ដោយសារភូមិភាគម្ចាស់ការរវៀសរវៃក្នុងការផ្សព្វផ្សាយ ផ្គួបបញ្ចូលនូវគោលនយោបាយ អនុគ្រោះវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិភាគតិច ម្ល៉ោះហើយ ជីវភាពជនរួមជាតិខ្មែរនៅស្រុកមីស្វៀង ខេត្តសុកត្រាំង កាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
គ្រួសារខ្មែរជាច្រើននៅស្រុកមីស្វៀង បានឧបត្ថម្ភទុនចិញ្ចឹមគោទឹកដោះ
ឈានឡើងចាកផុតពីភាពក្រីក្រ។
ឆ្នាំកន្លងហើយ ស្រុកមីស្វៀង បានប្រមូលផ្តុំផ្សព្វផ្សាយព្រមៗគ្នានូវកម្មវិធីទិសដៅជាតិចំនួន៣ អំពីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ; កម្មវិធីទិសដៅជាតិកសាងជនបទថ្មី (ហៅកាត់ កម្មវិធីជនបទថ្មី) និងកម្មវិធីជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព បាននាំមកប្រសិទ្ធភាពជាក់ស្តែង។ តួយ៉ាងក្នុងដំណាក់កាល២០១៩ - ២០២៤ កម្មវិធីជនបទថ្មី បានកសាងសំណង់ថ្មី និងដាក់ឱ្យប្រើប្រាស់ចំនួន២៦៩សំណង់ សរុបថវិកាជាង ២.២១៧ពាន់លានដុង។ បច្ចុប្បន្ន ទូទាំងស្រុក មានឃុំចំនួន៨ បានសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ និងឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូចំនួន១។ ដោយឡែកកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅតំបន់ជនរួមជាតិភាគតិច ស្រុកបានឧបត្ថម្ភអភិវឌ្ឍការផលិតពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិតដល់១០០គ្រួសារ វិនិយោគកសាង៩០សំណង់ និងកសាងសំណង់ផ្លូវគមនាគមន៍ជនបទថ្មីចំនួន៤សំណង់ កសាងថ្មីនិងបង្កើនកម្រិតផ្សារចំនួន៣ ឧបត្ថម្ភលំនៅឋាន ដីសង់លំនៅឋានដល់គ្រួសារក្រីក្រ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិក្ខាកាម១០០០នាក់។ល។ រួមចំណែកកែលម្អជីវភាពជនរួមជាតិខ្មែរ។
លោកកាវដូរ៉ា អ្នកមានប្រជាប្រិយនៅឃុំថាញ់ភូ ឱ្យដឹង៖ “ឥឡូវភូមិស្រុកនៅតំបន់ជនរួមជាតិខ្មែរអភិវឌ្ឍន៍ច្រើនបើប្រៀបនឹងពីមុន សព្វថ្ងៃមិនមាននៅផ្ទះស្លឹកបណ្តោះអាសន្ន។ ផ្លូវគមនាគមន៍ បានក្រាលបេតុងតភ្ជាប់នឹងភូមិភាគនានា ហេតុនោះការជួញដូរទំនិញក៏មានភាពងាយស្រួល ប្រឡាយធារាសាស្រ្តមានទឹកសាប មាមីងខ្មែរអាចផលិតស្រូវបាន៣រដូវ/ឆ្នាំ មានអគ្គិសនី សាលារៀន ដំណាក់សុខាភិបាល។ល។ គ្រប់សព្វ ម្ល៉ោះហើយកូនចៅខ្មែរបានរៀនសូត្រគ្រប់គ្នា។ កម្រិតនៃការយល់ដឹងរបស់មាមីងខ្មែរក៏បានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ស្មារតីគោរពគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋបានល្អប្រសើរ និងព្រួតដៃជាមួយនឹងរដ្ឋអំណាចកសាងភូមិស្រុក”។ ចំណែកអ្នកមីងយ័ញធីហាញ់ នៅភូមិដាយងៀថាំង ឃុំដាយតឹម ឱ្យដឹង៖ “បានរដ្ឋឧបត្ថម្ភសាងសង់លំនៅឋាន ខ្ញុំមានក្តីត្រេកអរយ៉ាងក្រៃលែង ពីព្រោះមិនបារម្ភពី “ក្តៅ ភ្លៀង” ដូចពីមុនទៀត។ ទន្ទឹមនឹងនោះ ខ្ញុំនៅទាំងបានរដ្ឋឧបត្ថម្ភឱ្យបុលទុនដើម្បីធ្វើការរកស៊ី ហេតុនោះប្តីប្រពន្ធខ្ញុំខិតខំដាំដំណាំរួមផ្សំដើម្បីមានប្រាក់ចំណូលលំនឹង និងចាកផុតពីភាពក្រីក្រ”។
លោកង្វៀងមិញទ្រី អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង អំណះអំណាង៖ “តំបន់ជនរួមជាតិខ្មែរលើភូមិសាស្រ្តស្រុកមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្នុងការប្រកាសឱ្យប្រើគោលនយោបាយអនុគ្រោះវិនិយោគអភិវឌ្ឍតំបន់ជនរួមជាតិភាគតិច”។ ទន្ទឹមនឹងនោះ គឺការម្ចាស់ការច្នៃប្រតិដ្ឋ និងរវៀសរវៃក្នុងការអនុវត្តគោលនយោបាយរបស់គណៈកម្មាធិការបក្ស រដ្ឋ អំណាចគ្រប់លំដាប់ថ្នាក់ និងការឈានឡើងរបស់ជនរួមជាតិផងដែរ ម្ល៉ោះហើយ គោលនយោបាយពង្រីកបានប្រសិទ្ធភាពខ្ពស់ ជីវភាពជនរួមជាតិខ្មែរត្រូវបានលើកស្ទួយគ្រប់វិស័យ។ មកទល់ពេលនេះ គ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែររបស់ស្រុក ស្រូបអត្រាត្រឹម១,២៨%ប៉ុណ្ណោះ (ប្រហាក់ប្រហែលនឹង១៩០គ្រួសារ); ប្រាក់ចំណូលមធ្យមភាគរបស់ស្រុកមីស្វៀង សម្រេចបាន៦៦,៧លានដុង/ម្នាក់/ឆ្នាំ៕
លីធាន- បកប្រែ៖ វិមាន