12/06/2023 - 08:09

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច

អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ស្រុក​ហ្គក្វាវ ខេត្ត​គៀង​យ៉ាង​ ជា​សាលា​មួយ​ដែល​បាន​អា​ណា​ព្យា​បាល​សិស្ស​និង​សិស្ស​ទំ​នុកចិត្ត​ រយៈ​ពេល​កន្លង​ សមូហ​ភាព​គ្រូ​បង្រៀន​និង​សិស្ស​សាលា​ តែង​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​ឥត​ឈប់​ឈរ។

សកម្ម​ភាព​ក្រៅ​វគ្គ​សិក្សា​ ជួយ​ឱ្យ​សិស្ស​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្គ​ក្វាវ
 ខេត្តគៀងយ៉ាង មានភាពស្និទ្ធស្នាលគ្នានិងស្មារតីសមូហភាព។

តាម​ប្រ​សាសន៍​អ្នក​គ្រូធី​ហុង​វ៉ាង នាយិ​កា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ពិសេស​គឺ​កិច្ច​ចង្អុល​ការ​យ៉ាង​ជិត​ដិត​របស់​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ ក៏​ដូច​ជាការិយា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ហ្គក្វាវ ម៉្លោះហើយ​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​របស់​សាលា​ មាន​គ្រប់​ចំ​នួន​និង​សម្រេច​បទ​ដ្ឋាន។ ក្នុង​នោះ​ មាន​កម្មា​ភិ​បាល​ គ្រូ​បង្រៀន​វ័យ​ក្មេង​ជា​ច្រើន​ សកម្ម​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ តែង​សិក្សា​ស្រាវ​ជ្រាវ​ ដើម្បី​បង្កើន​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ។ ហេតុ​នេះ​ អត្រា​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​សម្រេច​បទ​ដ្ឋាន​និង​សម្រេច​លើស​បទ​ដ្ឋាន​កាន់​តែ​ច្រើន​ឡើង។ ពេល​កម្រិត​វិជ្ជា​គ្រូ​បង្រៀន​ត្រូវ​បាន​លើក​កម្ពស់​ដូច្នេះ​ គុណ​ភាព​សិក្សា​របស់​សិស្ស​ ក៏​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។ ឆ្នាំ​សិក្សា​កន្លង​ សា​លា​មាន​សិស្ស​ម្នាក់​ពូ​កែ​វិញ្ញា​សា​អក្សរ​សាស្ត្រ​ថ្នាក់​ស្រុក​ អត្រា​សិស្ស​សិក្សា​សម្រេច​និទ្ទេស​ពី​មធ្យម​ឡើង​ទៅ​គឺ​ ៩៥% អត្រា​សិស្ស​សម្រេច​ចរិយា​សម្បត្តិ​ប្រ​សើរ​គឺ​ ៩៦,៤% ក្រៅ​ពី​នោះ​ គឺ​សិស្ស​សម្រេច​ចរិយា​សម្បត្តិ​គ្រាន់​បើ។

អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​លំ​ដាប់​ថ្នាក់​ ឃើញ​ថា​មូល​ដ្ឋាន​សម្ភារៈ​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ស្រុក​ហ្គក្វាវ ត្រូវ​បាន​វិនិ​យោគ​គ្រប់​សព្វ​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន​ជាតិ។ បច្ចុប្បន្ន​ សា​លា​មាន​បន្ទប់​រៀន​ចំ​នួន​ ៨ បន្ទប់​អនុវត្ត​ ពិសោធន៍​ចំ​នួន​ ២ បណ្ណា​ល័យ​ ១ បន្ទប់​ព័ត៌​មាន​វិទ្យា​ ១ បន្ទប់​ភាសា​អង់​គ្លេស​១។ អ្នក​គ្រូ​នាយិ​កា​សាលា​បញ្ជាក់៖ “មាន​មូល​ដ្ឋាន​សម្ភារៈ​សព្វ​គ្រប់​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​គ្រប់​មុខ​វិជ្ជា។ ក្រៅ​ពី​នោះ​ សា​លា​ក៏​បាន​វិនិ​យោគ​កសាង​អន្តេ​វាសិក​ដ្ឋាន​បាន​ សម​រម្យ តាំង​ពី​កន្លែង​ស្នាក់​នៅ​ហូប​ចុក​ រហូត​ដល់​ទីលាន​កីឡា ដើម្បី​ប្អូន​ៗ​លេង​កម្សាន្ត​លត់​ដំ​កាយ​សម្បទា”។ ដោយ​សារ​កង​ជួរ​គ្រូ​បង្រៀន​ មាន​សិ្ថរ​ភាព​ទាំង​មាន​កម្រិត​វិជ្ជា​មុខ​ជំ​នាញ​ល្អ​ រួម​ជា​មួយ​នឹង​មូល​ដ្ឋាន​សម្ភារៈ​ទំ​នើប​ ដូច្នេះ​ អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ ទាក់​ទាញ​សិស្ស​ចូល​រៀន​យ៉ាង​ច្រើន។ បង​យ័ញ​មី នៅ​ឃុំ​ឌិញ​ហ្វា ឱ្យ​ដឹង​៖ “តាំង​ពី​ថ្នាក់​ទី ៥ ខ្ញុំ​បាន​ណែ​នាំ​កូន​ឱ្យ​ខំ​ប្រឹង​រៀន​ដើម្បី​ប្រ​ឡងចូល​សាលា​អន្តេ​វា​សិក ព្រោះ​រៀន​នៅ​ទីនេះ​មិន​បង់​ថ្លៃ​សិក្សា​ ហើយ​ថែម​ទាំង​ធានា​ការ​អភិវឌ្ឍ​របស់​កូន​ក្នុង​បរិ​ស្ថាន​សមូហ​ភាព​និង​កំ​ណត់​បាន​ទិស​ដៅ​ទៅ​អនា​គត។ ដំបូ​ង​ ប្រ​ពន្ធ​ខ្ញុំ​ក៏​មាន​ការ​ប្រតិ​កម្ម​ ព្រោះ​គិត​ថា​កូន​នៅ​ក្មេង​ខ្ចី​ទើប​តែ​រៀន​ថ្នាក់​ទី ៦ ប៉ុន្តែ​ពេល​ឃើញ​សិស្ស​អនុ​វិទ្យា​ល័យ​ជា​ច្រើន​ក្នុង​ភូមិ​ ញៀន​លេង​ហ្គេម បង្ក​រឿង​ វាយ​ប្រ​តប​គ្នា​ ប្រ​ពន្ធ​ខ្ញុំ​ក៏​ឯក​ភាព​ឱ្យ​កូន​ទៅ​រៀន​ នៅ​សាលា​អន្តេ​វាសិក។ ឥឡូវ​ កូន​ក៏​ធ្លាប់​នឹង​បរិ​ស្ថាន​សមូហ​ភាព​ រៀង​រាល់​ចុង​សប្តាហ៍​ខ្ញុំ​ទៅ​ឌុប​កូន​មក​ផ្ទះ​លេង”។

តាម​ប្រសាសន៍​លោក​លី​មិញ​ថាំង​ អនុ​ប្រធាន​ការិ​យា​ល័យ​នៃ​ក្រុម​ប្រឹក្សា​ប្រជា​ជន​-គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង៖ អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវ តែង​សម្រេច​ល្អ​ភារ​កិច្ច​បង្រៀន​និង​រៀន​ បង្ក​បាន​ទំ​នុក​ចិត្ត​ចំ​ពោះ​អា​ណា​ព្យា​បាល​សិស្ស។ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​បង្កើន​កម្រិត​ប្រ​ជា​បញ្ញា​និង​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​៕ 

           ហា​ថាញ-មុនី

ចែករំលែកអត្ថបទ