ដោយឆន្ទៈនិងកម្លាំងចិត្តរបស់យុវជន បងគឹមវ៉ាន់វ៉ូវ នៅភូមិតឹងង៉ុក ឃុំង៉ុកចាញ់ ស្រុកដឹមយើុយ ខេត្តកាម៉ាវ មិនញញើតក្នុងការលំបាក ខ្នះខ្នែងរៀនសូត្រនិងមោះមុតក្នុងការជ្រើសរើសទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីអនុវត្តអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងឈានឡើងធូរធារ។
កង្កែបចិញ្ចឹមជាង ២ ខែអាចប្រមូលផលក្នុងទម្ងន់ ៥ ក្បាល/គីឡូក្រាម។
បញ្ចប់ការសិក្សាផ្នែកវិស្វកម្មគ្រឿងយន្ត បងគឹមវ៉ាន់វ៉ូវ ធ្វើការនៅក្រុងហូជីមិញបានមួយរយៈដោយសារស្ថានភាពគ្រួសារ ដូច្នេះ នៅឆ្នាំ២០២០ បងក៏ត្រឡប់មកស្រុកកំណើតវិញ ដោយប្តេជ្ញាស្វែងរកទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនៅស្រុកកំណើត។ ក្រោយរយៈពេលស៊ូទ្រាំក្នុងការសិក្សាស្រាវជ្រាវ និងសន្សំបទពិសោធន៍រួចមក បងវ៉ូវ បានផ្តើមអាជីពដោយប្រើប្រាស់ផ្ទៃដី ២ ហិកតាដើម្បីចិញ្ចឹមបង្គា ក្តាម គួបផ្សំជាមួយការចិញ្ចឹមគ្រែងឈាម។ ក្នុងមួយឆ្នាំ បងប្រមូលផលបាន៣រដូវ ផាត់ទាត់រួចនៅចំណេញ ២០០ លានដុង។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច បងក៏បានចិញ្ចឹមមាន់ ត្រី និងកង្កែបបន្ថែម។
បងគឹមវ៉ាន់វ៉ូវ ថែកូនមាន់ទើបញាស់។
តាមសម្ដីបងវ៉ូវ រាល់សត្វចិញ្ចឹមមានភាពធាត់ធំខុសៗគ្នា ដូច្នេះគាត់តែងសិក្សាបទពិសោធន៍និងបច្ចេកទេសដើម្បីអនុវត្តនិងថែទាំ។ អាស្រ័យហេតុនេះ សត្វចិញ្ចឹមធាត់ធំល្អនិងផ្តល់ទិន្នផលខ្ពស់ ផ្តើមពីនោះ អតិថិជនជាច្រើនមានទំនុកចិត្តមករកទិញ ដូច្នេះច្រកចេញមានភាពលំនឹង។ ចំពោះការចិញ្ចឹមកង្កែបវិញ បងវ៉ូវ ចែករំលែក៖ “ក្រៅពីចំណីឧស្សាហកម្ម គឺអាស្រ័យលើត្រីបង្កិចបង្កោចដែលមានស្រាប់ក្នុងអណ្ដូងជាប្រភពអាហារធម្មជាតិ ដូច្នេះការចិញ្ចឹមកង្កែបមានភាពងាយស្រួល។ ការចិញ្ចឹមកង្កែបក្នុងអាងស៊ីម៉ងត៍ មិនតម្រូវឱ្យមានផ្ទៃដីធំទេ តែត្រូវមានប្រព័ន្ធសន្ទះបិទបើកដើម្បីបញ្ចេញបញ្ចូលទឹក។ ដើម្បីការចិញ្ចឹមមានប្រសិទ្ធភាព គឺគុណភាពនៃពូជត្រូវតែធានា ហើយប្រភពទឹកមិនត្រូវកខ្វក់ឡើយ។ តាំងពីចាប់ផ្តើមចិញ្ចឹមដល់ប្រមូលផលគឺ ២,៥ ខែតម្លៃជាមធ្យមពី៤៥-៥០ ពាន់ដុងក្នុងមួយគីឡូក្រាម”។
មិនត្រឹមតែពូកែធ្វើសេដ្ឋកិច្ចប៉ុណ្ណោះទេ បងវ៉ូវ នៅទាំងខ្នះខ្នែងចូលរួមរាល់ការចលនានិងសកម្មភាពរបស់សម្ព័ន្ធយុវជន។ ទទួលបានទំនុកចិត្តបោះឆ្នោតជាអនុប្រធានភូមិតឹងង៉ុក ចាប់ពីឆ្នាំ២០២១ គាត់តែងអនុវត្តសម្រេចភារកិច្ចដែលបានប្រគល់ឱ្យ; គំរូអនុវត្តនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ កៀរគរសមាជិកសម្ព័ន្ធយុវជននិងប្រជាជនខ្នះខ្នែងពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។ ក្នុងចលនាកសាងជនបទថ្មី មិនត្រឹមតែជាគំរូឈានមុខប៉ុណ្ណោះទេ បងថែមទាំងសកម្មឃោសនា ផ្សព្វផ្សាយដែលថ្នាក់លើចលនា និងកៀរគរប្រជាជនឱ្យចូលរួម ដូច៖ រក្សាអនាម័យបរិស្ថាន បរិច្ចាគដី ធ្វើផ្លូវ រៀបចំផ្ទះសម្បែងឱ្យមានភាពសមរម្យ...។
បង ត្រឹងវុឌ្ឍី លេខាសម្ព័ន្ធយុវជនឃុំង៉ុកចាញ់ មានប្រសាសន៍៖ “ឃុំមានសមាជិកសម្ព័ន្ធយុវជន ៨៨ នាក់ ក្នុងនោះមាន ៣ នាក់ជាជនជាតិខ្មែរ នោះគឺបងគឹមវ៉ាន់វ៉ូវ។ គាត់មិនត្រឹមតែជាយុវជនម្នាក់ឧស្សាហ៍ព្យាយាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ គាត់នៅទាំងស្វាហាប់ក្នុងការច្នៃប្រឌិតជាគំរូឈានមុខរាល់ការចលនា និងសកម្មក្នុងការងាររបស់សម្ព័ន្ធ ក៏ដូចជាចលនាដែលភូមិភាគបំផុស។ បងចែករំលែកបទពិសោធន៍យ៉ាងអស់ពីចិត្ត និងជួយសមាជិកសម្ព័ន្ធដែលមានតម្រូវការរៀនសូត្រ អភិវឌ្ឍន៍សេដ្ឋកិច្ចនិងផ្ដើមអាជីពនៅភូមិភាគ”៕
យោងតាមកាសែតកាម៉ាវ-មេងលី