ពូថាច់ស៊ីម៉ាច នៅភូមិមីទ្រុង ឃុំថៀងមី ស្រុកត្រាអូង ខេត្តវិញឡុង ឈានឡើងធូរធារដោយសារដាំក្រូចឆ្មារគ្មានគ្រាប់។
ពូថាច់ស៊ីម៉ាច។
តាមប្រសាសន៍ពូថាច់ស៊ីម៉ាច ក្រូចឆ្មារគ្មានគ្រាប់អាចដាំក្នុងលក្ខណៈធម្មតា បើថែទាំបានល្អនោះ ក្រោយពីដាំ ២ ឆ្នាំអាចផ្តល់ផ្លែ ហើយប្រមូលផលម្តងៗគម្លាតគ្នាពី ២ ដល់ ៣ សប្តាហ៍។ ប្រមូលផលមួយលើកៗបានប្រមាណ ៨០០ គីឡូក្រាមឡើងទៅលក់ក្នុងតម្លៃពី ១០.០០០ - ៣០.៥០០ ដុង/គីឡូក្រាម គាត់រកបានប្រាក់ចំណេញពី ២០០ ដល់ ៣០០ លានដុងរៀងរាល់ឆ្នាំ។ និយាយអំពីការបង្វែរពីផ្ទៃដីធ្វើស្រែមិនសូវបានផល ១០ កុងមកដាំក្រូចឆ្មារគ្មានគ្រាប់ ពូស៊ីម៉ាច ឱ្យដឹង៖ “ដោយសារធ្វើស្រែរកប្រាក់ចំណូលមិនលំនឹង និងមិនគ្រប់ចាយវាយក្នុងគ្រួសារដែលមានមនុស្សជិត ១០ នាក់ ម្ល៉ោះហើយ ខ្ញុំបានពិភាក្សាជាមួយគ្រួសារបង្វែរមកដាំក្រូចឆ្មារគ្មានគ្រាប់វិញ។ ទម្រង់នេះបានរក្សារហូតមកដល់សព្វថ្ងៃនេះជាង ៧ ឆ្នាំហើយ ក្រូចឆ្មារនៅលូតលាស់ល្អ និងផ្តល់ប្រាក់ចំណូលគ្រាន់បើ។ អាស្រ័យហេតុនោះ សេដ្ឋកិច្ចគ្រួសារបានលំនឹងជាងមុន និងចិញ្ចឹមកូនរៀនសូត្រសម្រេចជោគជ័យ សង់ផ្ទះបានសមរម្យ និងទិញមធ្យោបាយប្រើប្រាស់គ្រប់សព្វ។ ថ្លៃលក់ក្រូចឆ្មារមានដំណាក់កាលខ្លះឡើងដល់ ៣០.៥០០ ដុង/គីឡូក្រាម ដោយបានក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត The Fruit Republic នៅក្រុងកឹងធើ ម៉ៅទិញ”។
ពូម៉ាច បានចែករំលែក ដើម្បីដំណាំក្រូចឆ្មារលូតលាស់ល្អ ក្រៅពីផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ បង្ការកម្ចាត់សត្វល្អិតនិងជំងឺបំផ្លាញ គប្បីកាត់រំលស់មែកដើមក្រូចជាប្រចាំ។ ប្រការសំខាន់បំផុត គឺត្រូវឧស្សាហ៍ថែទាំដើមក្រូចឱ្យលូតលាស់ល្អ វានឹងផ្តល់គុណភាពផ្លែបានល្អ។ ដំណាក់កាលដាំ គឺត្រូវដាំចន្លោះពីដើមមួយទៅដើមមួយ ៥ ម៉ែត្រ ទំហំផ្ទៃដាំ ៤ ម៉ែត្រ ផ្ទៃអណ្តូង ១,៦ ម៉ែត្រ។ ផ្តើមពីដំបូង គប្បីយកចិត្តទុកដាក់ជ្រើសរើសកូនពូជដែលមានប្រភពច្បាស់លាស់។ ឧត្តមភាពរបស់ដើមក្រូចឆ្មារគ្មានគ្រាប់ បច្ចេកទេសថែទាំគឺសាមញ្ញ ក្រូចអាចដុះលូតលាស់លើដីស្ទើរគ្រប់ប្រភេទ និងផ្តល់ប្រាក់ចំណូលជាប្រចាំ តម្លៃលំនឹង។ ថ្វីដ្បិតដូច្នោះក្តី ក្រូចឆ្មារក៏ងាយនឹងកើតជំងឺអុជជាំ និងស្នាមនៅលើផ្លែ។ អាស្រ័យហេតុនោះ អ្នកចម្ការគប្បីតាមដានជាប្រចាំ ដើម្បីមានវិធានការបង្ការកម្ចាត់សមស្រប។ បច្ចុប្បន្ន ពូថាច់ស៊ីម៉ាច នៅទាំងដាំក្រូចដំបែឆ្លាស់ក្នុងចម្ការក្រូចឆ្មារចំនួន ១.៥០០ ដើម មានដំណាក់កាលខ្លះតម្លៃឡើងដល់ ១៣ ពាន់ដុង/គីឡូក្រាម ជួយឱ្យគាត់មានប្រភពចំណូលបន្ថែមគួរឱ្យកត់សម្គាល់។
តាមប្រសាសន៍លោក ហ្វិញកុងថាញ់ ប្រធានសមាគមកសិករឃុំថៀងមី ពូថាច់ស៊ីម៉ាច ជាកសិករមួយរូប ហ៊ានគិតហ៊ានធ្វើ។ ផ្តើមពីផ្ទៃដី ១០.០០០ ម៉ែត្រការ៉េ គាត់មោះមុតបង្វែរផលិតកម្ម និងទទួលបាន “ផលល្អ” ។ ដោយសារអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត ព្រមជាមួយនឹងស្មារតីឧស្សាហ៍ព្យាយាម ទ្រាំលំបាក ក្រោយពីដាំដំណាំជាច្រើនឆ្នាំ ឃើញថា សេដ្ឋកិច្ចគ្រួសារពូម៉ាច បានអភិវឌ្ឍបន្តិចម្តងៗ។ ដោយប្រិតសំចៃក្នុងការចាយវាយ ឥឡូវសេដ្ឋកិច្ចគ្រួសារពូបានលំនឹង សង់បានផ្ទះសមរម្យ កូនៗបានរៀនសូត្រត្រឹមត្រូវ។ អាស្រ័យចូលចិត្តដាំដុះ ហេតុនោះពូម៉ាច មានបទពិសោធន៍ជាច្រើនក្នុងផលិតកម្ម និងបានសមាគមកសិករគ្រប់លំដាប់ថ្នាក់ ជ្រើសរើសទទួលស្គាល់ជាកសិករផលិតនិងធ្វើអាជីវកម្មពូកែនៅភូមិភាគ។ ថ្មីៗនេះ គាត់ត្រូវបានស្នើឡើងថ្នាក់លើ ទទួលស្គាល់ជាកសិករផលិតពូកែថ្នាក់មជ្ឈិម...៕
ទ្រុកម៉ាយ - វិមាន