ការបង្វែររចនាសម្ព័ន្ធពូជដំណាំ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏សំខាន់ ដើម្បីបង្កើនតម្លៃបន្ថែម អភិវឌ្ឍដោយចីរភាព បង្កលក្ខណៈឱ្យប្រជាជនប្រើប្រាស់អស់ពីលទ្ធភាពនូវឧត្តមភាពដីធ្លី អាកាសធាតុ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកពិពិធកម្មផលិតកសិកម្ម ស៊ាំនឹងប្រែប្រួលអាកាសធាតុ។ នៅឃុំវិញហាយ ទីក្រុងកឹងធើ ការបង្វែររចនាសម្ព័ន្ធដំណាំ បាននិងកំពុងនាំមកប្រសិទ្ធភាពយ៉ាងជាក់ស្តែង។

ចម្ការដំឡូងជ្វារបស់បងស្រី ហុងធីអ៊ុក (កណ្តាល) នៅភូមិមីថាញ ឃុំវិញហាយ។
ឃុំវិញហាយ ជាភូមិភាគជាប់មាត់សមុទ្រ លក្ខណៈអាកាសធាតុមានភាពតឹងតែង ហើយស្ថានភាពខ្វះទឹកផលិតក៏បានកើតឡើងជាច្រើនឆ្នាំមកនេះដែរ។ ពីមុនទីនេះល្បីឈ្មោះដាំខ្ទឹមក្រហមទំនិញ និងខ្ទឹមក្រហមពូជ ប៉ុន្តែដោយសារខ្វះទឹកស្រោចស្រព និងស្ថានភាពដង្កូវក្រាបំផ្លាញ ម្ល៉ោះហើយដំណាំខ្ទឹមក្រហមហាក់ដូចជាមិនសូវមានប្រសិទ្ធភាពទៀត។ ផ្តើមពីនោះ គ្រួសារប្រជាជនភាគច្រើននៅទីនេះ បានម្ចាស់ការបង្វែរមករកប្រភេទដំណាំថ្មីសម្រាប់របរកសិកម្ម ប្រភេទដំណាំដែលកសិករនៅភូមិមីថាញ ឃុំវិញហាយ ជ្រើសដាំជំនួសឱ្យខ្ទឹមក្រហម នោះគឺឪឡឹក និងដំឡូងជ្វា។ ឆ្នាំនេះ ផ្ទៃដីដាំឪឡឹកទូទាំងឃុំវិញហាយ ប្រមាណជាង ២០០ ហិកតា បើប្រៀបនឹងឆ្នាំមុនៗ ផ្ទៃដីកើនឡើងគួរឱ្យកត់សម្គាល់។ បងលីថេម ជាគ្រួសារកសិករម្នាក់ក្នុងចំណោមគ្រួសារកសិករដាំឪឡឹកច្រើនឆ្នាំនៅភូមិមីថាញ ឃុំវិញហាយ គាត់ឱ្យដឹង៖ ឪឡឹកជាដំណាំរយៈពេលខ្លី ចូលចិត្តក្តៅ ហើយសមស្របនឹងដីខ្សាច់បណ្តោយតាមមាត់សមុទ្រ ហេតុដូច្នេះកសិករនៅឃុំវិញហាយ អាទិភាពជ្រើសដំណាំឪឡឹកជំនួសឱ្យខ្ទឹមក្រហម។ បង លីថេម ឱ្យដឹងបន្ថែម៖ "ខ្ញុំដាំឪឡឹកបានជាង ២ កុង ក្នុងមួយឆ្នាំៗខ្ញុំដាំពី ២ ដល់ ៣ រដូវ ដើម្បីប្រើប្រាស់អស់ពីលទ្ធភាពដីរបស់គ្រួសារ បើឪឡឹកមានតម្លៃពី ៥០០០ ដល់ ៦០០០ ដុងក្នុងមួយគីឡូក្រាម ក្នុងមួយកុងប្រមូលផលបានប្រមាណ ២៥ លានដុង ក្រោយពីទូទាត់រួចស្រេច ខ្ញុំនៅចំណេញបានប្រមាណ ១៥ លានដុងក្នុងមួយកុងដែរ"។
ចំណែកគ្រួសារបងស្រី ហុងធីអ៊ុក នៅភូមិមីថាញ ឃុំវិញហាយ ក៏ប្រហាក់ប្រហែលនឹងគ្រួសារបងលីថេមដែរ គ្រួសារគាត់មានផ្ទៃដីជាង ២ កុង ពីមុនក៏ធ្លាប់ដាំខ្ទឹមក្រហមទំនិញដែរ។ ដោយសង្កេតឃើញគ្រួសារនៅជិតខាងអនុវត្តទម្រង់ដាំឆ្លាស់គ្នារវាងឪឡឹក និងដំឡូងជ្វា មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ គាត់ក៏បានរៀនសូត្របទពិសោធន៍ ដើម្បីបង្វែររចនាសម្ព័ន្ធដាំំណាំដែរ។ ប្រមូលផលឪឡឹករដូវកន្លងហើយ គ្រួសារគាត់រកបានប្រាក់ចំណេញលំនឹងគ្រាន់បើ។ ក្រោយពីប្រមូលផលរួច គាត់បន្តចុះពូជដំឡូងជ្វាថៃនៅលើផ្ទៃដីដដែលនេះ។ បច្ចុប្បន្ន ដំឡូងជ្វារបស់គ្រួសារគាត់ដាំបានជាងពីរខែហើយ កំពុងលូតលាស់ល្អ រំពឹងទុកនឹងប្រមូលផលក្នុងរង្វង់ជាងមួយខែទៀត។
ដោយកំណត់ច្បាស់ការបង្វែររចនាសម្ព័ន្ធពូជដំណាំ មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តជ័យជម្នះទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឃុំវិញហាយបានផ្តុំកម្លាំង ជំរុញការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីតួនាទី អត្ថន័យនៃការបង្វែររចនាសម្ព័ន្ធដំណាំ កសាងទម្រង់ថ្មី និងម្ចាស់ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងការផលិត។ លោក ចូវវុាំងថេន អនុប្រធានការិយាល័យសេដ្ឋកិច្ចឃុំវិញហាយ ឱ្យដឹង៖ “ឃុំវិញហាយមានផ្ទៃដីដាំដំណាំប្រមាណ ៣៥០០ ហិកតា ក្នុងនោះប្រជាជនតែងដាំដំណាំឆ្លាស់គ្នាជាច្រើនប្រភេទ ដូចជា៖ ខ្ទឹមក្រហម ម្ទេស ឪឡឹក និងដំឡូងជ្វា។ ប៉ុន្មានឆ្នាំមកនេះ មាមីងយើងក៏បានបង្វែរពីផ្ទៃដីដែលមិនសូវមានប្រសិទ្ធភាពមកដាំឪឡឹក និងដំឡូងជ្វាវិញ។ ផ្នែកខាងឃុំ យើងខ្ញុំក៏បានធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជន ដើម្បីបង្កលក្ខណៈផ្សារភ្ជាប់មាមីងចូលក្នុងក្រុមសហករណ៍ ជួយមាមីងចងសម្ព័ន្ធនឹងគ្នាក្នុងដំណើរការផលិត និងហ្វឹកហ្វឺនជូនមាមីងអំពីរបៀបអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការផលិត ពិសេសគឺបច្ចេកទេសស្រោចស្រពដំណក់ទឹក ដើម្បីមាមីងស៊ាំនឹងការខ្វះទឹកស្រោចស្រព។ ពេលខាងមុខ នឹងបង្កើតសហករណ៍ដើម្បីជួយមាមីងលក់ផលិតផលកសិកម្ម”។
អាចអំណះអំណាងបានថា ភាពរវៀសរវៃក្នុងការបង្វែររចនាសម្ព័ន្ធដំណាំសមស្របជាមួយនឹងលក្ខណៈដីធ្លី អាកាសធាតុតឹងតែង បានបើកចេញនូវទិសដៅថ្មីពោរពេញដោយក្តីសង្ឃឹមជូនកសិករនៅឃុំវិញហាយ។ ភាពម្ចាស់ការជំនួសផ្ទៃដីដែលមិនសូវមានប្រសិទ្ធភាពដោយដំណាំឪឡឹក ដំឡូងជ្វា និងអនុវត្តបច្ចេកទេសជឿនលឿន មិនត្រឹមតែជួយមាមីងកសិករបង្កើនប្រាក់ចំណូលលំនឹងប៉ុណ្ណោះទេ ថែមទាំងជាគន្លឹះក្នុងការឆ្ពោះដល់ប្រព័ន្ធកសិកម្មស៊ាំ សុវត្ថិភាពជាមួយនឹងការប្រែប្រួលអាកាសធាតុទៀតផង៕
ថាញហ៊ុង - វិមាន