មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/01/2023 - 16:35

ចែក​រំលែក​ពី​របៀប​ដាំ​ស្ពៃ​ផ្កា​

ដឹង​ពី​របៀប​អនុវត្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ស្ពៃ​ផ្កា​ និង​ជ្រើស​រើស​រដូវ​កាល​ដាំ​សម​ស្រប​ ហេតុ​នោះ​ ទើប​បង​ថាច់​មិញ​កាន់​ នៅ​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ថាញ់ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ បាន​ក្លាយ​ជា​អ្នក​មាន​។​

បង​ថាច់​មិញ​កាន់​ ថែទាំ​ស្ពៃ​ផ្កា​។​

បង​ថាច់​មិញ​កាន់​ ទើប​ប្រ​មូល​ផល​ស្ពៃ​ផ្កា​ ១ កុង​ ទិន្ន​ផល​សម្រេច​ជាង​ ២ តោន​ លក់​ក្នុង​តម្លៃ​ ១២.០០០ ដុង​/គីឡូ​ក្រាម​។​ តាម​សម្ដី​បង​កាន់​ នេះ​ជា​រដូវ​ប្រ​មូល​ផល​ដំ​បូង​ ម្ល៉ោះ​ហើយ​ស្ពៃ​ផ្កា​លក់​បាន​ថ្លៃ​។​ ស្ពៃ​ផ្កា​ប្រ​មូល​ផល​ក្នុង​រដូវ​អា​កាស​ធាតុ​ត្រ​ជាក់​ដូច្នេះ​ ផ្កា​សស្អាត​ ហើយ​ធំ​ទៀត​ផង​។​ បង​កាន់​ ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​ស្វែង​យល់​ពី​បច្ចេក​ទេស​ដាំ​តាម​ប្រ​ព័ន្ធ​អីុន​ធឺ​ណិត និង​មើល​រដូវ​កាល​ដាំ​ដុះ​ គួរ​ដាំ​ប្រ​ភេទ​ដំ​ណាំ​ណា​សម​ស្រប​និង​លក់​បាន​ថ្លៃ​ ម្ល៉ោះ​ហើយ​ ផ្ទៃ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ៣,៥ កុង​តែង​ផ្តល់​ទិន្ន​ផល​ខ្ពស់​ និង​លក់​បាន​ថ្លៃ​។​ រៀង​រាល់​ឆ្នាំ​ ខ្ញុំ​ច្រើន​ដាំ​ខ្ទឹម​ស្លឹក​ ស្ពៃ​ផ្កា​ ស្ពៃ​បូក​គោ​ និង​អំ​បើស។ល។​ បំ​ផុត​គឺស្ពៃ​ផ្កា​ ខ្ញុំ​ជ្រើស​រើស​រដូវ​កាល​ដាំ​ ធ្វើ​យ៉ាង​ណា​ប្រ​មូល​ផល​បាន​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ប្រ​ហែល​ ១ ខែ​ និង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម លក់​បាន​ថ្លៃ​។​ ស្ពៃ​ផ្កា​ងាយ​ស្រួល​ដាំ​ណា​ស់​ ហើយ​មិន​សូវ​បង់​ប្រាក់​ចំ​ណាយ​ និង​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​ទៀត​ផង​”។​

បង​កាន់​កំ​ពុង​ស្រោច​ទឹក​ស្ពៃ​ផ្កា​។​

តាម​សម្ដី​បង​កាន់​ ដើម្បី​ដាំ​ស្ពៃ​ផ្កា​ផ្តល់​ទិន្ន​ផល​ខ្ពស់​នោះ​  ផ្នែក​ថែ​ទាំ​និង​រៀប​ចំ​ដី​គឺសំ​ខាន់​ ណាស់​។​ ក្នុង​ដំ​ណាក់​កាល​បណ្តុះ​កូន​ស្ពៃ​ មុន​ពេល​បណ្តុះ​ត្រូវ​តែធ្វើ​ដី​ឱ្យ​រសោះ​ ព្រាច​កំ​បោរ​ ដាក់​ជីសរី​រាង្គ​ រួច​គ្រប​ចម្បើង និង​ស្រោច​ទឹក​ឱ្យ​សើម​ស្មើ​។​ ក្រោយ​ពី​បណ្តុះ​ស្ពៃ​ប្រ​ហែល​ ២៥ ថ្ងៃ​ (លាយ​ទឹក​ជី URE ស្រោច​ ១ លើក​ ដើម្បី​ឱ្យ​កូន​ស្ពៃ​លូត​លាស់​ល្អ​) អាច​ដក​យក​ទៅ​ដាំ​នៅ​ពេល​ព្រឹក​។​ ដី​ដាំ​កូន​ស្ពៃ​ត្រូវ​តែ​រសោះ​ហ្មត់​ និង​ព្រាច​កំ​បោរ​មុន​ពេល​ដាំ​។​ ដាំ​គម្លាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ពី​ ៤០-៥០ សង់​ទី​ម៉ែ​ត្រ (ជា​មួយ​នឹង​គម្លាត​នេះ​ ផ្កា​ស្ពៃ​អាច​នឹង​មាន​ទម្ងន់​ចាប់​ពី​ ៧០០ ក្រាម​ដល់​ ១ គីឡូ​ក្រាម​); មួយ​លៀបដាំ​ ២ ជួរ​ ប្រ​សិន​បើ​ដាំ​ជិត​ពេក​ផ្កា​ស្ពៃ​នឹង​តូច។​ ក្រោយ​ពី​ដាំ​ប្រ​ហែល​ ១០ ថ្ងៃ​ ត្រូវ​ស្រោច​ជី URE ប្រ​មាណ​ ៣ គីឡូ​ក្រាម​/កុង​។​ ក្រោយ​ពី​ដាំ​បាន​ ២៥ ថ្ងៃ​ គឺត្រូវ​លាយ​ជី URE និង​ DAP ស្រោច​។​ ក្រោយ​ពី​ដាំ​ប្រ​ហែល​ ១ ខែ​ ស្ពៃ​ចាប់​ផ្ដើម​លូត​លាស់​ត្រូវ​ដាក់​ជី​បំ​ប៉ន​ ដោយ​ច្រ​បល់ជី URE ជី DAP និង​ជីផូ​ស្វាត ដាក់​តាម​ប្រ​ឡោះ​ជួរ​ស្ពៃ​ផ្កា​ រួច​លើក​ដី​ទប់​ពី​លើ​ជីឱ្យ​ជិត​ ដើម្បី​ស្ពៃ​ផ្កា​ស្រូប​យក​ជាតិ​ជី​ជា​សន្សឹម​ៗ​។​ តាម​សម្ដី​បង​កាន់​ រយៈ​ពេល​ដាំ​ស្ពៃ​ផ្កា​ចាប់​ពី​ដាំ​រហូត​ដល់​ប្រ​មូល​ផល​ គឺប្រ​មាណ​ ១ ខែ​កន្លះ​ លាយ​ទឹក​ជីស្រោច​ ៣ លើក​ និង​ដាក់​ជី​បំ​ប៉ន​ ១ លើក​។​ ដាំ​ស្ពៃ​ផ្កា​មិន​សូវ​បង់​ជីទេ​ គ្រាន់​តែបាញ់​ថ្នាំ​ពេល​មាន​ដង្កូវ​ស៊ី​ស្លឹក​ និង​បំ​ប៉ន​ផ្កា​ស្ពៃ​ឱ្យ​ស្អាត​ប៉ុណ្ណោះ​។​ ធម្ម​តា​គាត់​ស្រោច​ទឹក​នៅ​ពេល​ព្រឹក​ និង​ស្រោច​ឱ្យ​សើម​ល្មម​ ធានា​ឱ្យ​ដំ​ណាំ​ស្ពៃ​ផ្កា​លូត​លាស់​ល្អ​។​ មធ្យម​ភាគ​ស្ពៃ​ផ្កា​ ១ កុង​ ប្រើ​ប្រាស់​ជីប្រ​មាណ​ ៣០ គីឡូ​ក្រាម​។​ បច្ចុប្បន្ន​ គាត់​កំ​ពុង​ដាំ​ស្ពៃ​ផ្កា​ ២ កុង​ នឹង​ប្រ​មូល​ផល​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​នេះ​។​

ក្រៅ​ពី​ដាំ​ស្ពៃ​ផ្កា​ បង​កាន់​នៅ​ទាំង​មាន​បទ​ពិសោធន៍​ក្នុង​ការ​ដាំ​ខ្ទឹម​ស្លឹក​ទៀត​ផង​ គាត់​កំ​ពុង​ប្រ​មូល​ផល​ខ្ទឹម​ស្លឹក​ ១ កុង​ លក់​ក្នុង​តម្លៃ​ពី​ ៤០.០០០-៦០.០០០ ដុង​/ដុំ​ (១ ដុំ​ស្មើ​ ៣ គីឡូ​ក្រាម​)។​ បង​កាន់​ ឱ្យ​ដឹង​៖ “រដូវ​នេះ​កាល​ពី​ឆ្នាំ​មុន​ ខ្ទឹម​ស្លឹក​មាន​តម្លៃ​ជាង​ ៨០.០០០ ដុង​/ដុំ​ ឆ្នាំ​នេះ​តម្លៃ​ខ្ទឹម​ស្លឹក​ទាប​ជាង​ ប៉ុន្តែ​ស្ពៃ​ផ្កា​មាន​តម្លៃ​ខ្ពស់​វិញ​។​ ក្រោយ​ពី​ច្រើន​ឆ្នាំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ខ្ញុំ​សង្កេត​ឃើញ​ថា​ ដាំ​ដំ​ណាំ​ថ្វី​ដ្បិត​តែលំ​បាក​ក្នុង​ការ​ថែទាំ​ ប៉ុន្តែ​មិន​សូវ​បង់​ប្រាក់​ចំ​ណាយ​ ហើយ​នាំ​មក​នូវ​ប្រាក់​ចំ​ណេញ​ខ្ពស់​បើ​ប្រៀប​នឹង​ធ្វើ​ស្រែ​។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ រក​បាន​ប្រាក់​ចំ​ណេញ​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជាង​ ១០០ លាន​ដុង​/ឆ្នាំ​ ខ្ពស់​ជាង​ខ្ញុំ​ធ្វើ​ស្រែ​ ១០ កុង​ទៀត​ផង​”៕​

                                  យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ