ក្លឹបកសិករពាន់លាននៅទីក្រុងកឹងធើ បាននិងកំពុងក្លាយជាកន្លែងប្រមូលផ្តុំនូវមុខមាត់ផលិតនិងធ្វើអាជីវកម្មគំរូ។ នេះមិនត្រឹមតែជាកន្លែងចែករំលែកបទពិសោធន៍ ចងសម្ព័ន្ធកសិករធ្វើមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងតម្រង់ទិសទម្រង់ផលិតនិងធ្វើអាជីវកម្មដ៏ល្អសម្រាប់សមាជិក និងកសិករទៀតផង។ ក្នុងតួនាទីជា "ស្នូល" សមាជិកក្លឹបបានផ្សព្វផ្សាយស្មារតីច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ បង្កកម្លាំងចលករខ្លាំងក្លា ជំរុញចលនាកសិករប្រកួតប្រជែងផលិតនិងធ្វើអាជីវកម្មពូកែមួយថ្ងៃកាន់តែរីកចម្រើន។
* បង្ហាញកសិករធ្វើមាន
លោក ឡេវ៉ាំងសៅ នៅភូមិតឹងថាញ់ ឃុំតឹងបិញ មិនញញើតក្នុងការបង្វែរពីធ្វើស្រែមកដាំទុរេន នៅពេលដែលសង្កេតឃើញប្រភេទដំណាំនេះសមស្របនឹងលក្ខណៈនៃភូមិភាគ មានតម្លៃសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្ន គ្រួសារលោកសៅ មានផ្ទៃដីដាំទុរេនចំនួន ៥,៥ ហិកតា ដោយដាំពូជដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់៖ Ri6, Monthong, Musang King។ ជាមធ្យមក្នុងមួយឆ្នាំ លោកសៅ រកបានប្រាក់ចំណេញប្រមាណ ៥ ពាន់លានដុង។

ពីការដាំទុរេន គ្រួសារលោក ង្វៀងវ៉ាំងថាយ (ខាងស្តាំ) នៅភូមិតឹងថាញ់ ឃុំតឹងប៊ិញ រកបានប្រាក់ចំណូលជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ។
បច្ចុប្បន្ន លោកសៅ គឺជាសមាជិកគំរូនៃក្លឹបកសិករពាន់លានឃុំតឹងបិញ។ គាត់តែងត្រៀមខ្លួនចែករំលែកបទពិសោធន៍ បច្ចេកទេសថែទាំទុរេន និងតម្រង់ទិសទីផ្សារជូនកសិករ។ អស់រយៈពេលរាប់សិបឆ្នាំបន្តបន្ទាប់ លោកសៅ បានទទួលស្គាល់សម្រចកិត្តិនាមជាកសិករផលិតនិងធ្វើអាជីវកម្មពូកែ។ ឆ្នាំ ២០២០ លោកបានប្រធានរដ្ឋជូនឥស្សរិយយសពលកម្មលេខ ៣។ ឆ្នាំ ២០២២ លោកទទួលបានកិត្តិនាមជាកសិករវៀតណាមឆ្នើម។
តាមប្រសាសន៍ លោកង្វៀងហឺវកឿង ប្រធានក្លឹបកសិករពាន់លានឃុំតឹងបិញ បានឱ្យដឹង៖ "សមាជិកក្លឹបម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួនក្នុងការផលិតនិងធ្វើអាជីវកម្ម។ ហេតុដូច្នោះ សមាជិកម្នាក់ៗតែងចែករំលែកបទពិសោធន៍ជាក់ស្តែង ជួយគ្នាទៅវិញទៅមកក្នុងការអនុវត្តបច្ចេកវិទ្យា កសាងផលិតផលសម្រេចបទដ្ឋាន VietGAP ឈានទៅរក GLOBALGAP ដើម្បីលើកកម្ពស់តម្លៃ និងពង្រីកទីផ្សារប្រើប្រាស់កសិផល"។
“យើងខ្ញុំមានបំណងចង់កសាងទម្រង់ “កសិករបង្រៀនកសិករ”។ បទពិសោធន៍ជាក់ស្តែងពីអ្នកផលិតនិងធ្វើអាជីវកម្មជោគជ័យដោយផ្ទាល់ នឹងជួយឱ្យសមាជិកងាយស្រួលខិតជិត ងាយស្រួលអនុវត្ត និងបន្ថយហានិភ័យក្នុងការផលិតនិងធ្វើអាជីវកម្ម” - លោកកឿងបានឱ្យដឹងដូច្នេះ។
អាស្រ័យហ៊ានវិនិយោគប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ ចាប់តាំងពីឆ្នាំ ២០២១ លោក ង្វៀងវ៉ាំងថាយ នៅភូមិតឹងថាញ់ ឃុំតឹងបិញ បន្ថយបានប្រាក់ចំណាយលើថ្លៃពលកម្ម លើកកម្ពស់ប្រសិទ្ធភាពការថែទាំចម្ការទុរេន។ នៅលើផ្ទៃដីជាង ១,៥ ហិកតា ដែលដាំទុរេនពូជ Ri6 និង Monthong រដូវកន្លង លោកថាយរកបានប្រាក់ចំណូលជាង ១ ពាន់លានដុង។ តាមលោកថាយ ប្រការសំខាន់គឺគ្រួសារកសិករត្រូវកំណត់ទម្រង់ផលិតនិងអាជីវកម្មឱបានសមស្របនឹងលក្ខណៈដីធ្លី ធនធានគ្រួសារ និងតម្រូវការទីផ្សារ។ នៅពេលជ្រើសទិសដៅបានត្រឹមត្រូវហើយ គប្បីអត់ធ្មត់ក្នុងការវិនិយោគ និងរៀនសូត្រដោយឥតឈប់ឈរ។
* ជ្រើសត្រូវទិសដៅ - អភិវឌ្ឍន៍ប្រកបដោយចីរភាព
ទីក្រុងកឹងធើ មានក្លឹបកសិករពាន់លានគំរូចំនួន ៣ ដោយមានសមាជិកជាង ១០០ នាក់ ជាកសិករផលិតនិងធ្វើ អាជីវកម្មពូកែ សម្រេចកម្រិតចំណូលពីរាប់រយលានដុង ដល់រាប់ពាន់លានដុងក្នុងមួយឆ្នាំ។

តាមរយៈការផលិត និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព សហករណ៍ គីញឺ បង្កបានការងារធ្វើជូនពលករជាច្រើននៅភូមិភាគ។
អ្នកស្រី ង្វៀងគឹមធ្វី នាយិកាសហករណ៍ កីញឺ ឃុំថាញ់ហ្វា គឺជាសមាជិកគំរូមួយរូបនៃក្លឹបកសិករពាន់លានខេត្តហូវយ៉ាង។ អ្នកស្រីធ្វី ចែករំលែក ដោយឃើញពីសក្តានុពលនៃត្រីកន្ធរ ចាប់តាំងពីឆ្នាំ ២០២១ មក អ្នកស្រីបានស្រាវជ្រាវ និងអភិវឌ្ឍផលិតផល OCOP ជាច្រើនដូចជា៖ ត្រីកន្ធរហូតឆ្អឹងប្រឡាក់គ្រឿង ប្រហិតត្រីកន្ធរស្រស់ ម្រះព្រៃញាត់ត្រីកន្ធរ ត្រីកន្ធរកោសសាច់ នំក្រៀបត្រីកន្ធរ... ដល់ដំណាច់ឆ្នាំ ២០២៤ ផលិតផលរបស់សហករណ៍បានមានវត្តមាននៅជាង ២០ ខេត្ត ក្រុង និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ បច្ចុប្បន្ន សហករណ៍គឺជាកន្លែងទស្សនា និងចែករំលែកបទពិសោធន៍សម្រាប់ប្រជាជនភូមិភាគនិងភ្ញៀវទេសចរ; ដោះស្រាយការងារធ្វើជាប្រចាំ និងតាមរដូវកាលជូនប្រជាជនប្រមាណ ៧០ នាក់ ដោយរកបានប្រាក់ចំណូលមធ្យមប្រមាណ ៩០ លានដុង/ម្នាក់/ឆ្នាំ។
ក្លឹបកសិករពាន់លានឃុំទ្រឿងថាញ់ មានសមាជិក ១៦ នាក់ កំពុងអភិវឌ្ឍទម្រង់ដាំទុរេន ចិញ្ចឹមជ្រូក ត្រីកន្ធរ... យ៉ាងមានប្រសិទ្ធភាព។ លោក ង្វៀងវ៉ាំងភូ ប្រធានសមាគមកសិករឃុំ និងជាប្រធានក្លឹប បានឱ្យដឹង៖ “ក្លឹបបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់ត្រីមាសម្តង សំដៅចែករំលែកបំណិនគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ អនុវត្តបច្ចេកវិទ្យាក្នុងការផលិត និងធ្វើអាជីវកម្ម... ចូលរួមក្នុងក្លឹប កសិករថែមទាំងបានណែនាំជ្រើសរើសទម្រង់សមស្រប ដើម្បីលើកកម្ពស់ចំណូល ឆ្ពោះទៅរកផលិតនិងអាជីវកម្មប្រកបដោយចីរភាព”។
លោក ផាមថាញហ្វាយ អនុប្រធានសមាគមកសិករទីក្រុងកឹងធើ បានផ្តល់ព័ត៌មាន៖ “ក្លឹបកសិករពាន់លាន មិនត្រឹមតែជាកន្លែងប្រមូលផ្តុំកសិករផលិតនិងធ្វើអាជីវកម្មពូកែប៉ុណ្ណោះទេ ថែមទាំងជាបរិស្ថានសម្រាប់ចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកទេស និងសាយភាយក្តីប្រាថ្នាធ្វើមានក្នុងសហគមន៍ទៀតផង។ យើងខ្ញុំរំពឹងទុកថាសមាជិកក្លឹបនឹងបន្តពង្រីកតួនាទីជា "ស្នូល" ដឹកនាំសមាជិកឱ្យមានភាពក្លាហានក្នុងការផ្លាស់ប្តូរផ្នត់គំនិតផលិតនិងអាជីវកម្ម អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា កសាងទម្រង់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ជីវភាពកសិករ និងអភិវឌ្ឍវិស័យកសិកម្មសម័យទំនើប និងចីរភាពរបស់ទីក្រុង”៕
កាវហ្វាន់ - វ៉ាន់តឹន