10/03/2025 - 15:31

សក្ដា​នុភាព​របស់​ផ្សិត​ជួយ​បង្ការ​ប្រ​ឆាំង​ជំងឺ​ផ្ដា​សាយ 

អស់​ជា​ច្រើន​សត​វត្ស​មក​ហើយ ផ្សិត​មិន​ត្រឹម​តែ​ជា​ប្រ​ភេទ​អា​ហារ​ដែល​មាន​តម្លៃ​ខ្ពស់​ចំ​ពោះ​រស​ជាតិ​យ៉ាង​ពិ​សេស​នោះ​ទេ ថែម​ទាំង​បាន​គេ​សរ​សើរ​ព្រោះ​វា​មាន​លក្ខណ​ពិ​សេស​នៃ​ឱសថ​ជា​ច្រើន រួម​ទាំង​មាន​លទ្ធ​ភាព​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​សម្រាប់​រាង​កាយ​និង​លើក​កម្ពស់​សុខ​ភាព​ទូ​ទៅ​ជា​ដើម។

រូប​ថត៖ News-Medical

ថ្មីៗ​នេះ ក្រុម​អ្នក​ជំ​នាញ​នៅ​សា​កល​វិទ្យា​ល័យ McGill (ប្រ​ទេស​កាណា​ដា) បាន​រក​ឃើញ Beta​-glucan ស​មាស​ភាព​មាន​នៅ​ក្នុង​ផ្សិត​គ្រប់​ប្រ​ភេទ អាច​ដើរ​តួនា​ទី​ជា​របាំង​ការ​ពារ​ជំងឺ​ផ្ដា​សាយ កាត់​បន្ថយ​ជំងឺ​រលាក​សួត ចំ​ពោះ​សត្វ​កណ្ដុរ​ដែល​ឆ្លង​វីរុស​ក្រោយ​ពី​ប្រើ Beta- glucan ម្តង។

មុន​នោះ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​ពិ​សោធន៍ Beta-glucan លើ​សត្វ​កណ្ដុរ បន្ទាប់​មក​បាន​ចម្លង​វីរុស​ផ្ដា​សាយ​ឱ្យ​កណ្ដុរ​មួយ​ចំ​នួន។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​សង្កេត​ឃើញ បើ​ប្រៀប​ជា​មួយ​នឹង​សត្វ​កណ្ដុរ​ដែល​រស់​នៅ​តាម​ធម្ម​តា ក្រុម​កណ្ដុរ​ដែល​បាន​ព្យា​បាល​ដោយ Beta- glucan មាន​ការ​រលាក​សួត​តិច​តួច​បំ​ផុត មុខ​ងារ​សួត​មាន​ភាព​ប្រ​សើរ​ជាង ហើយ​លទ្ធ​ភាព​កើត​ជំងឺ​ធ្ងន់ ឬ​ងាប់​បន្ទាប់​ពី​ឆ្លង​ផ្ដា​សាយ​មាន​កម្រិត​ទាប។

គួរ​ឱ្យ​កត់​សម្គាល់ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ Beta-​glucan ហាក់​ដូច​ជា “រៀប​ចំ​ឡើង​វិញ” កោ​សិ​កា​ភាព​សុាំ​ដើម្បី​ប្រ​ឆាំង​ជំងឺ​ផ្ដា​សាយ​បាន​ល្អ​ប្រ​សើរ។ ជាក់​ស្ដែង ក្រុម​សត្វ​កណ្ដុរ​បាន​ព្យា​បាល​ដោយ Beta​-glucan មាន​បរិ​មាណ Neutrophils - ជា​ប្រ​ភេទ​កោ​សិកា​ភាព​សុាំ​ច្រើន​ជាង។ ជា​ធម្ម​តា Neutrophils បណ្ដាល​ឱ្យ​មាន​ការ​រលាក​ផល​វិបាក​គឺ​ធ្វើ​ឱ្យ​ការ​ឆ្លង​ជំងឺ​ផ្ដា​សាយ​កាន់​តែ​ធ្ងន់​ធ្ងរ។ ប៉ុន្តែ​ការ​ព្យា​បាល​ដោយ Beta-glucan បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​មុខ​ងារ​របស់ Neutrophils និង​ធ្វើ​ឱ្យ​កោ​សិកា​ទាំង​នេះ​ធន់​នឹង​ស្ថាន​ភាព​នៃ​ការ​រលាក​កម្រិត​ខ្ពស់​លើ​សត្វ​កណ្ដុរ។

តាម​បាន​ដឹង​ជា​ច្រើន​ឆ្នាំ​មក​នេះ ប្រ​ភេទ​ថ្នាំ​ផ្ដា​សាយ​ទូ​ទៅ​ត្រូវ​បាន​គេ​សំ​ដៅ​ទៅ​លើ​ថ្នាំ​ប្រ​ឆាំង​វីរុស (ប្រើ​សម្រាប់​កម្ចាត់​វីរុស​ដោយ​ផ្ទាល់) ប៉ុន្តែ​ថ្នាំ​ប្រ​ឆាំង​វីរុស​ក៏​មាន​កម្រិត​អន់​ថយ​ផង​ដែរ។ ដ្បិត​អី មាន​ប្រ​ភេទ​ជំងឺ​ផ្ដា​សាយ​ខ្លះ​មាន​លទ្ធ​ភាព​ធន់​នឹង​ថ្នាំ ហើយ​ក៏​មិន​មែន​អ្នក​ជំងឺ​ណា​ក៏​សម​ប្រ​កប​នឹង​ថ្នាំ​ប្រ​ឆាំង​វីរុស​នោះ​ដែរ។ អា​ស្រ័យ​ហេតុ​នោះ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​បាន​ស្នើ​ឱ្យ​មាន​វិធី​សាស្រ្ត​ខិត​ជិត​មួយ​ផ្សេង​ទៀត គឺ​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ភាព​សុាំ​របស់​រាង​កាយ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​មេ​រោគ បើក​នូវ​ទំ​ព័រ​ថ្មី​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​ផ្ដា​សាយ។ ទោះ​បី​ត្រូវ​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម ប៉ុន្តែ​ផ្សិត​អាច​នឹង​ក្លាយ​ជា​សមាស​ភាព​ដ៏​សំ​ខាន់​ម្យ៉ាង​ជួយ​បង្កើន​ភាព​សុាំ​របស់​រាង​កាយ និង​ការ​ពារ​ប្រ​ឆាំង​នឹង​ប្រ​ភេទ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ជាក់​ជា​មិន​ខាន៕ 

កា​សែត​កឹង​ធើ - ថាច់​ធី

 

 

ចែករំលែកអត្ថបទ