ប៉ុស្តិ៍ការពារព្រំដែនវិញហាយ ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង មិនត្រឹមតែធ្វើបានល្អនូវការងារការពារអធិបតេយ្យ សន្តិសុខព្រំដែនតំបន់សមុទ្រប៉ុណ្ណោះទេ ថែមទាំងជួយដល់គ្រួសារក្រីក្រជាជនជាតិភាគតិចលំនឹងជីវភាពទៀតផង។
.jpg)
ល្វែងផ្សារណាត់សូន្យដុងសម្រាប់អ្នកក្ររបស់ប៉ុស្តិ៍ការពារព្រំដែនវិញហាយ។
ឆ្នាំកន្លង ប៉ុស្តិ៍ការពារព្រំដែនវិញហាយ បានសហការជាមួយសមាគមនារីកងទ័ពការពារព្រំដែន ចលនាសប្បុរសជនរៀបចំ “ល្វែងផ្សារណាត់សូន្យដុង” ជូនអំណោយរាប់រយចំណែកដល់គ្រួសារមានស្ថានភាពលំបាក មនុស្សចាស់គ្មានទីពឹង និងជនពិការនៅលើភូមិសាស្រ្តតំបន់ព្រំដែនសមុទ្រ។ អំណោយរួមមាន៖ សម្លៀកបំពាក់ បន្លែបង្ការ អង្ករនិងគ្រឿងឧបភោគបរិភោគ។ ដោយឡែកបន្លែបង្ការគឺអង្គភាពដាំដុះផ្ទាល់ដើម្បីជួយផ្គត់ផ្គង។ អនុវត្តកម្មវិធី “ជំរុញដំណើរប្អូនៗទៅសាលា កូនធម៌ប៉ុស្តិ៍ការពារព្រំដែន” អង្គភាពកំពុងឧបត្ថម្ភប្អូនៗចំនួន ១១ នាក់ ដែលមានស្ថានភាពគ្រួសារលំបាក (ឧបត្ថម្ភម្នាក់ ៥០០.០០០ដុង/ខែ) អាស្រ័យកម្មាភិបាល យុទ្ធជនរួមវិភាគទាន។ ចលនាសប្បុរសជនជូនកង់បាន ៦ គ្រឿងនិងអាហារូបករណ៍ ៥០ ចំណែកដល់សិស្សក្រីក្រមានស្ថានភាពលំបាក; ជូនផ្ទះមហាសាមគ្គី និងអំណោយរាប់រយចំណែកទឹក ស្អាតប្រើប្រាស់ចំនួន ២៣០ ធុង (៣០ លីត្រ/ធុង); ទឹកសុទ្ធ១.៩៥០ ធុង និងទឹកសុទ្ធដបចំនួន ៣០០ កេស ជូនគ្រួសារលំបាក មនុស្សចាស់គ្មានទីពឹង ជនពិការ ។ល។ ឆ្លងតាមរយៈនោះ ជួយប្រជាជនឆ្លងកាត់ការលំបាក លំនឹងជីវភាព។
លោកឡឹមវ៉ាន់កាវ នៅឃុំឡាកហ្វា ទីរួមខេត្តវិញចូវ ឱ្យដឹង៖ “អាស្រ័យការជួយឧបត្ថម្ភរបស់ក្មួយៗកងទ័ពការពារព្រំដែន ទើបខ្ញុំមានផ្ទះឥដ្ឋថ្មីស្នាក់នៅ។ រៀងរាល់ថ្ងៃខ្ញុំដើរលក់ឆ្នោត បានត្រឹមតែគិតគូរការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ។ កូនប្រុសខ្ញុំមានជំងឺ ម្ល៉ោះហើយក្មួយៗកងទ័ពការពារព្រំដែនតែងមកជូនអំណោយ អង្ករ បន្លែបង្ការ មី និងគ្រឿងឧបភោគបរិភោគជារឿយៗ ជួយគ្រួសារខ្ញុំសម្រាលការលំបាក”។ ចំណែកប្អូនគឹមធីលៀង រៀនថ្នាក់ទី៦ អនុវិទ្យាល័យវិញហាយ ឱ្យដឹង៖ “គ្រួសារប្អូនក្រ ម្តាយធ្វើការឈ្នួលឱ្យគេនៅក្នុងភូមិ គ្មានលទ្ធភាពគិតគូរឱ្យប្អូនរៀនសូត្រ ហេតុនោះឆ្នាំរៀនថ្នាក់ទី ៤ ម្តាយបង្ខំចិត្តឱ្យប្អូនឈប់រៀន។ ពេលដឹងដំណឹងនេះ ពូៗកងទ័ពការពារព្រំដែនបានមកចលនាដល់ផ្ទះ និងជួយឱ្យប្អូនបានទៅរៀនបន្ត។ ជាង៣ឆ្នាំមកនេះ ខែណាក៏ពូៗកងទ័ពមកឱ្យប្រាក់ អង្ករ បន្លែបង្ការ ត្រី សាច់។ល។ ចំណែកដើមឆ្នាំសិក្សាឱ្យប្រាក់ ខោ អាវ កាតាប ប៊ិក សៀវភៅ ។ល។ ហេតុនោះប្អូនសន្យានឹងខិតខំរៀនឱ្យបានពូកែ ដើម្បីមិនឱ្យពូៗ កងទ័ពខកបំណងឡើយ”។
វរសេនីយ៍ឯក ង្វៀងយ្វីខាញ់ ស្នងការនយោបាយរងប៉ុស្តិ៍ការពារព្រំដែនវិញហាយ ឱ្យដឹង៖ “ជាមួយទិសស្លោក “ប៉ុស្តិ៍ជាផ្ទះ ព្រំដែនជាស្រុកកំណើត ជនរួមជាតិភាគតិចជាបងប្អូនបង្កើត” កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន តែងពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន រួមគ្នាចែករំលែកការលំបាកជាមួយជនរួមជាតិនៅតំបន់ព្រំដែនសមុទ្រ។ ពេលខាងមុខ អង្គភាពនឹងចលនាសប្បុរសជន ព្រួតដៃឧបត្ថម្ភសាងសង់ផ្ទះ ជូនអំណោយដល់មាមីងខ្មែរ ដើម្បីមាមីងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅ”៕
លីធាន-វិមាន