សុកត្រាំង ជាភូមិភាគមួយដែលមានសក្ដានុភាពច្រើនសម្រាប់អភិវឌ្ឍវិស័យអេកូទេសចរណ៍ ទេសចេណ៍បែបជំនឿសាសនា ពិធីបុណ្យនិងទេសចរណ៍សមុទ្រ។ ជាមួយនឹងសក្ដានុភាពទាំងនេះ ខេត្តសុកត្រាំង ក៏ទាក់ទាញបានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសជាច្រើន។
វត្តបទុមវង្សាសំរោង នៅសង្កាត់៥ ក្រុងសុកត្រាំង បានទាក់ទាញភ្ញៀវទេសចរ
មកទស្សនានិងគោរពបូជា។
យោងតាមមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង ខេត្តមានរមណីយដ្ឋានទេសចរណ៍ជាច្រើន បានក្លាយជាគោលដៅក្នុងដំណើរទេសចរណ៍ តភ្ជាប់ជាមួយនឹងអង្គភាពទេសចរណ៍នៅក្រៅខេត្ត ដូចជា៖ រមណីយដ្ឋានទេសចរណ៍តឹងហ្វេយៀង នៅស្រុកចូវថាញ់; វត្តបទុមវង្សាសំរោង, វត្តពោធិសត្វលិញអ៊ឹង នៅក្រុងសុកត្រាំង; វត្តសិរីសុខុមស្រឡូង នៅស្រុកមីស្វៀង; វត្តសិរីតាមុឺន នៅស្រុកត្រឹងដេ; សឹងតៀង នៅស្រុកកូវឡាវយុង; វត្តឃ្លាំង, វត្តសិរីតេជោមហាទប់, អគារតាំងពិព័រណ៍វប្បធម៌ខ្មែរ។ល។ ចំណែកអេកូទេសចរណ៍និងទេសចរណ៍សមុទ្រ មានបណ្ដុំទេសចរណ៍សហគមន៍កោះមីភឿក បណ្ដុំទេសចរណ៍សហគមន៍នៅស្រុកកូវឡាវយុង ឆ្នេរសមុទ្រម៉-អ និងឆ្នេរសមុទ្រហោប៊ែ នៅទីរួមខេត្តវិញចូវ។ ក្រៅពីនោះ ខេត្តនៅមានពិធីបុណ្យប្រពៃណីជាច្រើន ដូចជា៖ ពិធីបុណ្យជ្រោយរំចេក; ពិធីបុណ្យធាក់គង (ពិធីបុណ្យថ្វាយស្លាធម៌ដូង) ពិធីបុណ្យសែនក្បាលទឹក ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង។ល។ លោក ទ្រឿងដាក់ផាក ប្រធានគណៈកម្មាធិការប្រជាជនឃុំភូតឹង ស្រុកថូវថាញ់ ឱ្យដឹង៖ “ឃុំភូតឹង បានខេត្តជ្រើសរើសជាមណ្ឌលអេកូទេសចរណ៍ ព្រោះភូមិភាគនេះមានមណ្ឌលទេសចរណ៍ជាច្រើនទាក់ទាញបានភ្ញៀវទេសចរមកទស្សនាកម្សាន្តជាច្រើន ដូចជា ៖ វត្តព្រះបួនព្រះភ័ក្រ្ត ស្រះទេវតា អាគារតាំងពិព័រណ៍សិប្បកម្មប្រពៃណី ដូចជា ត្បាញបន្ទោះ ដាល់អំបុក គូរគំនូរលើកញ្ចក់...។ ជាពិសេស មណ្ឌលវប្បធម៌ និងជំនឿស្រះទេវតា មានផ្ទៃដី៩,៩ហិកតា កំពុងបានវិនិយោគកសាង ដោយថវិកាសរុប ២០០ពាន់លានដុង។ ក្នុងនោះ កសាងឡើងវិញស្រះទេវតា ផ្ទះបុរាណខ្មែរ; មណ្ឌលរៀបចំពិធីបុណ្យប្រពៃណី ល្បែងប្រជាប្រិយ កន្លែងទទួលទានអាហារ និងសារមន្ទីរតាំងពិព័រណ៍វត្ថុបុរាណ ទីតាំងដាក់ទូក-ង និងទូកគែហ៊ៅ”។
ពិធីជួបជុំតំបន់ចម្ការដំណាំនៅកោះមីភឿក ស្រុកកេសាច់ បានទាក់ទាញភ្ញៀវទេសចរ
ជាច្រើនមកទស្សនាកម្សាន្ត។
ខេត្តសុកត្រាំង មានវត្តខ្មែរ៩២វត្ត ដែលមានស្ថាបត្យកម្មដ៏វិសេសវិសាល បានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសដឹងឮច្រើន។ ហើយមានបេតិកភណ្ឌវប្បធម៌ កេរដំណែល ស្ថាបត្យកម្មប្រវត្តិសាស្រ្តថ្នាក់ខេត្ត និងថ្នាក់ជាតិជាច្រើន កំពុងបានភូមិភាគបើកបម្រើភ្ញៀវទេសចរ។ បច្ចុប្បន្ន មានក្រុមហ៊ុនទេសចរណ៍ចំនួន ៤៣ បានតភ្ជាប់ដំណើរជាមួយខេត្តនាំភ្ញៀវទេសចរមកទស្សនាកម្សាន្ត។ ចាប់ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ចំនួនភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តសុកត្រាំង មានប្រមាណជាង ៥,៥លាននាក់ ចំណូលថវិកាផ្នែកទេសចរណ៍ សរុបជាង ២.៨០០ពាន់លានដុង។
លោកត្រឹងមិញលី នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ មានប្រសាសន៍៖ “ខេត្ត កំពុងកសាងផលិតផលទេសចរណ៍ពិសេសដោយឡែក ដោយផ្អែកលើកត្តាវប្បធម៌ខ្មែរដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្នុងនោះ កសាងសម្រេចរួចរាល់នូវបរិស្ថានវប្បធម៌-ទេសចរណ៍ខ្មែររបស់ខេត្ត ផ្សារភ្ជាប់ជាមួយកេរដំណែល ប្រវត្តិសាស្រ្ត វប្បធម៌ និងស្ថាបត្យកម្ម អភិវឌ្ឍន៍ ផលិតផលសិល្បៈជនជាតិដ៏វិសេស ដើម្បីបម្រើភ្ញៀវទេសចរនៅតាមមណ្ឌលទេសចរណ៍ ដូចជា៖ សិល្បៈល្ខោនយូរកេរ សិល្បៈរបាំ រាំវង់ និងភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរជាដើម។ ឆ្លងតាមរយៈនោះ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិបណ្ដើរ កសាងខេត្តសុកត្រាំងឱ្យក្លាយទៅជាតំបន់ដីបេតិកភណ្ឌបណ្ដើរ និងពិធីបុណ្យវប្បធម៌ប្រកបដោយលក្ខណៈពិសេសដោយឡែក ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍”៕
យ្វីអាញ-ត្រឹងរ៉ូន