26/01/2026 - 23:02

កម្មវិធី "ចែករំលែកក្តីស្រឡាញ់" លើកទី ៩ ចលនាទឹកប្រាក់បានជាង ២,៤ ពាន់លានដុង សម្រាប់ឧបត្ថម្ភអ្នកជំងឺមានស្ថានភាពលំបាក 

- នៅរសៀល​ថ្ងៃទី ២៥ ខែមករា មន្ទីរពេទ្យពហុព្យាបាលមជ្ឈិមទីក្រុងកឹងធើ បានចាត់តាំងកម្មវិធី "ចែករំលែកក្តីស្រឡាញ់" លើកទី៩។

តាមប្រសាសន៍វេជ្ជបណ្ឌិត ឯកទេស២ ផាមថាញផុង នាយករងមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមទីក្រុងកឹងធើ នេះជាកម្មវិធីប្រចាំឆ្នាំដើម្បីបង្កើតមូលនិធិឧបត្ថម្ភដល់អ្នកជំងឺមានស្ថានភាពលំបាកកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ ឆ្នាំ ២០២៥ ដោយមានការព្រួតដៃរបស់ស្ថាប័ន អង្គភាព និងសប្បុរសជន មន្ទីរពេទ្យឧបត្ថម្ភអ្នកជំងឺដែលមានស្ថានភាព​លំបាកបានជាង ២.៦០០ នាក់ គិតជាទឹកប្រាក់សរុបជាង ៩ ពាន់លានដុង។ ក្រោយពីបង្កើតបាន ៨ ឆ្នាំ ការិយាល័យការងារសង្គមរបស់មន្ទីរពេទ្យ ចលនាទឹកប្រាក់បានជិត ៣៦,៦ ពាន់លានដុង ដើម្បីឧបត្ថម្ភអ្នកជំងឺជិត ៨.៩០០ លើកនាក់។

វេជ្ជបណ្ឌិត ឯកទេស ២ ង្វៀងមិញង៉េម (ខាងឆ្វេង) នាយករងមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមទីក្រុងកឹងធើ ទទួលទឹកប្រាក់១,២៥ពាន់លានដុង ពីធនាគារឧស្សាហពាណិជ្ជកម្មវៀតណាម - សាខាទីក្រុងកឹងធើឧបត្ថម្ភ។ 

វេជ្ជបណ្ឌិត ផាមថាញ់ផុង បានថ្លែងអំណរគុណចំពោះការរួមដំណើរ រួមចំណែកដ៏មានតម្លៃរបស់សិល្បករ សប្បុ​រសជន អង្គភាពឧបត្ថម្ភ អង្គការ និងបុគ្គលទាំងក្នុង និងក្រៅភូមិភាគ ដែលបានព្រួតដៃរួមជាមួយកម្មវិធី។ មន្ទីរពេទ្យនឹងបន្តរក្សា និងអភិវឌ្ឍនូវសកម្មភាពមនុស្សធម៌ ឆ្ពោះទៅកាន់ទិសថែទាំអ្នកជំងឺគ្រប់ជ្រុងជ្រោយ ដើម្បីមិនចោលនរណាម្នាក់នៅខាងក្រោយ ក្នុង​ការប្រឆាំងនឹងជំងឺតម្កាត់។

វេជ្ជបណ្ឌិត ឯកទេស២​ ផាមថាញផុង នាយករងមន្ទីរពេទ្យពហុព្យាបាលមជ្ឈិមទីក្រុងកឹងធើ ប្រគល់ប្រាក់ឧបត្ថម្ភដល់អ្នកជំងឺដែលមានស្ថានភាពលំបាក។

ជិតឈានចូលឆ្នាំថ្មី ឆ្នាំ២០២៦ បរិយាកាសរបស់កម្មវិធីមានភាពកក់ក្តៅ និងអ៊ូអរ ដោយមានការចូលរួមមនុស្សធម៌ស្ម័គ្រចិត្តរបស់សិល្បករល្បីៗ ដូចជា៖ សិល្បករប្រជាជន ត្រុងហ៊ឺវ តារាចម្រៀង ឡាមត្រឿង សិល្បករ ប៊ូយទ្រុងឌាំង បវរកញ្ញាវប្បធម៌មិត្តភាពអន្តរជាតិឆ្នាំ ២០២៥ ម៉ាយថាញ់ទ្រុក រួមជាមួយសិល្បករ-សីល្បះ​ការិនី ម៉ាយអាងថាញ ហាយលិញ ទ្រុកម៉ាយ គឹមង៉ឹង និងហាយឌឿងជាដើម។

នៅក្នុងកម្មវិធី គណៈចាត់តាំងកម្មវិធីបានប្រគល់ប្រាក់ឧបត្ថម្ភដល់អ្នកជំងឺចំនួន៥៥នាក់ ដែលមានស្ថានភាពលំបាកកំពុងទទួលការព្យាបាល គិតជាទឹកប្រាក់សរុបជាង ១១០ លាន​ដុង។ កម្មវិធីនេះក៏បានទទួលប្រាក់ឧបត្ថម្ភជាង ២,៤ ពាន់លានដុង សម្រាប់ផែនការឧបត្ថម្ភអ្នកជំងឺនៅឆ្នាំ ២០២៦ ផងដែរ៕

យោង៖ baocantho.com.vn - វិមាន

ចែករំលែកអត្ថបទ