ល្បាក់ថ្មថាស ឬហៅថាល្បាក់ថ្មចានទាប ជារមណីដ្ឋានដ៏ស្រស់ស្អាតនៅឃុំអាងនិញដុង ស្រុកតុយអាង ខេត្តភូអៀង។ ល្បាក់ថ្មថាសនេះ កំពុងជាគោលដៅមិនអាចរំលងពេលភ្ញៀវទេសចរមកដល់តំបន់ដី “ផ្កាលឿងលើវាលស្មៅបៃតង” ជាទីមនោរម្យនេះ។
ទេសភាពធម្មជាតិនៅល្បាក់ថ្មថាស មានភាពស្រស់ស្អាតគ្រប់រដូវ។
តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តភូអៀង ពេលធ្វើបែបបទសូមទទួលស្គាល់ល្បាក់ថ្មថាស ជាកេរដំណែលរមណីយដ្ឋានថ្នាក់ជាតិ មានព័ត៌មាន៖ ថ្មនៅល្បាក់ថ្មជាប្រភេទថ្ម Bazan បានកកើតមុននេះប្រហែល ២០០ លានឆ្នាំ។ ថ្មនេះ បានកកើតឡើងពីកម្អែភ្នំភ្លើងនៅតំបន់ខ្ពង់រាប វឹងហ្វា ហូរចុះមកប្រទះនឹងទឹកសមុទ្រក៏កករឹង។ ពេលជួបប្រទះបាតុភូតប្រតិកម្មអាឡែស៊ី ផែនថ្មកម្អែភ្នំភ្លើងរងការប្រេះចេញពីគ្នា ក្លាយជាផែនថ្មមានរាងឆកោណ មូលបួនជ្រុង រៀបជិតគ្នា។ សម្លឹងមើលល្បាក់ថ្មថាសពីចម្ងាយ ហាក់ដូចជាសម្បុកឃ្មុំមួយដ៏ធំយ៉ាងស្រស់ស្អាត និងអាថ៌កំបាំង។ ភាពអស្ចារ្យត្រង់កន្លែងផែនថ្មដូចជារៀបលំដាប់លំដោយគ្នា មានកន្លែងខ្លះខ្ពស់ កន្លែងខ្លះទាបលាតសន្ធឹងបណ្តោយតាមឆ្នេរសមុទ្រ។
ល្បាក់ថ្មថាស បានទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ ពីព្រោះមានផ្លូវធ្វើដំណើរងាយស្រួល។ ល្បាក់ថ្មនេះ ស្ថិតនៅចម្ងាយពីក្រុងតុយហ្វាប្រហែល ៤២ គីឡូម៉ែត្រ បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ១។ ចំណែកធ្វើដំណើរតាមផ្លូវក្បែរមាត់សមុទ្រដ៏ស្រស់ស្អាតប្រហែល ៣៥ គីឡូម៉ែត្រប៉ុណ្ណោះ។ អាស្រ័យហេតុនោះ បើចង់ទស្សនាព្រះអាទិត្យរះ លោកអ្នកចាំបាច់ត្រូវចេញដំណើរពីព្រលឹមពីក្រុងតុយហ្វា។ បន្ទាប់ពីទស្សនាព្រះអាទិត្យរះ លោកអ្នកអាចទទួលទានអាហារពេលព្រឹកនៅហាងណាក៏បាននៅតាមដងផ្លូវ ពីព្រោះម្ហូបអាហារនៅទីនេះសម្បូរបែបណាស់ ហើយតម្លៃក៏សមរម្យផងដែរ។ ប៉ុន្តែបើចង់ទទួលអារម្មណ៍ពីភាពទាក់ទាញនៃតំបន់ដីក្បែរមាត់សមុទ្រនេះ លោកអ្នកអាចស្វែងរកហាងលក់នំបញ្ចុកត្រីធូណា ពីព្រោះមុខម្ហូបនេះឆ្ងាញ់ណាស់។ ប្រសិនបើមិនអាចក្រោកពីព្រលឹម លោកអ្នកក៏អាចទស្សនាព្រះអាទិត្យ អស្ដង្គតដ៏ស្រស់ស្អាតពីល្បាក់ថ្មថាសនេះផងដែរ។
ខេត្តភូអៀង មានអាកាសធាតុមិនក្ដៅមិនត្រជាក់ បើប្រៀបជាមួយនឹងខេត្តដទៃទៀតនៅភូមិភាគកណ្តាល ហេតុនោះភ្ញៀវទេសចរអាចមកទស្សនារមណីដ្ឋានល្បាក់ថ្មថាសនេះ នៅពេលណាក្នុងឆ្នាំក៏បាន។ ប្រសិនបើមកក្នុងខែ ២ និងខែ ៨ លោកអ្នកអាចសម្របខ្លួនក្នុងពិធីបួងសួងសូមផលនេសាទដែលគួរឱ្យចាប់អារម្មណ៍។ ពេលមកទីនេះក្នុងរដូវភ្លៀង ភ្ញៀវទេសចរគប្បីពាក់ស្បែកជើងដែលមានបាតអាចច្បាមថ្ម ពីព្រោះរដូវភ្លៀងផ្ទៃថ្មរអិល។ ប៉ុន្តែជំនួសឱ្យប្រការនោះ ពេលសមុទ្ររំជួលទឹករលកធំៗបោកបាច់ចូលល្បាក់ថ្ម ញុាំងឱ្យទឹកខ្ទាត់បែកផ្កាត្រែងឡើងខ្ពស់ត្រដែត ធ្វើឱ្យភ្ញៀវទេសចររំភើបចិត្តដោយរូបភាពដ៏ស្រស់ស្អាតនេះ។ ប្រជាជននៅភូមិភាគនៅទាំងជឿថា ទឹករលកកាន់តែធំ ផែនថ្មកាន់តែខិតជិតគ្នា ដើម្បីបង្កជាកម្លាំងរាំងខ្ទប់ ជួយការពារដល់ដីគោក៕
ហាថាញ-វិមាន