មណ្ឌលអេកូទេសចរណ៍ស្រះកិញហា (Galina Lake View) កំពុងជាគោលដៅដែលទាក់ទាញយុវវ័យ ខណៈពួកគេមានបំណងចង់សម្របខ្លួននឹងធម្មជាតិ ធ្វើឱ្យសម្បូរបែបដំណើរទេសចរនៅញ៉ាត្រាង។
ភ្ញៀវទេសចររកកន្លែងលម្ហែកាយ ចូលរួមសកម្មភាពកាយសម្បទាឬស្រស់ស្រូប
អាហារជាមួយមិត្តភ័ក្តិ។ល។ ត្រូវបានឆ្លើយតបតាមបំណង ដ្បិតមានសេវាកម្មផ្សេងៗ
ដែលមានគុណភាពនៅនឹងស្រះកិញហា។
ស្រះកិញហា ចម្ងាយពីមជ្ឈមណ្ឌលក្រុងញ៉ាត្រាងប្រមាណ ១០ គ.ម។ ផ្លូវធ្វើដំណើរទៅកាន់ស្រះមានភាពងាយស្រួល ម្ល៉ោះហើយភ្ញៀវទេសចរអាចនឹងធ្វើដំណើរដោយយានជំនិះឯកជន តាក់ស៊ីឬទោចក្រយានយន្តជាដើម។ ស្រះស្ថិតនៅក្បែរដងផ្លូវហ្វាងមិញថាវ ឃុំភឿកដុង ក្រុងញ៉ាត្រាង ខេត្តខាញ់ហ្វា។ ម្យ៉ាងទៀត ស្រះកិញហាមានភាពមនោរម្យស្រស់ត្រកាលដោយទឹកស្ងប់រលកជានិច្ច។ អង្គុយមាត់ស្រះ ភ្ញៀវទេសចរអាចនឹងគយគន់ជួរដើមឈើចោលម្លប់ត្រឈៃ តាមដងភ្នំខ្ពស់ត្រដែត។ ព្រៃព្រឹក្សាលតាវល្លិ៍ដ៏អស្ចារ្យទាំងនេះ បានគ្របដណ្តប់និងចោលម្លប់មកលើស្រះទឹក។ ខណៈពេលជំនោរវាយោបក់បោកធ្វើឱ្យទឹករលក ភ្ញៀវទេសចរឃើញស្រមោលដើមឈើផ្អៀងផ្អងក្នុងផ្ទៃទឹកស្រះដ៏ថ្លាយង់។
មានតង់ត្រៀមជាស្រេចសម្រាប់បម្រើភ្ញៀវទេសចរ។
ស្រះកិញហា ត្រូវបានកសាងលើទីតាំងនៃតំបន់សម្ងាត់បដិវត្តន៍តស៊ូកាលពីសម័យដើម។ ពិសេសទីនេះធ្លាប់ជាតំបន់ទ្រនាប់ក្នុងការតស៊ូប្រឆាំងខ្មាំងឈ្លានពានរបស់កងទ័ព និងប្រជាជននៅភូមិភាគកណ្តាលផងដែរ។ អាស្រ័យហេតុនោះ ពេលមកដល់ទីនេះ ភ្ញៀវទេសចរគប្បីឆ្លៀតពេលឆៀងចូលទស្សនាមណ្ឌលកេរដំណែលដុង-ប ឬហៅថាមណ្ឌលសម្ងាត់ល្អាងគុហា-មូលដ្ឋានបដិវត្តន៍ដ៏អស្ចារ្យ។ បច្ចុប្បន្ន នៅទីនេះមានទម្រង់ជាច្រើនបានស្ដារឡើងវិញ ដើម្បីបង្ហាញពីការប្រជុំជីវភាពរបស់កងទ័ពយើងក្នុងរយៈពេលតស៊ូដ៏លំបាក។
រួមជាមួយមិត្តភ័ក្តិចម្អិនសាច់អាំង។
ស្រះកិញហា គឺជាមណ្ឌលអេកូទេសចរណ៍ ម្ល៉ោះហើយទេសភាពនៅទីនេះមានភាពស្រស់ត្រកាល។ ភ្ញៀវទេសចរមានអារម្មណ៍ហាក់បីដូចកំពុងសម្របខ្លួននឹងធម្មជាតិ ដោយមានសកម្មភាពជាច្រើន ដូច៖ ស្ទូចត្រី អុំទូក Sub ជិះទូកទា ឬងូតទឹក។ល។ ជាពិសេស ស្រះមានកន្លែងជាច្រើនសម្រាប់ភ្ញៀវទេសចរថតរូបយ៉ាងស្រស់ស្អាត។ អង្គុយលម្ហែកាយស្ទូចត្រី គយគន់ទេសភាពឬធ្វើដំណើរជុំវិញមាត់ស្រះ-កន្លែងដែលមានរទេះដឹកផ្កាពេញៗ។ល។ ខណៈព្រះអាទិត្យជិតអស្តង្គត ញុាំងឱ្យភ្ញៀវទេសចរមានអារម្មណ៍សុខក្សេមក្សាន្តយ៉ាងក្រៃលែង។
ប្រសិនបើចង់ជិតដិតជាមួយនឹងធម្មជាតិទៀតនោះ គប្បីស្នាក់នៅក្នុងមណ្ឌលទេសចរណ៍ នៅទីនេះគេបានរៀបចំតង់យ៉ាងហ្មត់ចត់ ញុាំងឱ្យភ្ញៀវទេសចរអាចនឹងសម្រាន្តលង់ លក់ស្កប់ស្កល់។ មុនពេលចូលតង់ ភ្ញៀវទេសចរ អាចនឹងស្រស់ស្រូបអាហារ BBQ ជាមួយគ្រួសារ មិត្តភ័ក្តិផងដែរ។ ភ្ញៀវទេសចរអាំងសាច់បណ្ដើរ អាចនឹងដេញចាប៉ី ច្រៀងរាំតាមចំណូលចិត្ត ។ល។៕
ហាថាញ-លីសៀ