មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/11/2024 - 15:07

កសិករ​ប្ដេជ្ញា​ចិត្ត​ធ្វើ​មាន 

ប៉ិន​គិត​គូរ  ហ៊ាន​វិនិ​យោគ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច  លោក​ពូឡឹម​ស៊ា  ស្នាក់​នៅ​អនុ​សង្កាត់​២ សង្កាត់​៥ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង បាន​ក្លាយ​ជា​សេដ្ឋី​តំបន់​ជន​បទ។

លោក​ពូឡឹម​ស៊ា។ 

សព្វ​ថ្ងៃ លោក​ពូឡឹម​ស៊ា រស់​នៅ​ក្នុង​លំ​នៅ​ឋាន​ដ៏​សម​រម្យ ធំ​ទូលាយ មាន​គ្រឿង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​គ្រប់​សព្វ។ ក្បែរ​ផ្ទះ​មាន​ឃ្លាំង​ដ៏​ធំ​មួយ​ទំ​ហំ ២០០០ ម៉ែត្រ​កា​រ៉េ​សម្រាប់​ស្ដុក​ទុក​ចំ​បើង គ្រឿង​ម៉ា​ស៊ីន​កសិកម្ម​និង​សម្ភារៈ​សម្រាប់​បម្រើ​ការ​ងារ​កសិកម្ម។ តាម​ប្រ​សាសន៍ លោក​ពូឡឹម​ស៊ា ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ គឺ​ជា​ដំ​ណាក់​កាល​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង ហ៊ាន​គិត ហ៊ាន​ធ្វើ និង​ហ៊ាន​វិនិយោគ​ក្នុង​ការ​ផលិត ធ្វើ​អា​ជីវ​កម្ម​ដោយ​ពិពិធ​កម្ម​មុខ​របរ​កសិកម្ម។

ក៏​ដូច​ជា​យុវ​ជន​ដទៃ​ទៀត​ដែរ នៅ​ពេល​រៀប​ការ​រួច គាត់​បាន​ឪពុក​ម្ដាយ​ចែក​ដី​ស្រែ​ពីរ​បី​កុង ហេតុ​នោះ ក្រៅ​ពី​ធ្វើ​ស្រែ គាត់​នៅ​ទាំង​រត់​ម៉ូតូ​ឌុប​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ។ ប្ដី​ប្រ​ពន្ធ​លោក​ពូឡឹម​ស៊ា ចាយ​វាយ​ប្រិត​សំ​ចៃ សន្សែ​សន្សំ​លុយ​ទុក​ទិញ​មាស ទិញ​ដី​ស្រែ។ លោក​ពូ​ស៊ា រៀប​រាប់៖ រស់​នៅ​តំបន់​ជន​បទ បើ​ចង់​ធ្វើ​មាន​គឺ​ត្រូវ​មាន​ដី​ស្រែ​ច្រើន។ ហេតុ​នោះ គាត់​ធ្វើ​ស្រែ​បណ្ដើរ រត់​ម៉ូតូ​ឌុប​បណ្ដើរ​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម។ កាល​នោះ រត់​ម៉ូតូ​ឌុប​បាន​ណាស់! ម្ល៉ោះ​ហើយ នរ​ណា​ហៅ​ឌុប​ទៅ​ណា​គឺ​ខ្ញុំ​ទៅ​ហ្នឹង មិន​ថា​ពេល​យប់​ព្រ​លប់​ទេ។ ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​ស្រូវ​និង​រត់​ម៉ូតូ​ឌុប ខ្ញុំ​សន្សែ​សន្សំ​ទិញ​មាស ទិញ​ដី​ស្រែ”។ ចេះ​តែ​ប្រ​ព្រឹត្ត​ទៅ​ដូច្នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រាក់​លក់​ស្រូវ​និង​រត់​ម៉ូតូ​ឌុប សន្សែ​សន្សំ​ទុក​សម្រាប់​ទិញ​ដី​ស្រែ លុះ​ដល់​ឆ្នាំ ២០០៥ លោក​ពូឡឹម​ស៊ា ធ្វើ​ម្ចាស់​លើ​កម្ម​សិទ្ធិ​ដី​ស្រែ​ជាង ១០ ហិក​តា។

លោក​ពូឡឹម​ស៊ា​ ក្បែរ​រថ​យន្ត​ដឹក​ចំ​បើង។

និស្ស័យ​ជា​អ្នក​ប៉ិន​គិត​គូរ ម្ល៉ោះ​ហើយ ពេល​មាន​ដី​ស្រែ​ច្រើន​សម្រាប់​បង្ក​បង្កើន​ផល លោក​ពូឡឹម​ស៊ា វិនិយោគ​ទិញ​ម៉ា​ស៊ីន​សម្រាប់​ធ្វើ​សេវា​កសិកម្ម ដើម្បី​ធ្វើ​មាន។ សព្វ​ថ្ងៃ លោក​ពូស៊ា ទិញ​បាន​ម៉ា​ស៊ីន​ច្រូត​កាត់ ២ គ្រឿង ម៉ា​ស៊ីន​មូរ​ចំ​បើង ៦ គ្រឿង ដ្រូន​កសិកម្ម ២ គ្រឿង។ ជា​មួយ​នឹង​ឧបករណ៍​ធ្វើ​សេវា​កសិកម្ម​នេះ លោក​ពូស៊ា បាន​ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជន​បទ​ជាង ២០ នាក់។ លោក​ពូ​ស៊ា អំ​ណួត៖ “ហ៊ាន​វិនិ​យោគ ទើប​អាច​ធ្វើ​មាន​បាន ចំ​ពោះ​ឧបករណ៍​កសិ​កម្ម​សម្រាប់​ធ្វើ​សេវា​នោះ​គឺ​ម៉ា​ស៊ីន​មូរ​ចំ​បើង ព្រោះ​ការ​លក់​ចំបើង​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​បំផុត។ ជា​មធ្យម​ខ្ញុំ​លក់​ចំ​បើង​ឱ្យ​ឈ្មួញ​កណ្ដាល​នៅ​តាម​ខេត្ត​ក្រុង​នានា​តំបន់​ណាម​បូ​ក្នុង​មួយ​រដូវ​ប្រ​មាណ ៧.០០០ ដុំ (មួយ​ឆ្នាំ​៣​រដូវ) តម្លៃ​ចំ​បើង​មួយ​ដុំ​ពី ២៥.០០០ ដុង​ដល់ ៣៥​.០០០ ដុង។ ក្នុង​មួយ​ឆ្នាំខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​មិន​ក្រោម​ពី ១ ពាន់​លាន​ដុង​ពី​ការ​ធ្វើ​ស្រែ ធ្វើ​សេវា​កសិកម្ម​និង​លក់​ចំ​បើង”។

អា​ស្រ័យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ធ្វើ​មាន លោក​ពូស៊ា បាន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិ​បាល ជូន​បណ្ណ​សរ​សើរ​ពី​ព្រោះ​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា “កសិករ​ផលិត ធ្វើ​អា​ជីវ​កម្ម​ពូ​កែ សាមគ្គី​ជួយ​គ្នា​ធ្វើ​មាន និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព”; បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង  ជូន​លិខិត​សរ​សើរ​ជា​បន្ត​បន្ទាប់។  លោក​ឡេ​អាញ​ត្វឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់  ៥ ឱ្យ​ដឹង៖ “លោក​ឡឹម​ស៊ា ជា​កសិករ​គំរូ ឈាន​ឡើង​ធ្វើ​មាន​ដោយ​កម្លាំង​របស់​ខ្លួន និង​ជា​បុគ្គល​ឈាន​មុខ​ក្នុង​ការ​ធ្វើ​ស្រូវ​គុណ​ភាព​ខ្ពស់ សំ​ខាន់​គឺ​ពូជ​ស្រូវ ST២៥ តាម​ទិស​ដៅ​សរី​រាង្គ។  លោក​ឡឹម​ស៊ា គាត់​រស់​នៅ​មាន​ធម៌​ណាស់ ចូល​ចិត្ត​ធ្វើ​ការ​ងារ​សប្បុ​រស ជួយ​ដល់​អ្នក​មាន​ជីវ​ភាព​ក្រ​ខ្សត់​ក្នុង​ភូមិ​ស្រុក ខ្នះ​ខ្នែង​ចូល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​មូល​ដ្ឋាន។ ជាក់​ស្ដែង​ថ្មីៗ​នេះ​លោក​ឡឹម​ស៊ា បាន​ឧបត្ថម្ភ​អង្ករ ៤ តោន​ដល់​មាមីង​នៅ​ភូមិ​ភាគ​ខាង​ជើង ដែល​រង​គ្រោះដោយ​ព្យុះ​លេខ ៣ ដូច្នេះ​ហើយ ទឹក​ចិត្ត​សប្បុ​រស​របស់​គាត់​គឺ​វិសេស​វិសាល​ណាស់”៕

                           លីធាន - ពេជ្រ​សឿន

ចែករំលែកអត្ថបទ