06/02/2023 - 14:55

ដើម្បី​ភាព​សុខ​សាន្ត​របស់​ភូមិ​ស្រុក​

អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ហឹង​ហោយ ស្រុក​វិញ​ឡើយ​ ខេត្ត​បាក​លីវ តែង​សកម្ម​ក្នុង​ការ​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ចលនា​ទូទាំង​ប្រជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។ ផ្ដើម​ពី​នោះ​ មាមីង​ខ្មែរ​ក្នុង​ភូមិ​ស្រុក​បាន​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រភេទ​ កសាង​គ្រួសារ​គ្មាន​បទ​ល្មើស​។

 ​ អ្នក​មាន​ប្រជាប្រិយ​សកម្ម​ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​នៅ​ភូមិ​ស្រុក​។

តាម​ប្រសាសន៍​លោក​ថាច់​សង​ អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ភូមិ​សុក​ដោង​ មុន​នេះ​ ក្មេង​ៗក្នុង​ភូមិ​មាន​ការ​ជក់​គ្រឿង​ញៀន​ លេង​បៀ​ប៉ោ ជល់​មាន់​ ស្ទាក់​ផ្លូវ​សុំ​លុយ​ បង្កើត​បក្ខ​ពួក​វាយ​តប់​គ្នា​។ល។ ម្ល៉ោះ​ហើយ​ ពេល​យប់​ព្រលប់​មិន​សូវ​មាន​អ្នក​ណា​ហ៊ានចេញ​ផ្លូវ​ទេ។ ឃើញ​ដូច្នោះ ទើប​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ភូមិ​ រួម​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​វត្ត​ ពិភាក្សា​គ្នា​បង្កើត​ក្រុម​ស្វ័យ​ការ​ពារ​ក្នុង​ភូមិ​ស្រុក​។ ទន្ទឹម​នឹង​នោះ​ ក្នុង​ឱកាស​ថ្ងៃ​សីល​ ពេល​មាមីង​អញ្ជើញ​ទៅ​វត្ត​ ព្រះ​ចៅ​អធិការ​បាន​ឃោស​នា​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ ​អប់រំ​ទូន្មានកូន​ចៅ​ ហើយ​ឱ្យ​ចុះ​ឈ្មោះ​កសាង​គ្រួសារ​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​។ លោក​ថាច់​សង​ ឱ្យ​ដឹង​ ៖ “យើង​ជា​ចាស់​ទុំ​ក្នុង​ភូមិ​ ធ្លាប់​បួស​រៀន​ មាន​ប្រជា​ប្រិយ មាន​ការ​រៀន​សូត្រ ម្ល៉ោះ​ហើយ​ ពេល​ឃើញ​កូន​ចៅ​ក្នុង​ភូមិ​ បង្ក​ឱ្យ​បាត់​សណ្ដាប់​ធ្នាប់​ភូមិ​ស្រុក​ គឺ​ទៅ​ដល់​ផ្ទះ​អប់រំ​ទូន្មាន​ភ្លាម។ ពេល​ស្ដាប់​ខ្ញុំ​ពន្យល់​វែក​ញែក​ពី​ផល​វិបត្តិ​នៃ​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​ ក្មេង​ៗក្នុង​ភូមិ​ក៏​ស្ដាប់​បង្គាប់​តាម​ ហើយ​វៀរ​ចាក​។ អា​ស្រ័យ​ហេតុ​នេះ​ ទើប​មាន​គ្រួសារ​ជា​ច្រើន​បាន​ចុះ​ឈ្មោះ​កសាង​គ្រួសារ​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​”។ ដោយ​ភាព​ជា​គំរូ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ការ​កសាង​ភូមិ​ស្រុក​គ្មាន​បទ​ល្មើស​ ម្ល៉ោះ​ហើយ​ មាមីង​ក៏​កាន់​តែ​មាន​ការ​យល់​ដឹង​ក្នុង​ការ​អប់រំ​ទូន្មានកូន​ចៅ​។ លោក​សើុង​បី ប្រធាន​សមាគម​មនុស្ស​ចាស់​ នៅ​ភូមិ​កៃ​យ៉ា ឱ្យ​ដឹងៈ “មាមីង​ខ្មែរ​ភាគ​ច្រើន​គោរព​ព្រះ​ពុទ្ធ​សាសនា​ ពេល​ឮព្រះ​ចៅ​អធិការ​វត្ត​និង​អ្នក​មាន​ប្រជា​ប្រិយ ពន្យល់ ណែ​នាំ​ដោយ​គួប​ផ្សំ​ទាំង​ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​ និង​ច្បាប់​រដ្ឋ​ ម្ល៉ោះ​ហើយ​មាន​ការ​យល់​ដឹង​។ ផ្ដើម​ពី​នោះ​ ភូមិ​ស្រុក​មាន​ការ​សាម​គ្គី ចេះ​ជួយ​គ្នា​ ហើយ​ក៏​លែង​មាន​បាប​គ្រោះ​សង្គម​ គ្មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ ឬក៏​កើត​មាន​បទ​ល្មើស​ណា​ធ្ងន់​ធ្ងរ​នោះ​ឡើយ​” ។

តាម​ប្រសាសន៍​លោក​សើុង​បី ឆ្នាំ​ ២០១៤ អ្នក​មាន​ប្រជា​ប្រិយ បាន​សម្រេច​រំ​សាយ​ក្រុម​ស្វ័យ​ការ​ពារ​ ហើយ​បាន​បង្កើត​ទម្រង់​ “ក្លិប​ ៣សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​”វិញ​ ដោយ​មាន​សមា​ជិក​ចូល​រួម​ ៣៥ នាក់​ អា​ស្រ័យ​លោក​ថាច់​សង​ ធ្វើ​ជា​ប្រធាន​ លោក​សើុង​បី ធ្វើ​ជាអនុ​ប្រធាន​។ សមា​ជិក​របស់​ក្លិប​ តែង​សកម្ម​ចលនា​ប្រជា​ជន​ចូល​រួម​ចលនា​ទូទាំង​ប្រជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ ជួយ​ដោះ​ស្រាយ​ជម្លោះ​ក្នុង​វង្ស​ត្រកូល​ ចលនា​ប្រ​ជា​ជន​សកម្ម​ចូល​រួម​ប្រយុទ្ធ​ ប្រ​ឆាំង​ និង​ថ្កោល​ទោស​រាល់​បទ​ល្មើស​ កសាង​ចំ​ណង​សាមគ្គី ជួយ​ឧបត្ថម្ភ​​គ្នា​។

 ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ហឹង​ហោយ ង្វៀង​ហ្វាង​អែម​ បញ្ជាក់​៖ “អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ហឹង​ហោយ បាន​សកម្ម​ក្នុង​ការ​ឃោស​នា ចលនា​មា​មីង​ខ្មែរ​ប្រយុទ្ធ​ប្រឆាំង​រាល់​បទ​ល្មើស​។ ហេតុ​នេះ​ មក​ទល់​សព្វ​ថ្ងៃ​ ភូមិ​ស្រុក​គ្មាន​បទ​ល្មើស​ធ្ងន់​ធ្ងរ​ឡើយ​ ហើយ​ប្រជា​ជន​រស់​នៅ​មាន​ការ​សាម​គ្គី ព្រួត​ដៃ​គ្នា​កសាង​ភូមិ​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ និង​សុខ​សាន្ត។ នៅ​តាម​ដង​ផ្លូវ​ក៏​មាន​បំ​ពាក់​ភ្លើង​អគ្កិសនី កាមេរ៉ា​សន្តិ​សុខ​ ដាំ​ផ្កាលម្អ​ ធ្វើ​អនា​ម័យ​ស្អាត​បាត​ដែរ​៕

                                  យ៉ីអាញ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ