ក្នុងប៉ុន្មានជុំចុងក្រោយនៃការប្រកួតពានរង្វាន់ English Premier League រដូវកាល ២០២៣ - ២០២៤ កំពុងតែទាក់ទាញអារម្មណ៍យ៉ាងខ្លាំង ពីព្រោះការប្រកួតប្រណាំងរបស់ក្រុមទាំង៣ មកពីទីក្រុងចំនួន៣គឺ៖ ក្រុង Liverpool ក្រុង London និង Manchester។
Arsenal កំពុងឆ្ពោះទៅរកពានជើងឯក។ រូប៖ Internet
មិនមែនដល់រដូវកាលនេះ ទើបពានរង្វាន់ English Premier League មានភាពទាក់ទាញអារម្មណ៍នោះទេ គឺការប្រកួតស្ទើរតែទាំងអស់នៃពានរង្វាន់បាល់ទាត់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសអង់គ្លេស តែងទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករនៅលើពិភពលោក។ មូលហេតុមួយក្នុងចំណោមមូលហេតុធ្វើឱ្យពានរង្វាន់ប្រកួតនៅប្រទេសអង់គ្លេសបានផ្សាយបន្តផ្ទាល់នៅក្រៅប្រទេស គឺដោយសារតែម្ចាស់ក្លឹបបានចំណាយថវិកាដ៏សន្ធឹកសន្ធប់ដើម្បីទិញកីឡាករកំពូលៗលំដាប់ពិភពលោកមកប្រកួត។ ម្យ៉ាងទៀត ប្រជាជនអង់គ្លេសចូលចិត្តបាល់ទាត់ណាស់ ពួកគាត់ជាអ្នកគាំទ្រ “តពូជ” ដ៏ស្មោះត្រង់របស់ក្លឹប។ ដូច្នេះហើយ បានជាការប្រកួតស្ទើរតែទាំងអស់នៃពានរង្វាន់ Premier League គឺអ្នកគាំទ្រមកទស្សនាច្រើនតាន់តាប់ ដោយមិនសល់កៅអីហើយសំឡេងស្រែកហ៊ោពីលើវេទិកាយ៉ាងកងរំពង។ នៅប្រទេសអង់គ្លេសទស្សនិកជនរួមចំណែកយ៉ាងច្រើន ដើម្បីបង្កើតភាពជោគជ័យដល់ការប្រកួតនៃពានរង្វាន់នេះ ។ រៀបរាប់ដូចខាងលើ ដើម្បីបញ្ជាក់ឱ្យឃើញថា សម្ពាធរបស់កីឡាករនិងគ្រូបង្វឹកក្នុងរដូវកាលនីមួយៗគឺធំណាស់។ រឿងដែលត្រូវបណ្តេញចោលខណៈពេលការប្រកួត ទើបចាប់ផ្តើមឬទើបដើរបានមួយកំណាត់ផ្លូវ ដោយសារលទ្ធផលមិនបានល្អ តែងកើតឡើងជាប្រក្រតីនៅប្រទេសអង់គ្លេស។
ទោះបីដូច្នោះក្តីក្នុងការប្រកួតប្រណាំងរបស់ក្រុម Arsenal - Liverpool - Manchester City ឆ្នាំនេះ គ្រូបង្វឹកទាំងបីក្រុម មានអតីតភាពក្នុងក្រុមជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ មានការប្រកួតប្រណាំងដណ្តើមពានដ៏គួរឱ្យចាប់អារម្មណ៍រវាងមិត្តភក្តិ២នាក់គឺ Pep Guardiola របស់ក្លឹបមេឃខៀវ (Manchesrer City) និង Arteta របស់ក្លឹបកាំភ្លើងធំ (Arsenal)។ គ្រូបង្វឹកទាំង ២រូបនេះ ជាជនជាតិអេស្ប៉ាញ។ មុនពេលធ្វើគ្រូបង្វឹកក្លឹបកាំភ្លើងធំ គ្រូបង្វឹក Arteta ធ្លាប់ធ្វើជាជំនួយការដល់ Pep នៅក្លឹបមេឃខៀវដែរ។ បេក្ខភាពក្រៅពីនោះគឺ ក្រុម Liverpool។ តាំងពីដើមរដូវកាលមក ក្រុម Liverpool របស់គ្រូបង្វឹក Klopp ពិតជាមិនលេចធ្លោទេ ប៉ុន្តែពួកគាត់បានបោះជំហានបន្តិចម្តងៗ ដោយសន្សំសំចៃពិន្ទុគ្រប់គ្រាន់ដើម្បីប្រជែងដណ្តើមជើងឯក។ គ្រូបង្វឹក Klopp ក៏កំពុងព្យាយាមដណ្តើមជើងឯក ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អ ពីព្រោះគាត់ទើបតែប្រកាសចាកចេញពីក្រុម Liverpool បន្ទាប់ពីរដូវកាលនេះចប់។
មិនទាន់អាចនិយាយបានថាក្រុមណាមានប្រៀបជាងនៅក្នុងការប្រកួតនៅឡើយ ព្រោះថា បច្ចុប្បន្នក្រុមនីមួយៗគម្លាតពិន្ទុគ្នាតែ១ពិន្ទុប៉ុណ្ណោះ ខណៈពេលដែលការប្រកួតនៅសល់ដល់៣ជុំទៀត។ នៅក្នុងការប្រកួតដែលនៅសល់ ប្រសិនបើក្រុម Arsenal ជួបនឹងក្រុមបិសាចក្រហម Manchester United ឯក្រុមមេឃខៀវ និងក្រុមហង្សក្រហម Liverpool នឹងមានឧបសគ្គមិនតិចដែរ ពេលជួបនឹង Tottenham ។ អ្នកគាំទ្រនិយាយសប្បាយលេងថា ក្នុងមួយថ្ងៃដែលក្រុមមាន់ខ្នាយមាសប្រកួតបានល្អ គឺ “មាន់ខ្នាយមាស” Tottenham អាចបំបាក់រាល់ដៃគូទាំងអស់។
ដូច្នេះ បានជាថាក្រុមណានឹងទទួលពានជើងឯក English Premier League នៅឆ្នាំ ២០២៤ នៅតែជាអាថ៌កំបាំងនៅឡើយ។ ការប្រកួតដណ្តើមពានជើងឯកនឹងបន្តដល់វគ្គចុងក្រោយនៃរដូវកាលនេះ ប្រសិនបើក្រុមទាំងបី នៅតែ “យកឈ្នះ” ២ប្រកួតទៀតនោះ៕
ហាថាញ-វិមាន