បន្ទាប់ពី ២ លើករួចផុតពីមច្ចុភាពនោះមក ព្រះតេជព្រះគុណ ចៅសុខថន ដែលបានបួសរៀននៅវត្តតាប៉ា ស្រុកទ្រីតូង ខេត្តអាងយ៉ាង ព្រះអង្គនៅតែមានមាឌហាក់ដូចកុមារភាព។ ក្នុងអំឡុងពេលបួនឆ្នាំមកនេះ ព្រះអង្គបានបើកជាច្រើនថ្នាក់បង្រៀនអក្សរខ្មែរដល់ក្មួយៗនៅក្នុងភូមិស្រុក។
ព្រះតេជព្រះគុណ ចៅសុខថន កំពុងបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃ។
ថ្វីដ្បិតតែមានព្រះជន្ម ៣១ ព្រះវស្សាក៏ដោយ ប៉ុន្តែព្រះតេជព្រះគុណ ចៅសុខថន មើលទៅដូចជាសិស្សអនុវិទ្យាល័យអញ្ចឹង ដោយព្រះអង្គមានកម្ពស់ត្រឹមតែ ១,៤៥ ម៉ែត្រ និងទម្ងន់តែ ២៨ គីឡូក្រាមប៉ុណ្ណោះ។ អ្នកស្រី នាងញ៉ុង ញោមព្រះតេជព្រះគុណ ចៅសុខថន មានប្រសាសន៍ថា ព្រះតេជព្រះគុណ ចៅសុខថន កាលកើតមកមានទម្ងន់ត្រឹមតែ ២,៧ គីឡូក្រាម ឈឺថ្កាត់ឥតឈប់ឈរ ក្នុងមួយខែទៅមន្ទីរពេទ្យដល់ទៅពីរបីដង។ ដោយស្ថានភាពគ្រួសារខ្វះខាត អ្នកស្រី ញ៉ុង បង្ខំចិត្តត្រូវលក់ដី ថែមទាំងខ្ចីប្រាក់ពីសាច់ញាតិដើម្បីព្យាបាលឱ្យកូន។ តាំងពីកុមាររហូតដល់អាយុ ១៨ ឆ្នាំ ព្រះតេជគុណថន បានរួចផុតពីមច្ចុភាពដល់ទៅពីរដង រឿងទាំងនេះហាក់ដូចអព្ភូតហេតុដ៏អស្ចារ្យមួយ។ ព្រះឧបជ្ឈាយ៍ ចៅសិង្ហ ព្រះចៅអធិការវត្តតាប៉ា ពិតថេរដីកា៖ “រឿងដែលព្រះតេជព្រះ គុណថន រួចផុតពីមច្ចុភាពហើយរស់ឡើងវិញគឺជារឿងពិតដូចដែលញាតិញោមជាច្រើនបានដឹងឮ។ កាលនោះ តេជគុណថន បានស្លាប់ ហើយត្រូវបានគេយកទៅតម្កល់ទុកនៅផ្ទះសព ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលសពស្រាប់តែព្រះអង្គដឹងខ្លួនឡើង វិញ។ ក្នុងវ័យប្រហែល ២០ ឆ្នាំ ទើបព្រះតេជគុណថន ចូលមកវត្តសាងផ្នួសបួសរៀនរហូតមកដល់បច្ចុប្បន្ន។ ចាប់តាំងពីពេលនោះមក ព្រះអង្គមានសុខភាពល្អជាង តិចឈឺថ្កាត់ដូចមុនទៀត”។
ព្រះតេជព្រះគុណ ចៅសុខថន (អង្គកណ្តាល)។
តាំងពីបានចូលមកវត្តបួសរៀននោះមក ព្រះតេជព្រះគុណ ចៅសុខថន មានការផ្លាស់ប្តូរច្រើនណាស់ រាងកាយរបស់ព្រះអង្គមាំមួនជាង ទឹកមុខទាំងស្មារតីក៏ស្រស់ស្រាយជាង ហើយជំងឺស្កន់គ្របរបស់ព្រះអង្គក៏គ្មានកើតឡើងទៀតដែរ។ ប៉ុន្តែក្រោយពីពីរដងស្លាប់ហើយរស់ឡើងវិញនោះ រាងកាយរបស់ព្រះអង្គក៏បានចុះខ្សោយណាស់ដែរ។ មកទល់ពេលនេះ ថ្វីដ្បិតតែព្រះអង្គមានព្រះជន្ម ៣១ វស្សាក៏ដោយ ប៉ុន្តែរូបរាងរបស់ព្រះអង្គនៅតែមិនខុសពីក្មេងៗនោះទេ។ ក្នុងគ្រួសារ ព្រះតេជព្រះគុណថន ជាកូនប្រុសច្បង ប្អូនៗទាំងអស់សុទ្ធតែមានមាឌធំខ្ពស់ រីកចម្រើនធម្មតា ហើយមានគ្រួសាររៀងៗខ្លួន។ ព្រះតេជព្រះគុណថន មានថេរដីកា៖ “ពុទ្ធបរិស័ទជាច្រើនបានយល់ច្រឡំថាអាត្មាជាសេក្ខលោក ព្រោះឃើញអាត្មាតូចពេក ពេលដែលអាត្មាប្រាប់អាយុពិត ពុទ្ធបរិស័ទនៅតែមិនជឿ ចាំបាច់អាត្មាបង្ហាញអត្តសញ្ញាណប័ណ្ណទើបជឿ”។
រាល់ថ្ងៃ ក្រៅពីកិច្ចបដិបត្តិសិក្សាធម៌អាថ៌ វិន័យ ព្រះតេជគុណថែមទាំងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ព្រះសង្ឃក្នុងវត្តទៀតផង។ ពិសេស ក្នុងអំឡុង ៤ ឆ្នាំមកនេះ ឱ្យតែដល់វិស្សមកាល ព្រះអង្គតែងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ក្មួយៗនៅក្នុងភូមិស្រុក។ “ការបើកថ្នាក់បង្រៀនអក្សរខ្មែរ គឺជាបំណងប្រាថ្នារបស់ព្រះចៅអធិការ អាត្មាឃើញថាទង្វើនេះពិតជាមានអត្ថន័យណាស់ក៏អនុវត្តតាម។ កាលពីក្មេង អាត្មាក៏ធ្លាប់បានរៀនសូត្រពីព្រះសង្ឃដែរ ឥឡូវជួយបង្រៀនដល់ក្មួយៗសងមកវិញ” ព្រះតេជព្រះគុណ ចៅសុខថន ពិតថេរដីកាដូច្នេះ។
យោង៖ កាសែតអាងយ៉ាង