ក្រោយរយៈពេលជាង ១០ ឆ្នាំផ្សព្វផ្សាយកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំតាយវ៉ាន់ ក្រុងកឹងធើ បានផ្លាស់ប្តូរមុខមាត់និងពោរពេញទៅដោយថាមពលជីវិត។ ចំណុចលេចធ្លោជាងគេបង្អស់ក្នុងដំណើរការប្ដូរផ្លាស់ គឺផ្លូវដាំផ្កាដែលពោរពេញដោយផ្កាចម្រុះពណ៌។ល។

ផ្លូវដាំផ្កាភូមិតាដោក ឃុំតាយវ៉ាន់ ក្រុងកឹងធើ។ រូបថត៖ ហុងតើ
លេចធ្លោជាងគេនោះគឺផ្លូវដាំផ្កានៅភូមិតាដោក មានប្រវែង ១.២០០ ម៉ែត្រ ចាប់ពីកន្លែងប្រសព្វជាមួយនឹងផ្លូវ ៣៤៩ B រហូតដល់ចុងភូមិ ដោយបានវិនិយោគកសាងនៅឆ្នាំ ២០២២ សរុបថវិកាជិត ៣ ពាន់លានដុង។ មិនត្រឹមតែផ្ទៃផ្លូវធំទូលាយស្អាតបាតប៉ុណ្ណោះទេ ដងផ្លូវនេះមានភាពលេចធ្លោដោយសារភាពស្រស់ស្អាតនៃផ្កាត្រែងលឿងរាប់ពាន់ដើម រួមជាមួយនឹងផ្កាលម្អពណ៌ផ្កាឈូករាប់រយដើមដែលដាំ និងថែទាំដោយប្រជាជននិងរដ្ឋអំណាចទៀតផង។ ទូទាំងដងផ្លូវមានផ្កាត្រែងលឿងប្រហែល ៣.០០០ ដើមនិងផ្កាលម្អពណ៌ផ្កាឈូក ៤០០ ដើម ត្រូវបានដាំចម្រុះគ្នា បង្កើតជាទិដ្ឋភាពធម្មជាតិស្រស់ស្អាតនិងពោរពេញដោយថាមពលជីវិត។

ប្រជាជនកំពុងថែទាំផ្កានៅតាមដងផ្លូវ។ រូបថត៖ ហុងតើ
ក្រៅពីមានទេសភាពស្រស់ស្អាត ដងផ្លូវថែមទាំងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៤១ និងស្ពានថ្មីចំនួន ៤ ដោយចំណាយថវិកាសរុបជាង១ពាន់លានដុង។ សំណង់ទាំងនេះមិនត្រឹមតែបង្កើនគុណភាពចរាចរណ៍ប៉ុណ្ណោះទេ នៅទាំងរួមចំណែកធានាសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ពេលរាត្រី បង្កើតអារម្មណ៍ សុវត្ថិភាពជូនប្រជាជនខណៈពេលធ្វើដំណើរទៅមកទៀតផង។
តាមប្រសាសន៍លោក ថាច់ក្វឹកថាយ ប្រធានការិយាល័យវប្បធម៌-សង្គមឃុំតាយវ៉ាន់ អតីតប្រធានគណៈកម្មាធិការប្រជាជនឃុំ ផ្លូវដាំផ្កាមិនត្រឹមតែជាលទ្ធផលនៃការចលនាប្រឡងប្រណាំងប៉ុណ្ណោះទេ នៅទាំងជាសក្ខីភាពបញ្ជាក់ពីការទទួលខុសត្រូវរបស់សហគមន៍ទាំងមូលក្នុងការកសាងទេសភាពរស់នៅបៃតង - ជ្រះ - ស្អាតទៀតផង។ ដោយសារការចូលរួមយ៉ាងសកម្មនៃអង្គការមហាជននានា មានដូច៖ សមាគមនារី សម្ព័ន្ធយុវជន សមាគមកសិករ រួមជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ដងផ្លូវតែងបានរក្សានិងថែទាំជារឿយៗ។
ប្រជាជនមិនត្រឹមតែរួមវិភាគទានកម្លាំងប៉ុណ្ណោះទេ ថែមទាំងយល់ច្បាស់ពីតម្លៃស្មារតីដែល អាស្រ័យផ្លូវដាំផ្កានាំមកទៀតផង។ ពូត្រឹងសារ៉ង ប្រជាជននៅភូមិតាដោក ឃុំតាយវ៉ាន់ បានសម្ដែងក្ដីរីករាយ៖ “ពីមុននេះ តាមសងខាងផ្លូវមុខផ្ទះសុទ្ធតែស្មៅតែ ឥឡូវបានសម្លឹងឃើញផ្ការីករាល់ថ្ងៃ។ តាមអ្នកណាដើរឆ្លងកាត់ក៏សរសើរថាស្អាត! មាមីងគ្រប់គ្នាក្នុងភូមិតែងមានស្មារតីរក្សា ថែទាំ ម្ល៉ោះហើយដងផ្លូវពេលណាក៏ជ្រះស្អាតនិងល្ហើយត្រជាក់ជានិច្ច”។
មិនត្រឹមតែបង្កើតសោភណភាពប៉ុណ្ណោះទេ ផ្លូវដាំផ្កាឃុំតាយវ៉ាន់ថែមបានរួមចំណែកលើកកម្ពស់ស្មារតីការពារបរិស្ថាន កាត់បន្ថយកាក់សំណល់ប្លាស្ទិកក្នុងសហគមន៍។ ការរួមគ្នាកាប់ឆ្ការព្រៃ បោសសម្អាត ថែទាំផ្កាធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋអំណាចនិងប្រជាជនកាន់តែជិតស្និទ្ធទន្ទឹមនឹងនោះ បានរួមចំណែកអនុវត្តសម្រេចលក្ខឋានទី ១៧ - លក្ខឋានស្ដីពីបរិស្ថានក្នុងក្រមលក្ខឋាន កសាងជនបទថ្មី។ អាស្រ័យហេតុនោះ នៅដើមឆ្នាំ២០២៥ ឃុំតាយវ៉ាន់(ចាស់) ត្រូវបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មីជាផ្លូវការ - ដែលជាសមិទ្ធផលមួយដ៏ធំធេង ក្នុងនោះ ដោយមានការរួមចំណែកពីផ្លូវដាំផ្កានេះផងដែរ៕
អត្ថបទនិងរូបថត៖ ហុងតើ - បកប្រែ៖ ថាច់ធី