ការរៀបចំទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍នៅស្រុកហ្គក្វាវរៀងរាល់ឆ្នាំ គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយនៃគម្រោង “អភិរក្សនិងលើកកម្ពស់តម្លៃសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង” ដែលខេត្តកំពុងអនុវត្ត។
ការប្រឡងប្រគំភ្លេងពិណពាទ្យ។
ទិវាបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង ដែលប្រារព្ធឡើងនៅស្រុកហ្គក្វាវក្នុងឱកាសបុណ្យអកអំបុកជារៀងរាល់ឆ្នាំ តែងទាក់ទាញមនុស្សរាប់រយពាន់លើកនាក់ចូលរួម។ ក្នុងអំឡុងពេលប្រព្រឹត្តឡើងនៃទិវាបុណ្យ គឺជាបរិយាកាសដ៏សប្បាយរីករាយ។ សំឡេងភ្លេងពិណពាទ្យបន្លឺឡើងគ្រប់វិថីក្រុង និងតាមវត្តអារាមនៅទីប្រជុំជនហ្គក្វាវ។ នៅពេលថ្ងៃជនរួមជាតិខ្មែរចូលរួមប្រកួតកីឡាប្រពៃណី ពិសេស ប្រណាំងទូក-ង។ ពេលរាត្រីគឺទស្សនាការសម្តែងសិល្បៈ ការសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណី និងការប្រគំភ្លេងពិណពាទ្យជាដើម។
មាមីងទស្សនាការប្រណាំងទូក-ង នៅដងទន្លេកៃឡើង។
នៅខាងមុខឆាកឥតដំបូលនៃមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារហ្គក្វាវ ទស្សនិកជនអង្គុយត្រៀបត្រាគ្មានសល់កៅអីមួយឡើយក្នុងរាត្រីប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណី និងប្រគំភ្លេងពិណពាទ្យ។ ចន្លោះឈុតប្រឡងនីមួយៗ គឺការសម្ដែងសិល្បៈរបស់ក្រុមសិល្បៈជំនាញៗ។ ហាក់ដូចជាទស្សនិកជនមិនរេកន្លែងអង្គុយឡើយ ទោះបីយប់ជ្រៅហើយក៏ដោយ។ លោកយាយធីកង មកពីឃុំបាងថាច់ ស្រុកយ៉ុងរៀង បានឲ្យដឹង៖ “ជារៀងរាល់ឆ្នាំ ខ្ញុំតែងទន្ទឹងឱ្យតែដល់ទិវាបុណ្យដើម្បីទៅមើលការសម្ដែងសិល្បៈ ឆ្នាំនេះខ្ញុំចាស់ហើយ ហេតុនោះបានឱ្យកូនជួលបន្ទប់ស្នាក់នៅហ្គក្វាវតែម្តង ជំនួសឱ្យការវិលល្ងាចដូចសព្វដងកន្លងមក”។ ក្នុងប៉ុន្មានយប់ប្រឡងសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណី និងប្រគំភ្លេងពិណពាទ្យ លោកយាយកង មិនដែលអវត្តមានមួយយប់ណាឡើយ។ លោកយាយស្តាប់ដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់តន្ត្រីករម្នាក់ៗ និងសម្លៀកបំពាក់គ្រប់កំប៉្លេដែលប្រឡង។ លោកយាយកង បាននិយាយ៖ “សម្លៀកបំពាក់ខ្មែរសម្បូរបែបណាស់ តាំងពីសម្លៀកបំពាក់ទៅវត្ត ទៅធ្វើស្រែចម្ការ រហូតដល់សម្លៀកបំពាក់ក្នុងពិធីមង្គលការ ដូច្នេះ រដ្ឋបានរៀបចំកម្មវិធីប្រឡងនេះគឺចាំបាច់ណាស់ ដើម្បីឲ្យប្រជាជនបានយល់ដឹងនិងអភិរក្ស”។ នៅក្នុងការប្រឡងប្រគំភ្លេងពិណពាទ្យ ក្រុមដែលមានតន្ត្រីករវ័យក្មេងសម្តែងតែងទទួលបានការទះដៃអបអរសាទរយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជន។ បើតាមប្រសាសន៍ លោកយ័ញភុក ទោះបីកម្រិតសម្តែងរបស់ក្មួយៗ មិនបានដូចរៀមច្បងក៏ដោយ ប៉ុន្តែការស្រឡាញ់ពេញចិត្តរបស់ក្មួយៗ គឺជាប្រសិទ្ធភាពនៃគម្រោង “អភិរក្សនិងលើកកម្ពស់តម្លៃសិល្បៈប្រពៃណីខ្មែរនៅខេត្តគៀងយ៉ាង”។
អ្នកដែលធូរធារដូចជាលោកយាយកង បានជួលបន្ទប់ស្នាក់នៅ អ្នកដែលគ្មានលក្ខណៈបានប្រមូលគ្រួសាររត់ទូកស្មាច់ទៅចតនៅមាត់ទន្លេកៃឡើង ដើម្បីចូលរួមពិធីបុណ្យ។ លោកយ័ញច នៅឃុំវិញភឿក B បាននិយាយ៖ “ក្រៅពីប្រិតសំចៃលុយពេលទៅលេងដោយទូកស្មាច់ នៅទាំងដោយសារទន្លេកៃឡើងធំទូលាយទៀតផង ការអង្គុយនៅលើច្រាំងទន្លេមើលប្រណាំងទូក-ង គឺមិនច្បាស់ដូចបោះយុថ្កាចតទូកតាមដងទន្លេនោះទេ។ ហើយការអង្គុយមើលលើទូកស្មាច់ មានអារម្មណ៍ថាជិតដិតនឹងក្រុមប្រណាំងជាង”៕
ហាថាញ - បកប្រែ៖ សុផន