“សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ទើបប្រព្រឹត្តឡើងនៅខេត្តសុកត្រាំងនិងខេត្តដុងថាប សំដៅឧទ្ទេសនាមដល់ប្រជាជនវៀតណាមអំពីខឿនវប្បធម៌ដ៏សម្បូរបែបនៃទឹកដីប្រទេសកម្ពុជា។ សកម្មភាពនេះ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ” អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ហ្វាងដាវកឿង បានឱ្យដឹងដូច្នេះ។
ជូនបាច់ផ្កាដល់សិល្បករ-ការិនី របស់ក្រុមប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
នៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីហូធីកឹមដាវ អនុលេខាបក្សខេត្តសុកត្រាំង ជូនបាច់ផ្កាដល់លោកជំទាវ នេត្រភូម៉ារី។
មានប្រសាសន៍ក្នុងពិធីបើកសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ទើបប្រព្រឹត្តឡើងនៅខេត្តសុកត្រាំង លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា រីករាយត្រេកអរនៅពេលបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បង្កលក្ខណសម្បត្តិល្អបំផុតដល់សកម្មភាពដោះដូរ សម្ដែងវប្បធម៌ សិល្បៈប្រព្រឹត្តឡើងយ៉ាងល្អប្រសើរ។ សកម្មភាពនេះ គឺជារបត់ដ៏សំខាន់នៅពេលភាគីទាំងសងខាង ឈានចូលឆ្នាំដំបូង ផ្សព្វផ្សាយផែនការសហប្រតិបត្តិការវប្បធម៌ សិល្បៈវៀតណាម-កម្ពុជា ដំណាក់កាល២០២៣-២០២៧។ លោក ជំទាវ នេត្រ ភូម៉ារី ជឿជាក់ថា រាល់សកម្មភាពវប្បធម៌ ដ៏មានអត្ថន័យលើកនេះ បន្តនាំមកជូនទស្សនិកជននិងសាធារណជនវៀតណាម យល់កាន់ច្បាស់អំពីទឹកដី និងមនុស្សកម្ពុជា បង្កើតឱ្យទៅជាការរួមចំណែកថ្មីតភ្ជាប់ចំណងសាមគ្គីរវាងជនជាតិទាំងពីរ ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា ឈានឡើងមួយកម្រិតថ្មីទៀត។
របាំអប្សរា បានសម្ដែងក្នុងរាត្រីបើកសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម។
រាំមិត្តភាពវៀតណាម-កម្ពុជា។
របាំវាយក្រាប។
គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា បានឧទ្ទេសនាមដល់ទស្សនិកជន ប្រជាជនសុកត្រាំងនូវកម្មវិធីសិល្បៈប្រពៃណីដ៏ពិសេស ដោយមានក្បាច់របាំដ៏ល្បាញល្បីនៃទឹកដីអង្គរ ដូចជា៖ របាំអប្សរា របាំក្រមាខ្មែរ របាំវាយក្រាប។ល។ និងបទចម្រៀងប្រពៃណីដែលស្ងើចសរសើរមាតុភូមិទឹកដីកម្ពុជា និងវៀតណាម។ បងយ័ញចន្ទថល ទៅទស្សនាការសម្ដែងសិល្បៈ ឱ្យដឹង៖ “ខ្ញុំក៏ជាអ្នកស្រឡាញ់វប្បធម៌ សិល្បៈខ្មែរម្នាក់ ម្ល៉ោះហើយ ពេលឮដំណឹងថា មានក្រុមសិល្បៈកម្ពុជាមកសម្ដែងវប្បធម៌ សិល្បៈនៅខេត្តសុកត្រាំង ខ្ញុំក៏ជិះឡានពីក្រុងហូជីមិញដើម្បីបានមកទស្សនា។ នៅពេលបានទស្សនាក្បាច់របាំប្រពៃណី ដូចជា៖ របាំអប្សរា របាំក្រមាខ្មែរ របាំវាយក្រាប។ល។ ដិតដាមដោយលក្ខណៈវប្បធម៌ខ្មែរ ធ្វើឱ្យដក់ជាប់ក្នុងក្រអៅដួងចិត្ត។ ខ្ញុំឃើញវប្បធម៌សិល្បៈខ្មែរមានលក្ខណៈដ៏ពិសេស ហើយកាន់តែធ្វើឱ្យខ្ញុំលង់ចិត្តដិតអារម្មណ៍”។ ចំណែកបងស្រី ថាច់ហុងង៉ុកត្រឹម នៅក្រុងសុកត្រាំង រៀបរាប់៖ “នេះជាលើកដំបូងហើយ ដែលខ្ញុំមកមើលក្រុមសិល្បៈកម្ពុជាសម្ដែងវប្បធម៌ សិល្បៈ តាំងពីបទចម្រៀងរហូតដល់ក្បាច់របាំ គឺពីរោះនិងល្អមើលខ្លាំងណាស់។ ក្បាច់របាំដែលខ្ញុំស្រឡាញ់ពេញចិត្តបំផុតគឺ របាំអប្សរា គឺរាំស្អាតណាស់ ធ្វើឱ្យអ្នកមើលសរសើរគ្រប់មាត់ ដូច្នេះ ថ្ងៃណាមួយខ្ញុំនឹងទៅទស្សនាប្រាសាទអង្គរវត្ត”។
ក្នុងឱកាសធ្វើការជាមួយនឹងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម និងថ្នាក់ដឹកនាំខេត្តសុកត្រាំង លោកជំទាវ នេត្រ ភូម៉ារី វាយតម្លៃខ្ពស់ចំពោះការសាមគ្គី យ៉ាងស្អិតល្មួតរវាងបក្សទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។ លោកជំទាវ មានសេចក្ដីត្រេកអរយ៉ាងខ្លាំង នៅពេលបក្ស រដ្ឋាភិបាលវៀតណាម និងរដ្ឋអំណាចខេត្តសុកត្រាំង តែងយកចិត្តទុកដាក់ពង្រីកជីវភាពរស់នៅនិងអភិរក្សទម្រង់វប្បធម៌សិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ៕
លីធាន-ពេជ្រសឿន