វត្តតាគុជចាស់ នៅភូមិតាឃ្វិច B ឃុំទ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង មានសោភណភាពល្អប្រណីតទាំងសំណង់ស្ថាបត្យកម្ម និងទេសភាព។ ជាវត្តដែលមានដើមត្នោតច្រើនជាងគេក្នុងចំណោមវត្តទាំងអស់នៅស្រុកចូវថាញ់។
វត្តតាគុជចាស់ មានអាយុកាលជាង១៤០ ឆ្នាំ។ ដំបូង វត្តមានសំណង់បានសាងសង់សាមញ្ញៗ ដូចជា៖ ព្រះវិហារ សាលាទាន សមណកុដិ ត្រូវបានសាងសង់ពីឈើ ដំបូលប្រក់ស្លឹក លើទំហំផ្ទៃដីជិត១៧.០០០ម២។ វត្តមិនត្រឹមតែជាកន្លែងបួសរៀនរបស់ព្រះសង្ឃ និងសកម្មភាពសាសនាប៉ុណ្ណោះទេ នៅទាំងជាកន្លែងបណ្ដុះបណ្ដាលអក្សរសាស្រ្តជូនកូនចៅជនរួមជាតិខ្មែរទៀតផង។ តាមថេរដីកាព្រះតេជព្រះគុណ គឹមសាង ព្រះចៅអធិការវត្តតាគុជចាស់ វត្តឆ្លងកាត់ព្រះចៅអធិការជាច្រើនជំនាន់ សំណង់ក្នុងវត្តត្រូវបានជួសជុល និងកសាងថ្មី ទើបបច្ចុប្បន្ននេះ សាលាទាន ព្រះវិហារ សមណកុដិ មានភាពសមរម្យ ដិតដាមដោយលក្ខណៈវប្បធម៌ពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ លក្ខណៈពិសេសរបស់វត្ត គឺក្រៅពីសំណង់ល្អប្រណីត បរិវេណវត្តធំទូលាយ ចាប់ពីខ្លោងទ្វារចូល គឺមានរូបសំណាកទេពប្រណមរាប់សិបអង្គដែលឈរទទួលស្វាគមន៍ភ្ញៀវ។ ពិសេស នៅខាងមុខខ្លោងទ្វារវត្ត មានដាំដើមត្នោតជាង១០០ដើម បង្កជាម្លប់ត្រជាក់ ម្ល៉ោះហើយ ក៏ជាទីកន្លែងដ៏មនោរម្យសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងធ្វើសក្ការបូជា៕
ខាងក្រោមនេះ គឺរូបថតមួយចំនួនអំពីវត្តតាគុជចាស់។
ខ្លោងទ្វារវត្តតាគុជចាស់ត្រូវបានកសាងយ៉ាងសមរម្យ។
ជួរដើមត្នោតដាំនៅខាងមុខខ្លោងទ្វារវត្តតាគុជចាស់ បង្កឱ្យមានបរិយាកាសត្រជាក់។
ព្រះវិហារវត្តតាគុជចាស់។
ចាប់ពីខ្លោងទ្វារចូល គឺមានរូបសំណាកទេពប្រណមដែលឈរទទួលស្វាគមន៍ភ្ញៀវ
មកទស្សនាកម្សាន្តនិងធ្វើសក្ការបូជា។