បណ្តាវត្តខ្មែរនៅលើភូមិសាស្រ្តខេត្តសុកត្រាំង តែងយកចិត្តទុកដាក់ដល់ការបើកបង្រៀនអក្សរខ្មែរ ភាសាបាលីដល់ព្រះសង្ឃនិងកូនចៅខ្មែរ។ ឆ្លងតាមរយៈនោះ រួមចំណែកអភិរក្សភាសា អក្សរសាស្រ្តរបស់ជនជាតិ និងលើកកម្ពស់កម្រិតប្រជាបញ្ញាក្នុងតំបន់ជនរួមជាតិខ្មែរ។
ថ្នាក់ពុទ្ធិកបឋមសិក្សានៅវត្តសេរីតាម៉ឺន។
នៅវត្តទំនប់ ឃុំអាងនិញ ស្រុកចូវថាញ់ គឺជាវត្តមួយក្នុងចំណោមវត្តខ្មែរទាំងឡាយ តែងយកចិត្តទុកដាក់ដល់ការបង្រៀនអក្សរខ្មែរ និងភាសាបាលីដល់ព្រះសង្ឃ និងកូនចៅខ្មែរ។ ជាច្រើនឆ្នាំមកនេះ វត្តបានចលនាពុទ្ធបរិស័ទរួមវិភាគទានជាទឹកប្រាក់រាប់សិបពាន់លានដុង ដើម្បីកសាងសាលាទាន សមណកុដិ បណ្ណាល័យ និងសាលារៀន។ល។ មានលក្ខណៈគ្រប់គ្រាន់សម្រាប់ព្រះសង្ឃមកសិក្សារៀនសូត្រ។ ព្រះតេជព្រះគុណ ឡឹមហ៊ីប ព្រះចៅអធិការវត្តទំនប់ មានថេរដីកា៖ “រៀងរាល់ឆ្នាំ វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរ ភាសាបាលី ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣។ មធ្យមភាគថ្នាក់រៀនភាសាបាលី មានសមណសិស្សពី២០ដល់៣០អង្គ។ ឆ្នាំ២០២៣ វត្តបានបើកថ្នាក់បាលីទី១ មានសមណសិស្សនិមន្តពីវត្តនានាមកសិក្សាចំនួន២០អង្គ”។
នៅវត្តសេរីតាម៉ឺន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ បានបើកថ្នាក់ពុទ្ធិកបឋមសិក្សាចាប់ពីឆ្នាំ ១៩៧១រហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ន វត្តមានព្រះសង្ឃ៣អង្គរៀនចប់មហាបរិញ្ញាបត្រផ្នែកពុទ្ធិកសិក្សា ចប់បរិញ្ញាបត្រ៤អង្គ កំពុងសិក្សាមហាវិទ្យាល័យ២អង្គ និងជាច្រើនអង្គទៀតកំពុងរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ វិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រុងកឹងធើ និងថ្នាក់ពុទ្ធិកបឋមសិក្សានៅតាមវត្តនានា។ តាមថេរដីកាព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា ព្រះចៅអធិការវត្តសេរីតាម៉ឺន ការសិក្សាភាសាបាលីនៅក្នុងវត្តអារាម ជួយឱ្យព្រះសង្ឃសិក្សាពីសាសនាផង និងអក្សរសាស្រ្តផង ដើម្បីលើកកម្ពស់កម្រិតវិជ្ជា។ មធ្យមភាគក្នុងមួយឆ្នាំ វត្តមានសមណសិស្សនិមន្តមកសិក្សាថ្នាក់ពុទ្ធិកបឋមសិក្សាប្រមាណពី៥០ដល់៨០អង្គ អាស្រ័យបណ្ឌិតាចារ្យ និងព្រះសង្ឃដែលរៀនចប់មហាបរិញ្ញាបត្រ បរិញ្ញាបត្រពុទ្ធិកសិក្សា បង្ហាត់បង្រៀន។ ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា អំណះអំណាង៖ “ជនរួមជាតិខ្មែរតែងគោរពព្រះសង្ឃ ពីព្រោះព្រះសង្ឃបួសរៀនចេះដឹងច្រើនខាងអក្សរខ្មែរ ភាសាបាលី ធម៌អាថ៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ មានសីលធម៌ល្អ និងចិត្តសប្បុរស។ ព្រោះហេតុនោះ កូនចៅជនរួមជាតិខ្មែរចូលវត្តបួស អាត្មាភាពតែងបង្កលក្ខណៈល្អបំផុតសម្រាប់សិក្សាអំពីសាសនា និងអក្សរសាស្រ្ត។ បច្ចុប្បន្ន ទោះបីនៅក្នុងវត្តឬនៅសង្គមខាងក្រៅក៏ដោយ ចំណេះដឹងគឺជាទ្រព្យដ៏មានតម្លៃបំផុត”។
តាមថេរដីការបស់ព្រះឧបជ្ឈាយ៍តាំងណោ ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត រៀងរាល់ឆ្នាំ សមាគមតែងលើកទឹកចិត្តវត្តខ្មែរនានាដែលគ្រប់លក្ខណសម្បត្តិបើកថ្នាក់ពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃនិមន្តមកសិក្សារៀនសូត្រ។ ទន្ទឹមនឹងនោះ សមាគមនឹងសហការជាមួយនឹងផ្នែកអប់រំរៀបចំសម័យប្រឡងសញ្ញាបត្របាលីរង និងពិនិត្យទទួលស្គាល់សម្រេចកម្មវិធីបឋមសិក្សាដល់សមណសិស្ស។ សមណសិស្សបញ្ចប់សញ្ញាបត្របាលីរង បើចង់រៀនខ្ពស់ទៀត គឺបន្តចូលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ និងបានទទួលរបបគោលនយោបាយរបស់រដ្ឋគ្រប់សព្វតាមសេចក្តីកំណត់៕
យ្វីអាញ-វិមាន