ក្រុងកឹងធើ បាននិងកំពុងអនុវត្តមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តមហាសន្និបាតមជ្ឈិម៥ នីតិកាល VIII ស្តីពីការកសាងនិងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ ឯកភាពក្នុងភាពសម្បូរបែបរបស់សហគមន៍បណ្តាជនជាតិវៀតណាម ដែលប្រកបដោយលក្ខណៈពិសេសនៃជនជាតិ មនុស្សសាស្រ្ត ប្រជាធិបតេយ្យនិងវិទ្យាសាស្រ្ត។
អ្នកមីងសាផា (អាវស) និងកូនស្រី (ខាងចុង) កំពុងបញ្ចេញថ្វីដៃធ្វើនំ
ក្នុងអង្គសិក្ខាសាលាមួយនៅទីក្រុង។
ក្រុងកឹងធើ បានផ្សព្វផ្សាយកម្មវិធី គម្រោងជាច្រើនសំដៅរួមចំណែកអភិរក្ស និងពង្រីកនូវតម្លៃវប្បធម៌ប្រវេណីរបស់ជនរួមជាតិខ្មែរ។ យោងតាមគណៈជនជាតិក្រុងកឹងធើ ផ្តើមពីប្រសិទ្ធភាពនៃការអនុវត្តគំរូនៅស្រុកកើ-ដ របស់គម្រោង “បង្រៀនវិជ្ជាជីវៈនិងអក្សរដល់ជនជាតិខ្មែរ” មកទល់ពេលនេះ ក្រុងបានផ្សព្វផ្សាយទម្រង់នេះដល់សហគមន៍ជនជាតិខ្មែរទាំង៩ខណ្ឌ ស្រុកនៅក្នុងក្រុង ក៏ដូចជាសិក្សាស្វែងយល់ផ្សព្វផ្សាយចំពោះសហគមន៍ជនជាតិភាគតិចឯទៀតដែលកំពុងរស់នៅក្នុងភូមិភាគ។ បងស្រីថាច់ធីដឹម នៅភូមិធើយហ្វា B ទីប្រជុំជនកើ-ដ ឱ្យដឹង៖ “ខ្ញុំបានរៀនរបរត្បាញកំប្លោក រីឯកូនខ្ញុំបានរៀនអក្សរខ្មែរ ម្ល៉ោះហើយ ខ្ញុំដឹងគុណរដ្ឋណាស់។ សព្វថ្ងៃមធ្យមភាគខ្ញុំនៅផ្ទះត្បាញកំប្លោកក៏អាចរកបានប្រាក់ចំណូល៣លានដុង/ខែ។ ចំណែកកូនខ្ញុំក៏ចេះអក្សរខ្មែរផងដែរ”។ ពិសេសក្រុងកឹងធើទើបតែប្រគល់ជូនទូក-ងដល់គណៈកម្មការវត្តសេតុត្តរ ស្រុកកើ-ដ។ល។ លោកចូវណាំ អ្នកមានប្រជាប្រិយនៅភូមិធើយហ្វា B ឱ្យដឹងដោយក្តីរីករាយ៖ “មុននេះ វត្តក៏បានរដ្ឋឧបត្ថម្ភទូក-ងមួយគ្រឿងផងដែរ ប៉ុន្តែដោយសារទូក-ងនោះចាស់ មិនអាចធានាសុវត្ថិភាពពេលអុំប្រណាំង។ ឥឡូវ រដ្ឋបានឧបត្ថម្ភទូក-ងថ្មី ញុាំងឱ្យជនរួមជាតិខ្មែរលើភូមិសាស្រ្តរីករាយណាស់។ ម្យ៉ាងទៀត យុវជនក្នុងភូមិស្រុកប្តេជ្ញាចិត្តហាត់សមដើម្បីចូលរួមអុំប្រណាំងនៅពេលខាងមុខ។ នេះគឺ ជារូបភាពមួយក្នុងការអភិរក្សវប្បធម៌ខ្មែរយ៉ាងពិតប្រាកដនិងមានប្រសិទ្ធភាព”។
យុវតីខ្មែរនៅក្រុងកឹងធើ ក្នុងសម្លៀកបំពាក់ប្រពៃណី។
ជនរួមជាតិខ្មែរនៅកឹងធើ តែងយកចិត្តទុកដាក់ដល់ការអភិរក្សវប្បធម៌ប្រវេណី ក្នុងនោះ គ្រួសារអ្នកមីងយឿងធីសាផា នៅមណ្ឌលប៊ិញឡើយ សង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង គឺជាគ្រួសារគំរូមួយ។ អ្នកមីងសាផា ឱ្យដឹង៖ “ខណៈមានពិធីបុណ្យវប្បធម៌ផ្សេងៗ ខ្ញុំតែងទៅចូលរួមបញ្ចេញស្នាដៃធ្វើនំប្រពៃណី មានដូចជានំលម្អងចេក នំស្លឹកតើយ ឬនំបញ្ចុកទឹកសម្លជាដើម ដើម្បីអ្នកមកចូលរួមបានទស្សនានិងភ្លក្សរសជាតិ។ គោលបំណងរបស់ខ្ញុំគឺដើម្បីអភិរក្សនំប្រពៃណីរបស់ជនរួមជាតិខ្មែរ”។ សព្វថ្ងៃ អ្នកមីងសាផាវ័យកាន់តែចាស់ កូនៗក៏បានស្នងបន្តរបៀបធ្វើនំ ហើយអាចនឹងជំនួសអ្នកមីងបញ្ចេញថ្វីដៃក្នុងពិធីបុណ្យផ្សេងៗដែលបានរៀបចំឡើងក្រៅទីក្រុងផងដែរ។
ក្នុងដំណាក់កាលផ្លាស់ថ្មីនិងសមាហរណកម្ម តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចបានក្លាយជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពសម្ភារៈ ស្មារតីដល់ប្រជាជន។ ការដែលអនុវត្តល្អនូវកម្មវិធីទិសដៅជាតិពីការអភិរក្សវប្បធម៌ បានរួមចំណែកដ៏សំខាន់ដើម្បីលើកស្ទួយជីវភាពវប្បធម៌ស្មារតី អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិនីមួយៗ៕
ហាថាញ-លីសៀ