ច្រើន​ជំ​នាន់​មក​ហើយ៕

                                                 ដា​លីន

ចែករំលែកអត្ថបទ