យោងតាមសមាគមសម្ព័ន្ធនារីស្រុកថើយឡាយ ក្រុងកឹងធើ សមាគមស្រុកបានរៀបចំពិធីប្រឡងធ្វើនំប្រពៃណី ដើម្បីបងប្អូននារីមានឱកាសស្វែងយល់ និងចែករំលែកបទពិសោធន៍ពីរបៀបធ្វើនំប្រពៃណីរបស់ជនរួមជាតិខ្មែរ។
បងប្អូននារីនៅឃុំដុងប៊ិញ ប្រើប្រាស់ស្លឹកឈូកដើម្បីគ្របផលិតផល។
ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីប្រឡងធ្វើនំប្រពៃណីជនជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៣ បងប្អូននារីនៅតាមសាខាសមាគមលើភូមិសាស្ត្រស្រុកថើយឡាយ បានរួមគ្នាសាកល្បងធ្វើនំជាច្រើនមុខមុនពេល ចុះឈ្មោះធ្វើនំដែលសាខាសមាគមឃើញថាឆ្ងាញ់បំផុត។ បងស្រីថាច់ធីហ្វែ នៅឃុំទ្រឿងថាញ់ ឱ្យដឹងដោយក្ដីរីករាយ៖ “ក្រោយពីសាកល្បងធ្វើនំបំពង់ នំបង្គា នំបត់និងនំខ្ញី៘ សមាគមសម្ព័ន្ធនារីឃុំបានឯកភាពជ្រើសធ្វើនំបត់ ដើម្បីចូលរួមប្រឡងថ្នាក់ស្រុក។ នំនេះមិនត្រឹមតែស្រណុកធ្វើប៉ុណ្ណោះទេ សូម្បីវត្ថុធាតុដើមក៏ថោក ហូបឆ្ងាញ់ ហើយឆ្អែតបានយូរទៀតផង”។
ភាពសម្បូរបែបនៃប្រភេទនំប្រពៃណីរបស់ជនជាតិខ្មែរ។
អង្គភាពនីមួយៗដែលចូលរួមពិធីប្រឡង បានជ្រើសធ្វើប្រភេទនំផ្សេងៗពីគ្នា ម្ល៉ោះហើយ ផលិតផលចូលរួមប្រឡងមានច្រើនមុខ ប្រការនេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ម្ហូបអាហាររបស់ជនរួមជាតិខ្មែរ។ ដោយជ្រើសធ្វើអំបុកដើម្បីចូលរួមប្រឡង ដូច្នេះ នារីឃុំថើយថាញ់ មានការបារម្ភជាខ្លាំង។ បងស្រីង្វៀងធីត្វៀកឡង ប្រធានសមាគមសម្ព័ន្ធនារីឃុំថើយថាញ់ ឱ្យដឹង៖ “អំបុកជាទូទៅគឺប្រជាជននៅវាលរាបទន្លេគឺវឡុងយើងដឹងស្គាល់ទាំងអស់គ្នា ម្ល៉ោះហើយធ្វើឆ្ងាញ់ ឬមិនឆ្ងាញ់ គឺងាយស្រួលវាយតម្លៃណាស់។ អំបុកងាយធ្វើ ប៉ុន្តែដើម្បីលាយផ្សំគ្រឿងឱ្យបានឆ្ងាញ់និងទន់នោះ ត្រូវមានគន្លឹះខ្លះដែរ”។ រីឯសមាគមនារីឃុំឌិញម៉ូង បានជ្រើសធ្វើនំបត់ ដើម្បីនំរក្សាបានកម្រិតស្រួយ នៅក្តៅ បងប្អូននារីត្រូវត្រៀមទាំងចង្រ្កានហ្គាស ខ្ទះប្រេងឆាយកទៅតាមចម្អិននំក្នុងពិធីប្រឡងទៀតផង។ បងស្រីម៉ាយត្វៀកភុង ប្រធានសមាគមសម្ព័ន្ធនារីឃុំឌិញម៉ូង ឱ្យដឹង៖ “ដើម្បីធ្វើនំទៅតាមរសជាតិរបស់ជនរួមជាតិខ្មែរ យើងខ្ញុំបានជ្រើសបងស្រីដាវធីមីយ្វៀង ជនជាតិខ្មែរជាអ្នកទទួលបន្ទុកផ្ទាល់ បងប្អូនផ្សេងៗទៀតក្នុងសមាគមនឹងជំនួយការដល់បងស្រីយ្វៀង”។ មិនបានធ្វើផ្ទាល់ក្នុងពិធីប្រឡងក៏ពិតមែន ប៉ុន្តែសមាជិកានៃសមាគមសម្ព័ន្ធនារីឃុំស្វឹងថាំង បានត្រៀមលក្ខណៈតាំងពីព្រលឹម ដើម្បីលាយម្សៅ ចំហុយនំអាកោត្នោត នៅឯផ្ទះ រួចយកនំមកចូលរួមប្រឡង។ មើលនំអាកោស្ករត្នោតពណ៌លឿង អ្នកណាក៏ពោលសរសើរពីស្នាដៃដ៏ប៉ិនប្រសប់របស់បងៗមិនដាច់ពីមាត់ដែរ។
ពិធីប្រឡងម្តងៗគឺជាឧកាសដើម្បីសមាជិកា នារីនៅស្រុកថើយឡាយ រួមគ្នាស្វែងយល់ពីប្រភេទនំ របៀបធ្វើ៘ និងចែករំលែកបទពិសោធន៍ដល់គ្នាតាមរយៈការធ្វើបទបង្ហាញ។ នេះគឺជាវិធីដែលបងប្អូននារីរួមចំណែកអភិរក្ស ប្រភេទនំប្រពៃណីរបស់ជនរួមជាតិខ្មែរ៕
ហាថាញ-លីសៀ