រំលឹកដល់លោកត្រេវស៊ុន អ្នកមានប្រជាប្រិយនៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង មាមីងខ្មែរនៅទីនេះតែងស្ងើចសរសើរនិងគោរពរាប់អានគាត់គ្រប់គ្នា។ ព្រោះថាគាត់ជាបុគ្គលគំរូក្នុងការពង្រីកសេដ្ឋកិច្ច ចិញ្ចឹមកូនរៀនសូត្របានត្រឹមត្រូវ និងខ្នះខ្នែងចូលរួមកម្មវិធីកសាងជនបទថ្មី។
លោកត្រេវស៊ុន បេះស្លឹកផ្កាអង្គាសីលដើម្បីឱ្យចេញផ្កាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម។
តាមប្រសាសន៍លោក បាញឌឹកក្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ឱ្យដឹង ដោយការរួមចំណែកក្នុងការងារចលនារបស់លោកត្រេវស៊ុន ទើបមាមីងខ្មែរនៅភូមិបឹងកក់ ត្រៀមលក្ខណៈក្នុងការបរិច្ចាគដី សាងសង់សាលារៀន ធ្វើផ្លូវជនបទ រួមចំណែកជំរុញឃុំភូមីសម្រេចបទដ្ឋានជនបទថ្មី។ ទន្ទឹមនឹងនោះ គាត់ជាមនុស្សស្លូតបូត ស្មោះត្រង់ ជួយអ្នកផងដោយអស់ពីចិត្ត ទើបមាមីងខ្មែរក្នុងភូមិស្រុកមានទំនុកចិត្ត។ គ្រួសារគាត់មានកូន៤នាក់ សុទ្ធតែជាកម្មាភិបាល បក្ខជន រស់នៅស្រុះស្រួលជាមួយអ្នកជិតខាង និងលុះក្នុងដំបូន្មាន គោរពឪពុកម្តាយ ទើបបានទទួលស្គាល់ជាគ្រួសារវប្បធម៌គំរូថ្នាក់ខេត្ត។ ចំណុចល្អរបស់លោកត្រេវស៊ុន គឺយល់ដឹងច្បាស់ពីច្បាប់និងគោលនយោបាយសម្រាប់ជនរួមជាតិខ្មែរ ទើបពេលប្រជុំប្រជាជនឬសម្របសម្រួលករណីទំនាស់វិវាទម្តងៗ គាត់តែងវិភាគវែកញែកហ្មត់ចត់ដើម្បីមាមីងយល់។ ហេតុនេះ អត្រាជោគជ័យក្រោយពីការសម្របសម្រួលតែងសម្រេចបានកម្រិតខ្ពស់។
លោកត្រេវស៊ុន (ជួរមុខខាងស្តាំ) រួមជាមួយថ្នាក់ដឹកនាំឃុំមកចលនាមាមីងខ្មែរ
មិនឱ្យធ្វើស្រែរដូវទី៣។
តាមប្រសាសន៍លោកត្រេវស៊ុន ពីមុនតំបន់ជនបទភូមិបឹងកក់លំបាកក្នុងការធ្វើដំណើរទៅមក ដូច្នេះ នៅពេលរដ្ឋមានគោលនយោបាយជាច្រើនត្រូវបានផ្សព្វផ្សាយអនុវត្តសំខាន់គឺ កម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនបទ។ ផ្តើមពីនោះ នៅរាល់កិច្ចប្រជុំប្រជាជនម្តងៗ គាត់តែងឃោសនាចលនានិងវិភាគវែកញែកពីផលប្រយោជន៍នៃការកសាងជនបទថ្មី ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជននៅជនបទ។ ហេតុនោះ មាមីងក៏មានការយល់ដឹង ទើបពេលមានគម្រោងដើរត្រង់មាមីងស្របចិត្ត ស្របគំនិតគាំទ្រ។ មានគ្រួសារប្រជាជនជាច្រើនបានបរិច្ចាគដីកសាងផ្លូវជនបទ សាលារៀន ចូលរួមដាំផ្កាលម្អតាមសងខាងផ្លូវ រក្សាអនាម័យភូមិស្រុកជ្រះស្អាត និងចូលរួមថវិកាសម្រាប់កសាងបង្គោលភ្លើងដើរដោយថាមពលពន្លឺព្រះអាទិត្យ ដោយមានបំពាក់ភ្លើង អគ្គិសនីបំភ្លឺតាមបណ្តោយផ្លូវក្នុងភូមិប្រមាណជាង ២០០ បង្គោល សរុបជាទឹកប្រាក់រាប់ពាន់លានដុងដើម្បីកសាងតំបន់ជនបទកាន់តែសម្បូរសប្បាយ។
ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងថ្ងៃបុណ្យទានផ្សេងៗ លោកត្រេវស៊ុន នៅទាំងខ្នះខ្នែងចលនាសប្បុរសជនរួមវិភាគទានឧបត្ថម្ភអំណោយរាប់រយចំណែក រួមមានអង្ករជាង ៥០តោន សម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើន ដល់គ្រួសារក្រីក្រ សិស្សានុសិស្សដែលមានជីវភាពខ្វះខាត។ល។
លោកត្រេវស៊ុន មានប្រសាសន៍៖ “ខ្ញុំគិតសាមញ្ញៗ បើចង់ឱ្យមាមីងជឿទុកចិត្តនិងធ្វើតាម គឺយើងត្រូវធ្វើជាគំរូរស់នៅស្មោះត្រង់និងជួយឧបត្ថម្ភអ្នកទាំងឡាយដោយអស់ពីចិត្ត។ ចំពោះគ្រួសារគឺជាឪពុកគំរូ ខ្នះខ្នែងយកចិត្តទុកដាក់ធ្វើការរកស៊ី ដើម្បីមានជីវភាពធូរធារ ចិញ្ចឹមកូនរៀនសូត្របានត្រឹមត្រូវ។ ចំណែកការងារឃោសនា ចលនា គឺត្រូវអានសៀវភៅនិងមើលកាសែតឱ្យបានច្រើន យល់ច្បាស់ពីច្បាប់និងគោលនយោបាយជនជាតិ ដើម្បីឃោសនា ចលនាមាមីងខ្មែរអនុវត្តត្រឹមត្រូវតាមច្បាប់ ព្រមទាំងផ្តល់ព័ត៌មានអំពីគោលនយោបាយដែលមានប្រយោជន៍ឱ្យមាមីងខ្មែរយល់ច្បាស់ ដើម្បីចូលរួមព្រួតដៃអនុវត្ត និងត្រួតពិនិត្យសំណង់ក្នុងដំណាក់ការអនុវត្ត”៕
លីធាន-មុនី