អស់រយៈពេលជាង ១៤ ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំតាយវ៉ាន់ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានធ្វើឱ្យមុខមាត់ជនបទមានភាពរីកចម្រើន។
ផ្លូវជនបទនៅឃុំតាយវ៉ាន់ឧស្សាហ៍បានអនាម័យជ្រះស្អាត។
ជាឃុំលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ ម្ល៉ោះហើយឃុំតាយវ៉ាន់ត្រូវបានរដ្ឋវិនិយោគជាច្រើនគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ព្រោះហេតុនោះ ពេលផ្សព្វផ្សាយអនុវត្តកម្មវិធីកសាងជនបទថ្មី ឃុំបានម្ចាស់ការរវៀសរវៃគួបផ្សំប្រភពទុនជាច្រើនពីកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនជាតិភាគតិច និងកម្មវិធី គម្រោងផ្សេងៗទៀត។ អាស្រ័យហេតុនោះ មកទល់បច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្រ្តលើភូមិសាស្រ្ដជាសារវន្តឆ្លើយតបតម្រូវការផលិតកម្ម និងប្រជុំជីវភាពរបស់ប្រជាជន។ ផ្ដើមពីនោះ ប្រជាជនមិនរារែកផ្លាស់ប្ដូរផលិតកម្ម ប្រើប្រាស់វិទ្យាសាស្រ្តបច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ។ ឆ្នាំ ២០២៤ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចជាង ៥៩ លានដុង/ឆ្នាំ; អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម១,៨%។
សាលារៀនបានវិនិយោគកសាងសមរម្យ កូនចៅជនរួមជាតិខ្មែរបានទៅរៀនគ្រប់គ្នា។
ក្រោយរយៈពេល ១៤ ឆ្នាំកសាងជនបទថ្មី ឃុំបានកៀរគរប្រភពទុនជាង ១២៨ ពាន់លានដុង សម្រាប់វិនិយោគកសាងសំណង់ជាច្រើន មានដូច៖ ស្ពានបេតុងជនបទ ផ្លូវជនបទ សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី ទឹកប្រើប្រាស់។ល។ ចំណាប់អារម្មណ៍នឹងតំបន់ជនបទរីកចម្រើន លោក គឹមងើុ នៅភូមិហាបូ ឱ្យដឹង៖ “ពីមុន ដងផ្លូវនេះ តូចចង្អៀតនិងរងការខូចខាតច្រើន ប្រជាជនធ្វើដំណើរទៅមកលំបាកខ្លាំងណាស់។ ពេលកសាងជនបទថ្មី រដ្ឋអំណាចបានកៀរគរប្រជាជនស្ម័គ្រចិត្តចូលរួមបរិច្ចាគដី ពង្រីកផ្លូវបេតុង៣ម៉ែត្រ និងដាំផ្កាតាមដងផ្លូវ។ ជាពិសេស មាមីងរួមវិភាគទានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ កសាងបង្គោលទង់ បានជាថ្ងៃបុណ្យចូលឆ្នាំថ្មីឬថ្ងៃបុណ្យជាតិ តែងមានទង់ក្រហមផ្កាយលឿងបក់រវិចញុាំងឱ្យតំបន់ជនបទភ្លឺ បៃតង ជ្រះ ស្អាត”។ ចំណែកបងឡឹមវ៉ាន់យ៉ាង នៅភូមិត្រាដក ឱ្យដឹង៖ “បច្ចុប្បន្ន ផ្លូវក៏បានពង្រីកធំ ផ្លូវលំចូលមកកាន់តំបន់តាំងទីលំនៅក៏បានមាមីងរួមគ្នាចាក់បេតុង ម្ល៉ោះហើយការដឹកបន្លែបង្ការ ទឹកដោះគោចេញទៅលក់នៅមជ្ឈមណ្ឌលឃុំក៏ងាយស្រួល។ ជាពិសេស រដ្ឋបានយកចិត្តទុកដាក់ឧបត្ថម្ភសង់លំនៅឋាន ឱ្យទុនបុល ផ្តល់គោ។ល។ ជូនដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះហើយអ្នកណាក៏ប្រឹងប្រែងរកស៊ីដើម្បីធ្វើមានដែរ។ បច្ចុប្បន្ន នៅតាមជនបទគ្មាននៅផ្ទះស្លឹកនោះទេ ជំនួសវិញនោះគឺ ផ្ទះឥដ្ឋរឹងមាំ បានជាភូមិស្រុកនៅតាយវ៉ាន់ ពិតជាមានភាពរីកចម្រើនមែន”។
លោក ថាច់ក្វឹកថាយ ប្រធានគណៈកម្មាធិការប្រជាជនឃុំតាយវ៉ាន់ អះអាង៖ “បច្ចុប្បន្ន ឃុំបានអនុវត្តសម្រេច ១៩/១៩ លក្ខឋានស្ដីពីកសាងជនបទថ្មី និងសម្រេចសំណុំបែបបទលើកជូនគណៈកម្មាធិការប្រជាជនខេត្ត ពិនិត្យទទួលស្គាល់សម្រេចបទដ្ឋាន។ លទ្ធផលនោះ ក្រៅពីប្រភពទុននៃកម្មវិធីទិសដៅជាតិវិនិយោគ គឺអាស្រ័យកម្លាំងសាមគ្គីរបស់ប្រជាជនដែលរួមកម្លាំងនឹងរដ្ឋអំណាចកសាងជនបទថ្មីផងដែរ។ បច្ចុប្បន្ន តំបន់ជនបទនៃឃុំតាយវ៉ាន់បានគ្របដណ្ដប់ដោយមុខមាត់នៃជនបទថ្មី”៕
យ្វីអាញ់ - ថាច់ធី