មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/07/2024 - 14:39

ស្ត្រី​ពោរ​ពេញ​ដោយ​ចិត្ត​សប្បុរស​

អស់​រយៈ​ពេល​ជាង ២៥ ឆ្នាំ រួម​ចំ​ណែក​ក្នុង​ការ​ងារ​រណ​សិរ្ស​និង​ក្រុម​នារី​អនុ​សង្កាត់ ឥឡូវ​នេះ ដោយ​សារ​សុខ​ភាព​មិន​អំ​ណោយ​ផល អ្នក​មីង​ថាច់​ធី​ម៉េន អា​យុ ៦៦ ឆ្នាំ នៅ​អនុ​សង្កាត់ ២ សង្កាត់ ១ ក្រុង​កា​ម៉ាវ ខេត្ត​កា​ម៉ាវ បាន​សុំ​ឈប់​ពី​ការ​ងារ។ ទោះ​បី​យ៉ាង​នេះក្តី មា​មីង​រស់​នៅ​ក្នុង​អនុ​សង្កាត់ ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តែ​ផ្ដល់​មនោ​សញ្ចេត​នា​ស្រ​ឡាញ់​រាប់​អាន​និង​គោ​រព​ចំ​ពោះ​ស្ត្រី​ម្នាក់​នេះ។

  អ្នក​មីង​ថាច់​ធី​ម៉េន។

អ្នក​មីង​ម៉េន រ៉ាយ​រ៉ាប់៖ “ពេល​ខ្ញុំ​ធ្វើ​ការ​នៅ​សមា​គម​នារី​អនុ​សង្កាត់ ជួប​រឿង​រ៉ាវ​ជា​ច្រើន​មាន​ទាំង​សប្បាយ​ទាំង​បា​រម្ភ។ ផ្លូវ​ពិបាក​ធ្វើ​ដំ​ណើរ ខ្ញុំ​អត់​ចេះ​បើក​ម៉ូតូ ដូច្នេះ​ត្រូវ​ដើរ​ដោយ​ថ្មើរ​ជើង​គ្រប់​ពេល ហើយ​នៅ​ទាំង​ស្ពាយ​ជញ្ជីង​ដើម្បី​ថ្លឹង​ក្មេងៗ។ លំ​បាក​យ៉ាង​នេះ ពេល​ខ្លះ​ក៏​ធុញ​ទ្រាន់​ដែរ ចុះ​ទៅ​ដល់​ផ្ទះ​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​គ្រួ​សារ ក៏​ត្រូវ​គេ​ស្តី​ថា “ខ្ញុំ​សម្រាល​កូន ខ្ញុំ​ចិញ្ចឹម​ខ្លួន​ឯង អ្នក​ណា​ពឹង​ឱ្យ​រវល់?” ប៉ុន្តែ​ខ្ញុំ​នៅ​តែ​តស៊ូ នឹក​គិត​ក្នុង​ចិត្តមិន​ខ្ចី​ខ្វល់ ភ្លៀង​ស្រក់​យូរៗ​ទៅ​ដី​នឹង​សើម ដើម្បី​ការ​ងារ​សមា​គម ដើម្បី​សុខ​ភាព​បង​ប្អូន​នារី និង​ដើម្បី​អនា​គត​កូនៗ គួរ​តែ​ព្យា​យាម”។

   ឈប់​សម្រាក​ការ​ងារ​សមា​គម  អ្នក​មីង​ម៉េន បាន​បើកហាង​លក់​គ្រឿង​ទេស​តូច​មួយ​នៅ​ផ្ទះ ដើម្បីមាន​ប្រាក់​សម្រាប់​ចាយ​វាយ ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ។

មិន​ថា​ស្ថិត​ក្នុង​មុខ​តំ​ណែង​អ្វី​នោះ​ទេ អ្នក​មីង​ម៉េន តែង​លះ​បង់​ចំ​ពោះ​ការ​ងារ​រួម ដើម្បី​ប្រ​យោជន៍​សមូហ​ភាព និង​ជីវ​ភាព​របស់​មា​មីង។ ប៉ុន្តែ​ប្រ​ការ​ដែល​មាន​តម្លៃ​បំ​ផុត​សម្រាប់​អ្នក​មីង​គឺ​ចិត្ត​ធម៌ ការ​យល់​ចិត្ត ការ​អធ្យា​ស្រ័យ​និង​ការ​ចែក​រំលែក។ ដោយ​សារ​តែ​ចិត្ត​សប្បុ​រស​របស់​អ្នក​មីង​កាល​ពី​ជាង ២០ ឆ្នាំ​មុន បាន​សង្គ្រោះ​ស្ត្រី​ម្នាក់​ដែល​គ្មាន​សាច់​ញាតិ។ នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​នេះ​មាន​ផ្ទៃ​ពោះ​គ្មាន​អ្នក​មើល​ថែ ហើយ​ត្រូវ​ប្តី​បោះ​បង់​ចោល អ្នក​មីង​ម៉េន ក៏​យក​ទៅ​ផ្ទះ​ចិញ្ចឹម​និង​មើល​ថែ​រហូត​ដល់​សម្រាល។ តាំង​ពី​ពេល​នោះ​មក ពីរ​នាក់​ម្តាយ​និង​កូន​បាន​រួម​រស់​នៅ​ផ្ទះ​ជា​មួយ​ក្រុម​គ្រួ​សារ​រហូត​មក​ដល់​ពេល​នេះ។

លែង​ធ្វើ​ការ​នៅ​សមា​គម ប៉ុន្តែ​អ្នក​មីង​ម៉េន នៅ​តែ​អនុវត្ត​យ៉ាង​សកម្ម​នូវ​គម្រោង​សន្សំ​ឥណ​ទាន និង​ការ​រួម​ចំ​ណែក​ហ៊ុន​ទុន​បង្វិល ដើម្បី​ជួយ​បង​ប្អូន​នារី​មាន​ប្រាក់​សន្សំ​ច្រើន។ នៅ​ពេល​ចាំ​បាច់ ពួក​គាត់​យក​ចេញ​ជួស​ជុល​ផ្ទះ បង់​ថ្លៃ​សិក្សា​ម្រាប់​កូនៗ ឬ​ធ្វើ​ជា​ដើម​ទុន​សម្រាប់​លក់​ដូរ​ជា​លក្ខណៈ​គ្រួ​សារ។ ចុង​ឆ្នាំ ផ្ដើម​ពី​មូល​និធិ​សន្សំ​នេះ អ្នក​មីង​ម៉េន​ទិញ​របស់​របរ​ប្រើ​ប្រាស់​មួយ​ចំ​នួន​ ដូច​ជា ប្រេង​ឆា ទឹក​ស៊ី​អ៊ីវ ស្ករ​ស ម្សៅ​ស៊ុប។ល។ ទុក​ជា​អំ​ណោយ​ជូន​បង​ប្អូន​នារី​ក្នុង​ឱកាស​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី  កាន់​តែ​មាន​ភាព​កក់​ក្តៅ។

លោក​ត្រឹង​ហឺវ​លឹក ប្រ​ធាន​អនុ​សង្កាត់​២ សង្កាត់​១ វាយ​តម្លៃ៖ “គ្រួ​សារ​អ្នក​មីង​ម៉េន គឺ​ជា​គ្រួ​សារ​គំ​រូ​មួយ ប្តី​ប្រ​ពន្ធ​គាត់​រស់​នៅ​សុភ​មង្គល​និង​ចុះ​សម្រុង​គ្នា។ កូនៗ​របស់​គាត់​មាន​ចរិត​ស្លូត​បូត ហើយ​ជា​កម្មា​ភិបាល​ល្អ​ក្នុង​សង្កាត់។ ចំ​ពោះ​អ្នក​មីង​ម៉េន​វិញ ឈប់​សម្រាក​ការ​ងារ​នៅ​អនុសង្កាត់ ប៉ុន្តែ​ចំ​ពោះ​ប្រ​ជា​ជន​នៅ​ទី​នេះ អ្នក​មីង​ម៉េន គឺ​ជា​បក្ខ​ជន​គំរូ ជា​មនុស្ស​មាន​ទឹក​ចិត្ត​សន្តោស​ស្លូត​បូត មាន​ប្រ​ជា​ប្រិយ​និង​តែង​បាន​អ្នក​រាល់​គ្នា​ស្រ​ឡាញ់​រាប់​អាន”៕

         តាមៈ កា​សែត​កា​ម៉ាវ-មេង​លី

ចែករំលែកអត្ថបទ