18/09/2023 - 14:06

អ្នក​រក្សា​វប្ប​ធម៌​ប្រ​ពៃណី

បច្ចុប្បន្ន នៅ​ខេត្ត​សុក​ត្រាំង​មាន​សិប្ប​ករ​ប្រ​ជា​ជន​២​រូប និង​សិប្ប​ករ​ឆ្នើម​ចំ​នួន​៧​រូប ជា​ជន​ជាតិ​ខ្មែរ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស និង​បង្ហាត់​បង្រៀន​នូវ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ។

សិប្បករ លី​ឡេត (ខាង​ស្តាំ) និង​សិប្ប​ករ​ចូវ​អូន ក្នុង​ឱកាស​ទទួល​កិត្តិ​នាម​សិប្ប​ករ​ប្រ​ជា​ជន។

សិប្បករ​ប្រ​ជា​ជន លី​ឡេត កំពុង​សូន​រូប​សំ​ណាក់​នៅ​វត្ត​សិរី​ពោធិ(ដើម​ពោធិ៍) ស្រុក​ត្រឹង​ដេ។

សិប្ប​ករ​ប្រ​ជា​ជន ចូវ​អូន (អាវ​ក្រហម) ប្រារព្ធ​ពិធី​កិច្ច​ក្នុង​វិធី​បុណ្យ​សំ​ពះព្រះ​ខែ​តាម​
ប្រពៃណីរបស់ជនរួមជាតិខ្មែរ។

សិប្ប​ករ​ប្រ​ជា​ជន លី​ឡេត ឱ្យ​ដឹង៖ “អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ខ្ញុំ​ទៅ​គ្រប់​ខេត្ត ក្រុង​នៅ​តំបន់​ណាម​បូ ដើម្បី​ទទួល​សាង​សង់​សំ​ណង់​នៅ​តាម​វត្ត​ខ្មែរ មាន​ដូច៖ គូរ​គំ​នូរ​ពុទ្ធ​ប្បវត្តិ ឆ្លាក់​ក្បូរ​ក្បាច់ គ្រុឌ កិន្នរ នាគ ។ល។ មក​ទល់​នឹង​បច្ចុប្បន្ន ខ្ញុំ​ចាប់​អា​រម្មណ៍​បំ​ផុត​គឺ​ការ​ជួស​ជុល​សំ​ណង់​ព្រះ​វិហារ​វត្ត​សិរី​តេ​ជោ​មហា​ទប់ ក្រោយ​ពី​ត្រូវ​ភ្លើង​ឆេះ និង​សំ​ណង់​វត្ត​ខ្មែរ​នៅ​ភូមិ​វប្បធម៌​ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម​នៅ​ហា​ណូយ។ សំ​ណង់​ទាំង​២នេះ គឺ​ជា​សំ​ណង់​ថ្នាក់​ជាតិ ដែល​ខ្ញុំ​បាន​ រចនា​ឡើង​ទាំង​ស្រុង​តាម​ទម្រង់​នៃ​ស្ថាបត្យ​កម្ម​ខ្មែរ”។ នៅ​កន្លែង​ដែល​លោក​ទទួល​សាង​សង់ សិប្ប​ករ​ប្រ​ជា​ជន លី​ឡេត ថែម​ទាំង​បង្រៀន​សិល្បៈ​ស្ថា​បត្យ​កម្ម​ខ្មែរ​ដល់​កូន​ចៅ​មាមីង​ជន​រួម​ជាតិ​ខ្មែរ​រាប់​រយ​នាក់ ដើម្បី​ស្នង​បន្ត​វេន អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

ចំ​ណែក​សិប្ប​ករ​ប្រ​ជា​ជន ចូវ​អូន នៅ​ក្រុង​សុក​ត្រាំង ជិត​មួយ​ឆាក​ជីវិត​ផ្សារ​ភ្ជាប់​នឹង​ការ​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ ភាសា​បា​លី សំស្ក្រឹត​ដល់​ព្រះសង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​វត្ត​នានា នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ នៅ​ក្រុង​កឹងធើ។ ទន្ទឹម​នឹង​នោះ លោក​គ្រូ​ក៏​ជា​អ្នក​សារ​ព័ត៌​មាន អ្នក​និពន្ធ ស្រាវ​ជ្រាវ​វណ្ណ​កម្ម​អក្សរ​សិល្ប៍​កំ​ណាព្យ​កាព្យ​ឃ្លោង​ចុះ​ផ្សាយ លើ​ទំព័រ​កា​សែត​ខ្មែរ និង​ចូល​រួម​រៀប​រៀង​បោះ​ពុម្ព​សៀវ​ភៅ​៤​ក្បាល ដែល​មាន​ខ្លឹម​សារ​ស្ងើច​សរ​សើរ​មាតុ​ភូមិ ប្រ​ទេស​ជាតិ​និង​អ៊ំ​ហូ​ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​អរូបី។ សិប្ប​ករ​ប្រ​ជា​ជន ចូវ​អូន ឱ្យ​ដឹង៖ “បាន​រដ្ឋ​ប្រ​ទាន​កិត្តិ​នាម​ដ៏ឧត្តុង្គ​ឧត្តម​ជា​សិប្ប​ករ​ប្រ​ជា​ជន ខ្ញុំ​រីក​រាយ​ខ្លាំង​ណាស់។ បច្ចុប្បន្ន ខ្ញុំ​មាន​វ័យ​កាន់​តែ​ចាស់ ដូច្នេះ សំ​ខាន់​គឺ​ធ្វើ​អាចារ្យ​បម្រើ​កម្ម​វិធី​បុណ្យ​ទាន​ផ្សេងៗ​និង​ពិធី​មង្គល​ការ។ល។ ជា​រៀង​រាល់​ឆ្នាំ នៅ​ពិធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក-ង ខេត្ត​តែង​រៀប​ចំ​ពិ​ធី​ស្តារ​ឡើង​វិញ​បុណ្យ​សំ​ពះ​ព្រះ​ខែ​តាម​ប្រពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​អញ្ជើញ​ខ្ញុំ​ធ្វើ​អា​ចារ្យ​ដឹក​នាំ​រៀប​ចំ​ពិធី ដើម្បី​ជួយ​កូន​ចៅ​ខ្មែរ​បាន​យល់​ច្បាស់​ពី​លក្ខណៈ​វប្ប​ធម៌​ខ្មែរ។ បច្ចុប្បន្ន ខ្ញុំ​ក៏​បាន​ផ្តល់​ក្បួន​ទំ​នៀម​ទម្លាប់​អា​ចារ្យ​ដល់​កូន​សិស្ស​ដើម្បី​សិក្សា​ស្នង​បន្ត​វេន”។

ការ​រួម​ចំណែក​របស់​សិប្ប​ករ​ប្រ​ជា​ជន​ចូវ​អូន និង​សិប្ប​ករ​ប្រ​ជា​ជន លីឡេត បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិរក្ស​កេរ​ដំ​ណែល​វប្ប​ធម៌ អរូបី​ថ្នាក់​ជាតិ។ បន្ត​រក្សា​សមិទ្ធ​ផល​ទាំង​នោះ គឺ​មាន​សិប្ប​ករ សិល្ប​ករនិង​បញ្ញវន្ត​ខ្មែរ​ជា​ច្រើន​ក្នុង​ខេត្ត​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តែង​ខ្នះ​ខ្នែង​បង្ហាត់ បង្រៀន​សិល្បៈ​គំនូរ ចម្លាក់​ក្បូរ​ក្បាច់ ភាសា អក្សរ​សាស្ត្រ និង​ទំនៀម​ទម្លាប់​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ដល់​យុវ​វ័យ​ជំនាន់​ក្រោយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ដើម្បី​ព្រួត​ដៃ​អភិរក្ស​និង​ពង្រីក​ថែម​ទៀត៕                  

                                         យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ