ប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវ ខេត្តត្រាវិញ ទើបជូនលិខិតសរសើរដល់លោកថាច់ធី ប្រធានភូមិស្វាយសៀម អាស្រ័យមានស្នាដៃក្នុងការអនុវត្តការងារ។
លោកថាច់ធី (អង្គុយកណ្តាល) កំពុងសម្រុះសម្រួលនៅគ្រួសារអ្នកមីងសើុងធីហ្វាង នៅភូមិស្វាយសៀម។
ឆ្នាំ ២០២១ ទម្រង់ “ទទួលពលរដ្ឋ” នៅពេលព្រឹកថ្ងៃចន្ទរាល់សប្តាហ៍ នៅភូមិស្វាយសៀម ត្រូវបានបង្កើតឡើង។ ជាទៀងទាត់ នៅពេលព្រឹកថ្ងៃចន្ទរាល់សប្តាហ៍ លោកថាច់ធី បានរួមជាមួយនឹងលេខាសាខាបក្សភូមិ មានវត្តមានតាំងពីព្រឹកព្រលឹមនៅអគារវប្បធម៌ភូមិដើម្បីទទួលពលរដ្ឋ។ ប្រជាពលរដ្ឋមកកាន់អគារវប្បធម៌ភូមិ ដើម្បីបញ្ចេញពីមតិ គោលបំណងរបស់ខ្លួន ឬដោះស្រាយនូវបែបបទដែលចាំបាច់។ នេះជារូបភាពអនុវត្តប្រកបដោយលក្ខណៈប្រជាធិបតេយ្យ សន្យានុម័ត ប្រជាពលរដ្ឋបញ្ចេញនូវពាក្យសម្តីរបស់ខ្លួនដោយផ្ទាល់ចំពោះសាខាបក្ស គណៈកម្មការប្រជាជនភូមិ និងបានដោះស្រាយទាន់ពេល។
ខែមីនា ឆ្នាំ ២០២២ លោកសើុងស៊ុង នៅភូមិស្វាយសៀម ស្នើសុំបែងចែកសិទ្ធិស្នងមរតកដីធ្លីជាមួយនឹងអ្នកមីងសើុងធីហ្វាង។ ក្រោយពី ២ លើកដែលគណៈកម្មាធិការប្រជាជនឃុំអញ្ជើញភាគីទាំង ២ មកធ្វើការសម្រុះសម្រួល ប៉ុន្តែមិនបានសម្រេច ឃុំក៏បានបញ្ជូនលិខិតចុះមកភូមិដើម្បីស្វែងយល់អំពីមូលដ្ឋានដីធ្លី។ ដោយពង្រីកតួនាទីជាប្រធានភូមិ ទន្ទឹមនឹងនោះ ជាកម្មាភិបាលជនជាតិខ្មែរ មានការយល់ដឹងច្រើនអំពីជីវភាពវប្បធម៌ ទំនៀមទម្លាប់ លោកថាច់ធី បានចុះទៅដល់គ្រួសារទាំង ២ ខាងលើដោយផ្ទាល់ ដើម្បីចលនាបញ្ចុះបញ្ចូល និងធ្វើការសម្រុះសម្រួលបានសម្រេចជោគជ័យ។ លោកថាច់ធី ឱ្យដឹង៖ “ដំបូងឡើយ ខ្ញុំក៏ជួបលំបាក និងចំណាយពេលវេលាច្រើនដើម្បីស្វែងយល់អំពីច្បាប់ដីធ្លី ច្បាប់ស្តីពីស្នងមរតក ពីកម្មាភិបាលយុត្តិធម៌ ពីសៀវភៅ កាសែត និងពីមធ្យោបាយសារគមនាគមន៍ផ្សេងៗទៀត។ មុនពេលអញ្ជើញគ្រួសារទាំង ២ ខាងលើមកចូលរួមធ្វើការសម្រុះសម្រួលនៅភូមិ ខ្ញុំឆ្លៀតឱកាសចុះទៅដល់គ្រួសារនីមួយៗ ជួបសំណេះសំណាលជាមុន និងស្វែងយល់អំពីមតិ គោលបំណងរបស់ពួកគាត់យ៉ាងដូចម្តេច”។
អ្នកមីងសើុងធីហ្វាង ឱ្យដឹង៖ “ខ្ញុំមិនចេះអក្សរ ហើយនិយាយភាសាវៀតមិនបានក្បោះក្សាយទៀតផង ដោយសារបានក្មួយធី ជួយវែកញែក ពន្យល់ជាភាសាខ្មែរ បានជួយឱ្យខ្ញុំយល់កាន់តែច្បាស់ជាងអំពីច្បាប់ដីធ្លី ហើយគាត់ទទួលធ្វើបែបបទបំបែកក្បាលដីជូនគ្រួសារ ម្ល៉ោះហើយខ្ញុំស្ងប់ចិត្ត និងចែកដី ០,៥ កុងដល់បងសើុងស៊ុង”។
លោក ង្វៀងខាញ់ហ្វា លេខាគណៈកម្មាធិការបក្សឃុំង៉ាយស្វៀង បញ្ជាក់ឱ្យដឹង៖ “ជាមួយនឹងទង្វើជាក់ស្តែងផ្តើមពីការកសាងទម្រង់ “ទទួលពលរដ្ឋ” នៅថ្ងៃចន្ទរាល់សប្តាហ៍ លោកថាច់ធី ស័ក្តិសមជាមួយនឹងតួនាទី ភារកិច្ចដែលគណៈកម្មាធិការបក្សប្រគល់ជូន។ គាត់មិនត្រឹមតែជាប្រធានភូមិជិតស្និទ្ធ រួសរាយរាក់ទាក់ និងទទួលបានការជឿទុកចិត្ត ស្រឡាញ់រាប់អានប៉ុណ្ណោះទេ នៅទាំងជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំ បានម្ចាស់ឆ្នោតជឿទុកចិត្តបោះឆ្នោតជ្រើសជាតំណាងដល់មតិ គោលបំណងរបស់ខ្លួនក្នុងអាណត្តិកាល ២០២១-២០២៦ ទៀតផង”៕
សើុងម៉ាល័យ-វិមាន