មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2024 - 15:20

ជម្នះ​លំ​បាក​ដើម្បី​ឈាន​ឡើង​ធូរ​ធារ 

ដោយ​ការ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី មិន​រា​រែក​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផលិត​សម្រេច​ប្រ​សិទ្ធ​ភាព ពូ​ឌៀង​ដេន នៅ​អនុ​សង្កាត់​ទី​៦​ សង្កាត់​ទី​៧ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង បាន​ជួយ​ឱ្យ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ក្លាយ​ជា​គ្រួ​សារ​មួយ​មាន​ជីវ​ភាព​ធូរ​ធារ​ក្នុង​ភូមិ​ស្រុក។

 ពូ​ឌៀង​ដេន កំ​ពុង​ប្រ​មូល​ផល​ជីរ​បន្លា។

ដោយ​ឆ្លាត​វៃ​ក្នុង​ពល​កម្ម​ផលិត ម៉្លោះ​ហើយ នៅ​ពេល​ដែល​ឪពុក​ម្ដាយចែក​ដី​ឱ្យ​៣​កុង ពូ​ដេន បាន​ឡើង​ចម្ការ ១ កុង និង​ធ្វើ​ស្រែ ២ កុង។ គាត់​ដាំ​ស្ពៃ​ចង្កឹះ ស្ពៃ​ខៀវ  ខ្ទឹម​ស្លឹក  ត្រ​សក់  ម្រះ    ។ល។ ជា​លក្ខណៈ​បង្វិលជុំ​ដើម្បី​រក​ចំ​ណូល។ ចំ​ណែក​ប្រ​ពន្ធ​គាត់បិត​ស្រា និង​ចិញ្ចឹម​ជ្រូក ដូច្នេះ​លុយ​ដែល​រក​បាន​ក៏​សន្សែ​សន្សំ​ទុក​ទិញ​ដី។ ជា​មួយ​នឹង​វិធី​ធ្វើ​នោះ​ ក្រោយ​រយៈ​ពេល​ជាង ១០ ឆ្នាំ បាន​ជួយ​ឱ្យ​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ហើយ​មាន​ដី​ដល់​ទៅ ១២ កុង។ ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ នៅ​ពេល​អា​ជីព​បិត​ស្រា​និង​ចិញ្ចឹម​ជ្រូក​លែង​អំ​ណោយ​ផល ពូ​ដេន បាន​ប្តូរ​មក​ចិញ្ចឹម​គោ​វិញ។ សម្រាប់​ដី​ដាំ​ដំ​ណាំ​វិញ គាត់​ឡើង​ចម្ការ​ថែម ១ កុង​ទៀត ដើម្បី​ប្តូរ​ទៅ​ដាំ​ជីរ បន្លា​ទាំង​អស់ ហើយ​ជុំ​វិញ​គាត់​ដាំ​ស្មៅ​គោ។ ពូ​ដេន រៀប​រាប់៖ “ការ​ដាំ​ជីរ​បន្លា មិន​សូវ​ចំ​ណាយ​ពេល​ថែ​ទាំ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់ ហើយ​ថែម​ទាំង​ប្រើ​ប្រាស់​សំ​ណល់​ខ្លះៗ​ជា​ចំ​ណី​សម្រាប់​គោ​ផង​ដែរ។ ខ្ញុំ​ដាំ​ជីរ​បន្លា​តាម​បែប​សរីរាង្គ ធ្វើ​ឱ្យ​ដី​មាន​ជី​ជាតិ​ល្អ​និង​ប្រើ​ជី​គី​មី​តិច ហើយ​តិច​មាន​សត្វ​ល្អិត ជីរ​លូត​លាស់​ល្អ​និង​ផ្ដល់​ទិន្ន​ផល​ខ្ពស់។ ដាំ​ជីរ​បន្លា ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ប្រ​មូល​ផល ៣ លើក ក្នុង​នោះ ប្រ​មូល​ផល​ស្លឹក ២ លើក និង​គ្រាប់​ពូជ​មួយ​លើក”។ បើ​តាម​ពូ​ដេន ស្លឹក​ជីរ​បន្លា​ផ្តល់​ទិន្ន​ផល​ប្រ​ហែល ៣.៥ តោន/​កុង/​រដូវ លក់​ក្នុង​តម្លៃ ចាប់​ពី ១២.​០០០ ដុង ដល់ ១៥.០០០ ដុង/​គីឡូ​ក្រាម ចំ​ណែក​គ្រាប់​ពូជ​ប្រ​មូល​ផល​បាន​ប្រ​ហែល ៧០ គី​ឡូ​ក្រាម​/កុង លក់​ក្នុង​តម្លៃ​ជាង ៣០០​.០០០ ដុង​/គីឡូ​ក្រាម។

ពូ ឌៀង​ដេន កំ​ពុង​ឱ្យ​ចំ​ណី​គោ។

បច្ចុប្បន្ន ពូដេន ចិញ្ចឹម​គោ​បា​រាំង​បាន​ចំ​នួន ១០ ក្បាល ក្នុង​នោះ មាន​គោ​មេ ៤ ក្បាល គោ​ចំ​ទង់ ៤ ក្បាល និង​គោ​កូន ២ ក្បាល។ ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ គាត់​លក់​ពី ៣-៤ ក្បាល ក្នុង​តម្លៃ​ជាង ៣០ លាន​ដុង​ក្នុង​មួយ​ក្បាល។ ចំ​ណែក​ដី​ស្រែ ១០ កុង​គាត់​ធ្វើ​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់ ដូច​ជា៖ ពូជ​ស្រូវ ST25 ពូជ​ស្រូវ​ក្រ​អូប និង​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន ដូច្នេះ សម្រេច​បាន​ទិន្ន​ផល​និង​ប្រាក់​ចំ​ណូល​ខ្ពស់។ ពូដេន ឱ្យ​ដឹង៖ “ដាំ​ជីរ​បន្លា ១ កុង​រក​បាន​ប្រាក់​ចំ​ណេញ​ជាង ៤០ លាន​ដុង​/រដូវ ស្មើ​នឹង​ធ្វើ​ស្រែ​ចំ​នួន ១០ កុង។ ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​សារ​ដាំ​ជីរ​បន្លា ចិញ្ចឹម​គោ​បា​រាំង​និង​ធ្វើ​ស្រែ​ពូជ​ស្រូវ​ក្រ​អូប​លក់​បាន​ថ្លៃ​និង​ផ្ដល់​ប្រាក់​ចំ​ណេញ​ច្រើន ទើប​ជីវ​ភាព​របស់​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​គ្រាន់​បើ សង់​បាន​ផ្ទះ​ធំ​ទូ​លាយ និង​ទិញ​បាន​របស់​របរ​ប្រើ​ប្រាស់​គ្រប់​សព្វ”៕

                                   យ្វី​អាញ-មេង​លី

ចែករំលែកអត្ថបទ