យោងតាមប្រសាសន៍លោក ង្វៀងខាញ់ហ្វា លេខាគណៈកម្មាធិការបក្សឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ឃុំទើបបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី កំពុងបន្តការបង្កើនកម្រិតលក្ខឋាន ដើម្បីកសាងឃុំជនបទថ្មីកម្រិតខ្ពស់។
លោកថាច់ធី ប្រធានភូមិស្វាយសៀម មកចលនាគ្រួសារអ្នកមីងគឹមធីផាយ រួមកម្លាំង
ពលកម្មក្នុងការកសាងផ្លូវជនបទ។
ក្រោយពីបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ង៉ាយស្វៀង ខិតខំពង្រីកអស់ពីសមត្ថភាពរាល់ប្រភពកម្លាំងក្នុងការវិនិយោគ ដូច្នេះឃើញថា សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រមានការអភិវឌ្ឍជាបន្តបន្ទាប់ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយដោយឥតឈប់ឈរ ធ្វើឱ្យមុខមាត់ជនបទកាន់តែមានភាពប្រសើរ។ អ្នកមីង គឹមធីផាយ នៅភូមិស្វាយសៀម ចែករំលែក៖ “ចាប់តាំងពីភូមិបំផុសចលនាកសាងជនបទថ្មី ខ្ញុំសង្កេតឃើញពីអត្ថប្រយោជន៍នៃកម្មវិធី ម៉្លោះហើយខ្នះខ្នែងចូលរួមរាល់ការចលនាដែលភូមិភាគបំផុស។ សព្វថ្ងៃ នៅតាមដងផ្លូវជនបទសុទ្ធតែដាំផ្កា ក្នុងនោះ មានដងផ្លូវជាច្រើនបានដាក់អំពូលភ្លើងបំភ្លឺផ្លូវ ជួយឱ្យប្រជាជនធ្វើដំណើរនៅពេលយប់មានភាពងាយស្រួល កាត់បន្ថយទាំងគ្រោះថ្នាក់ចរាចរណ៍ និងធានាសន្តិសុខ សណ្តាប់ធ្នាប់ទៀតផង”។
ស្ពាននៅភូមិស្វាយសៀម ទើបកសាងរួចរាល់និងដាក់ឱ្យប្រើប្រាស់។
ដើម្បីកសាងជោគជ័យឃុំជនបទថ្មី ឃុំង៉ាយស្វៀង កៀរគរថវិកាបានជាង ១៦៦ ពាន់លានដុង ផ្សព្វផ្សាយអនុវត្តកម្មវិធីឧបត្ថម្ភប្រជាជន សំខាន់គឺគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ; កសាងហេដ្ឋារចនាសម្ព័ន្ធបម្រើសុខុមាលភាពសង្គម។ ក្នុងនោះ ប្រជាជនក្នុងឃុំរួមវិភាគទានជាង ២២ ពាន់លានដុង ស្រូបអត្រាជាង ១៣% នៃចំនួនដើមទុន; អាជីវកម្មរួមវិភាគទានជាង ១៨ ពាន់លានដុង ស្រូបអត្រា ១០% នៃចំនួនដើមទុន។ ដងផ្លូវសំខាន់ៗក្នុងឃុំតភ្ជាប់ឃុំ សុទ្ធតែបានក្រាលកៅស៊ូ ផ្លូវក្នុងភូមិនិងតភ្ជាប់ភូមិ ត្រូវបានចាក់បេតុងទាំងអស់ ធានាបម្រើការធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិកផលរបស់មាមីងមានភាពងាយស្រួល។
មកទល់នឹងពេលនេះ ឃុំង៉ាយស្វៀង មានគ្រួសារវប្បធម៌ជនបទថ្មី ២.៣៩៦ គ្រួសារ ស្រូបអត្រាជាង ៩០% បើប្រៀបធៀបជាមួយនឹងចំនួនគ្រួសារចុះឈ្មោះ; មាន ៦/៧ ភូមិសម្រេចបទដ្ឋានភូមិវប្បធម៌ជនបទថ្មី; មានសហករណ៍ចំនួន ៣ និងក្រុមសហការផលិតចំនួន ៧ ដោយមានសមាជិកចូលរួមចំនួន ១៨២ នាក់។ ក្នុងឃុំនៅគ្រួសារក្រីក្រ ៣,២៧% ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៥៥,១៤ លានដុង/ឆ្នាំ។ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនត្រូវបានលើកស្ទួយ ធ្វើឱ្យមុខមាត់ជនបទឃុំង៉ាយស្វៀង មានភាពផ្លាស់ប្តូរយ៉ាងច្បាស់៕
សឺនម៉ាល័យ-មុនី