19/02/2024 - 16:46

ទទួល​ទាន​ផ្លែ​គីវី​រាល់​ថ្ងៃ​ មិន​បារម្ភ​ខ្វះ​វីតា​មីន​ C

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្តី​ Foods បាន​លើក​ឡើង​ថា​ ការ​ទទួល​ទាន​ផ្លែ​គីវីរាល់​ថ្ងៃ​ អាច​ធានា​តម្រូវ​ការ​បំ​ពេញ​វីតាម៉ីន C ដល់​រាង​កាយ​រៀង​រាល់​ថ្ងៃ​ ព្រម​ជា​មួយ​នោះ​ នឹង​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​ទៀត​ដល់​សុខ​ភាព។​

រូប​ជា​ឧទាហរណ៍។​

ជាក់​ស្តែង​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ការ​ទទួល​ទាន​ផ្លែ​គីវី​បៃ​តង​ ២ ផ្លែ​ ឬ​ផ្លែ​គីវី​លឿង ​១ ផ្លែ​ អាច​ជួយ​បំ​ពេញ​វីតា​មីន​ C ប្រ​ចាំ​ថ្ងៃ​បាន​គ្រប់​គ្រាន់​ដល់​មនុស្ស​ពេញ​វ័យ។​ តាម​ការ​ផ្ដល់​អនុសាសន៍​ បរិមាណ​វីតា​មីន​ C ត្រូវ​បំ​ពេញ​ប្រ​ចាំ​ថ្ងៃ​ចំ​ពោះ​បុរស​គឺ ៩០ ​មីលី​ក្រាម​ និង​ចំ​ពោះ​ស្ត្រី​គឺ​ ៧៥ ​មីលី​ក្រាម។​ ក្នុង​ពេល​នោះ​ ក្រុម​អ្នក​ឯក​ទេស​បាន​ប៉ាន់​ស្មាន​ផ្លែ​គីវី​ ១​ផ្លែ​ផ្ទុក​វីតា​មីន​ C ច្រើន​ជាង​ក្រូច​ពោធិ៍​សាត់​ ១ ​ផ្លែ​ ដែល​មាន​ទម្ងន់​ដូច​គ្នា​ ហើយ​ក្នុង ​២ ផ្លែ​ផ្ទុក​វីតា​មីន​ C ប្រ​មាណ​ ១២០​ មីលី​ក្រាម​ ខ្ពស់​ជាង​តម្លៃ​នៃ​ការ​ផ្ដល់​អនុសាសន៍​ដែល​ត្រូវ​ការ​បំ​ពេញ​ប្រ​ចាំ​ថ្ងៃ។​

ក្រៅ​ពី​វីតា​មីន​ C ផ្លែ​គីវី​នៅ​ទាំង​មាន​សារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ ដូច​ជា​ជាតិ​សរ​សៃ​ប៉ូតា​ស្យូម និង​សារ​ធាតុ​ប្រ​ឆាំង​អុក​ស៊ីត​កម្ម​ ទើប​ការ​ទទួល​ទាន​ប្រ​ភេទ​ផ្លែ​ឈើ​នេះ​អាច​កែ​លម្អ​ប្រ​ព័ន្ធ​រំលាយ​អា​ហារ និង​លើក​កម្ពស់​សុខ​ភាព។​ បរិមាណ​ជាតិ​ស្ករ​ក្នុង​ផ្លែ​គីវី​មិន​ច្រើន​ទេ​ ម្ល៉ោះ​ហើយ​សុវត្ថិ​ភាព​ដល់​សុខ​ភាព​ពេល​ទទួល​ទាន​រយៈ​ពេល​យូរ។​

មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ប្រ​កាស​កាល​ពី​ឆ្នាំ​ទៅ​មិញ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ទទួល​ទាន​ផ្លែ​គីវី​២​ផ្លែ​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​ព្យា​បាល​អា​ការៈ​ទល់​លា​មក​ មួយ​ផ្នែក​គឺដោយ​សារ​ផ្លែ​គីវីមាន​ផ្ទុក​ប​រិមាណ​ជាតិ​សរ​សៃ​ខ្ពស់។​ “ផ្លែ​គីវី​មាន​ផ្ទុក​បរិមាណ​វីតា​មីន​C ច្រើន​ ព្រម​ជា​មួយ​នឹង​សមាស​ធាតុ​មាន​ប្រ​យោជន៍​ដល់​សុខ​ភាព​ផ្សេង​ទៀត​ ដែល​គ្មាន​ប្រ​ភេទ​អា​ហារ​បំ​ប៉ន​ណា​អាច​ប្រៀប​បាន​” - អ្នក​ឯក​ទេស​អា​ហា​រូប​ត្ថម្ភ Emma Laing នៅ​សា​កល​វិទ្យា​ល័យ​ Georgia (អា​មេ​រិក​) បាន​គូស​បញ្ជាក់​ដូច្នេះ៕​

                                  យោង៖ ហឿង​ថាវ (បកប្រែពី​ Verywell Health)-វិមាន​

ចែករំលែកអត្ថបទ