ដើម្បីគ្រប់គ្រងជំងឺគ្រុនឈាម និងផ្តាសាយ មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ ខេត្តត្រាវិញ បានចង្អុលការដំណាក់សុខាភិបាលឃុំលឿងហ្វា សហការជាមួយផ្នែកពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីរោគឆ្លងរាលដាល។


ប្រជាជននាំកូនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំលឿងហ្វា។
លោកថាច់សិរីសុខាវឌ្ឍន៍ អនុប្រធានដំណាក់សុខាភិបាលឃុំលឿងហ្វា ឱ្យដឹង៖ “ជំងឺផ្តាសាយ គ្រុនឈាម គឺជាជំងឺឆ្លងរាលដាលអាស្រ័យមេរោគបង្កឡើងដល់មនុស្សធំនិងកុមារ។ មាមីងភាគច្រើនដែលមកដំណាក់សុខាភិបាលពិនិត្យជំងឺសុទ្ធតែមានអាការៈក្អកនិងក្តៅខ្លួនខ្លាំង។ មេរោគឆ្លងពីមនុស្សឈឺទៅមនុស្សជាច្រើនកើនឡើងនៅពេលអាកាសធាតុត្រជាក់។ ជំងឺច្រើនតែកើតមានលើកុមារ និងមនុស្សធំ ហេតុនោះ ដំណាក់សុខាភិបាលផ្តល់អនុសាសន៍ដល់មាមីង មិនគប្បីទៅកន្លែងមានមនុស្សច្រើនកុះករនិងត្រូវពាក់ម៉ាស់ជាប្រចាំ។ ពិសេស គឺទារកទើបកើតអង្គបដិបក្ខប្រាណនៅខ្សោយ ដើម្បីចៀសវាងករណីកុមារកើតជំងឺផ្តាសាយ ឪពុកម្តាយគប្បីនាំកូនទៅចាក់វ៉ាក់សាំងទូទៅ ឬចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ”។
ដើម្បីទប់ស្កាត់ស្ថានភាពជំងឺគ្រុនឈាមរាលដាល មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ បានចង្អុលការដំណាក់សុខាភិបាលឃុំលឿងហ្វា អនុវត្តល្អការបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ ២០២៥។ ផ្សព្វផ្សាយដល់ប្រជាជនសកម្មចូលរួមអនុវត្តចលនាអនាម័យបង្ការជំងឺ អនាម័យប្រភពទឹក; រៀបចំយុទ្ធនាការកម្ចាត់ដង្កូវទឹក មូស និងកាប់ឆ្ការសម្អាតស្មៅព្រៅជុំវិញផ្ទះ។ ដោយការអនុវត្តល្អនិងមានប្រសិទ្ធភាពផែនការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ទូទាំងឃុំកើតមានជំងឺគ្រុនឈាមតែ ៤ ករណី កំពុងព្យាបាល។ បងស្រី សើុងធីសាហ្វឹង នៅភូមិបត់ចេក ឃុំលឿងហ្វា ឱ្យដឹង៖ “គ្រួសារខ្ញុំមានកូនតូច ខ្ញុំតែងយកចិត្តទុកដាក់ដល់ការបង្ការទប់ស្កាត់ជំងឺ សម្អាតស្មៅព្រៅជុំវិញផ្ទះមិនឱ្យមូសមានកន្លែងជ្រក”។
លោកត្រឿងសួន នៅភូមិសំបួរ ឱ្យដឹង៖ “ខ្ញុំកើតជំងឺទឹកនោមផ្អែមនិងសម្ពាធឈាមខ្ពស់។ ប៉ុន្មានថ្ងៃនេះ អាកាសធាតុត្រជាក់ ហេតុនោះ ខ្ញុំមានអាការៈក្អកខ្លាំង សង្ស័យកើតជំងឺផ្តាសាយ ទើបឱ្យកូនឌុបមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំ បានវេជ្ជបណ្ឌិតណែនាំយ៉ាងហ្មត់ចត់ ពីរបៀបថែទាំសុខភាព និងបង្ការជំងឺដោយការពាក់ម៉ាស់ ខ្ពុរមាត់ដោយទឹកអំបិល ទើបកាត់បន្ថយអាការៈក្អក ខ្ញុំស្ងប់អារម្មណ៍ខ្លាំងណាស់”៕
សើុងម៉ាល័យ-វិមាន